ក្រសួងបរិស្ថាន ប្រកាសរៀបចំព្រឹត្តិការណ៍រត់ប្រណាំង លើភ្នំគូលេនលើកដំបូង
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសរៀបចំព្រឹត្តិការណ៍រត់ប្រណាំង និងថ្មើរជើងបែបផ្សងព្រេងលើកដំបូង នៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលេន ខេត្តសៀមរាប ដែលមានឈ្មោះថា Kulen Mountain Trek-Run ដោយគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។
លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី០៣ ខែកញ្ញាថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ផ្សារភ្ជាប់នឹងបរិស្ថានលើកដំបូងនេះ រៀបចំឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Green-G8 ដោយបែងចែកជា ២វិញ្ញាសា គឺរត់ចម្ងាយ ១៨គីឡូម៉ែត្រសម្រាប់អ្នកជំនាញ និងការរត់លក្ខណៈកម្សាន្ដចម្ងាយ ៨គីឡូម៉ែត្រ។
លោកថា គោលបំណង នៃការរៀបចំកម្មវិធី Kulen Mountain Trek-Run គឺដើម្បីលើកកម្ពស់សម្បត្តិធម្មជាតិ និងវប្បធម៌ នៅតំបន់ប្រវត្តិសាស្ដ្រ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលេន ដែលទាមទារឲ្យមានការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍន៍តំបន់នេះ កាន់តែមានភាពទាក់ទាញថែមទៀត ពិសេសគឺការចូលរួមសម្អាតបរិស្ថានតែម្ដង។
ដើម្បីធានាបាននូវបរិស្ថានស្អាតក្នុងព្រឹត្តិការណ៍ខាងលើ គណៈកម្មការនឹងមិនត្រូវឲ្យអ្នករត់ ប្រើប្រាស់សម្ភារៈផលិតពីប្លាស្ទិកនោះទេ សូម្បីដបទឹកសុទ្ធ ដោយជំនួសមកវិញនូវដបបរិស្ថាន ដែលផ្ដល់ជូនដោយគណៈកម្មការ។ មិនតែប៉ុណ្ណោះ ក្រោយចប់កម្មវិធីរត់ ក្រសួងបរិស្ថាន ក៏នឹងមានរៀបចំពិធីដាំកូនឈើ តាមរយៈការចូលរួមផ្ទាល់ ពីអ្នកចុះឈ្មោះចូលរួមផងដែរ ។ លោក សៅ សុភាព បន្ថែម។
ទន្ទឹមជាមួយគ្នាលោក Jessie Atienza តំណាងក្រុមហ៊ុន Green-G8 ដែលទទួលបន្ទុករៀបចំព្រឹត្តិការណ៍នេះ បានបញ្ជាក់ថា ជុំវិញការចុះឈ្មោះចូលរួមវិញ គឺតម្រូវឲ្យបង់ប្រាក់មួយចំនួន ទាំងខ្មែរ និងបរទេស សម្រាប់គណៈកម្មការរៀបចំនូវសម្ភារៈ និងមធ្យោបាយធ្វើដំណើរជូនដល់អ្នកចូលរួមទាំងអស់វិញ ប៉ុន្ដែជំហានដំបូង នៃការរៀបចំនេះ គណៈកម្មការនឹងទទួលចុះឈ្មោះត្រឹម ៣០០នាក់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា មុនប្រកាសកាលបរិច្ឆេទផ្លូវការ ដើម្បីរៀបចំព្រឹត្តិការណ៍ Kulen Mountain Trek-Run ម្មវិធីនេះ ត្រូវបានពន្យាពេល ២លើករួចមកហើយ ដោយសារវិបត្តិកូវីដ-១៩ ពោលគឺលើកទី១ គ្រោងធ្វើនៅខែកក្កដា និងលើកទី២ គ្រោងធ្វើនៅខែតុលា តែចុងក្រោយ គណៈកម្មការ បានសម្រេចរៀបចំនៅថ្ងៃទី១៤ ខែវិច្ឆិកាវិញ ហើយបើការរៀបចំលើកដំបូងនេះ ទទួលបានជោគជ័យ ក្រសួងបរិស្ថាន នឹងបន្ដរៀបចំជារៀងរាល់ឆ្នាំ៕