ឧកញ៉ា សៀ ឫទ្ធី នឹងជួយទាំងធនធានមនុស្ស និងហិរញ្ញវត្ថុ ដល់សហគ្រិនដែលចូលក្នុង SME Cluster

ខេត្តកណ្តាល៖ នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ​ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ​ឯកឧត្តម មាន សុភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ​ឯកឧត្តម កិត្តិសេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានបំពេញទស្សនកិច្ចចុះពិនិត្យទីតាំង​​ដំបូងរបស់គម្រោង​បណ្ដុំ​សហគ្រាស​ធុនតូចនិងមធ្យម ដែលអភិវឌ្ឍន៍ដោយ ក្រុមហ៊ុន Worldbridge Industrial Developments Co., Ltd.។

គម្រោងដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ២១ ភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅជាប់គម្រោងលំនៅឋានតម្លៃសមរម្យទីក្រុង​រណបសិរីមង្គល ជិតគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី និងនៅក្បែរ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣​ គឺត្រូវបាន​ចាត់ទុកថាជា គម្រោងបណ្ដុំសហគ្រាស ធុនតូច និងមធ្យម ដែលជាដំណោះ​ស្រាយ​យុទ្ធសាស្រ្ត ប្រកបដោយ​នវានុវត្តន៍ សម្រាប់ការអភិវឌ្ឍន៍វិស័យ ឧស្សាហកម្ម និង​សហគ្រាស​​ធុនតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជា។

លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុនវើលដ៏ប្រ៊ីដ បានថ្លែងថា បណ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) នឹងជួយទាំងផ្នែកធនធានមនុស្ស និង​ធនធានហិរញ្ញវត្ថុ ដល់សហគ្រិនទាំងឡាយណា ដែលចូលទៅក្នុងតំបន់នេះ បើទោះបីជា​ស្ថានភាពនៃការកើតឡើងរបស់ជម្ងឺ Covid 19 និងការដកចេញដោយផ្នែក​ នូវ​ប្រព័ន្ធ​អនុគ្រោះ EBA ពេលវេលាបច្ចុប្បន្ននេះ គឺសំខាន់ជាងពេលណាៗទាំងអស់ ដែលកម្ពុជា​ចាំបាច់ត្រូវតែ​បន្ថែមល្បឿន នៃការអនុវត្តន៍ យុទ្ធសាស្រ្តធ្វើពិពិធកម្មឧស្សាហកម្ម និង ការ​អភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម​​ ដើម្បីអាចមានមូលដ្ឋាន សេដ្ឋកិច្ចពឹងអាស្រ័យ​លើ​ខ្លួន​ឯង និងក៏ដើម្បីទ្រទ្រង់ការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។​ គម្រោងបណ្ដុំ សហគ្រាស​ធុនតូចនិងមធ្យម គឺត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ខាងលើនេះ និងដើម្បីជា​ដំណោះ ស្រាយដ៏មានប្រសិទ្ធភាព ក្នុងការសម្រេចបាននូវគោលដៅខាងលើនេះ ព្រមទាំង​គោលដៅនៃយុទ្ធសាស្រ្តចតុ កោណរបស់រាជរដ្ឋាភិបាល។ ប្រព័ន្ធគោលឧស្សាហកម្ម៤.០ ដ៏វិសេសរបស់គម្រោង នឹងលើកកម្ពស់សមត្ថភាពកម្មន្តសាល និង សមត្ថភាពការគិត​របស់​កម្ពុជា ដែលនាំឲ្យយើងអាចបោះជំហានពីស្ថានភាពនៃ​ប្រព័ន្ធ​គោល ឧស្សាហកម្ម២.០ នាពេលបច្ចុប្បន្ន ទៅកាន់ប្រព័ន្ធគោលឧស្សាហកម្ម៤.០ ជាសាកល​សម្រាប់ពេលអនាគត។ ការបង្កើតឡើងឲ្យមានបរិយាកាសអំណោយផលបែបនេះ នោះ​ប្រទេស​កម្ពុជានឹងអាច​បណ្តុះបណ្តាលបន្ថែម និងប្រើប្រាស់កម្លាំងពលកម្មវ័យក្មេងដ៏ច្រើន បានកាន់តែប្រសើរឡើង ក៏ដូចជាការធ្វើសមាហរនកម្មវិស័យបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងទំនាក់ទំនង ប្រកបដោយ​ទេព្យកោសល្យ និងលើកកម្ពស់ជំហាននៃសហគ្រិនភាព​របស់ខ្លួន ក្នុងការអភិវឌ្ឍន៍ ផលិតផលថ្មី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិង​ទំនាក់ទំនង ធនធានកសិកម្ម និង​ធនធានធម្មជាតិរបស់ខ្លួន​។​

បណ្តុំសហគ្រាសធុនតូចនិងមធ្យមផ្អែកលើប្រព័ន្ធគោលឧស្សាហកម្ម i4.0 ដែលមានលក្ខណៈ​ខុស​ប្លែកពី តំបន់ សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម ឬចង្កោមសហគ្រាសដែលមាន​សព្វថ្ងៃនេះ គឺជាដំណោះស្រាយប្រកបដោយ នវានុវត្តន៍ដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ឧស្សាហកម្ម និងដើរតួជាយាន្តដែលអាចជួយឲ្យសម្រេចបានកាន់តែ ងាយស្រួលនូវ​គោល​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតការងារផ្អែកលើជំនាញ ការអភិវឌ្ឍន៍ សហគ្រាសធុនតូចនិងមធ្យម ការពង្រីកការកែឆ្នៃផលិតផលកសិកម្ម និងការធ្វើពិពិធកម្ម​ឧស្សាហកម្ម អ្វីដែលសំខាន់ជាងគេនោះគឺថាបណ្តុំសហគ្រាសធុនតូចនិងមធ្យមនេះ នឹង​នាំ​មកនូវអនាគតមួយថ្មីសម្រាប់ សហគ្រាស ធុនតូចនិងមធ្យម សហគ្រិន និងការវិនិយោគលើ​វិស័យបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង ក៏ដូចជាការវិនិយោគ លើ វិស័យផលិតកម្ម​នៅក្នុង​ប្រទេសកម្ពុជា ដោយនាំវិស័យទាំងអស់នេះ ឲ្យចូលរួមក្នុងខ្សែរសង្វាក់ផលិតកម្មបានពេញ​លេញ និងប្រកបដោយការសហការ​និងប្រកួតប្រជែង។

លោក Charles Esterhoy នាយក​ប្រតិបត្តិនៃក្រុមហ៊ុន Worldbridge Industrial Developments Co., Ltd ដែល គឺជាស្ថាបនិកនិង​ជាអ្នកបង្កើតគម្រោងនេះ បានយល់ច្បាស់ថាដំណោះស្រាយ ក្នុងការផ្សារភ្ជាប់គម្លាតរវាងអ្នក វិនិយោគផ្នែកផលិតកម្មអន្តរជាតិ និងសហគ្រាសធុនតូចនិងមធ្យមក្នុងប្រទេសរបស់យើង​នោះ​គឺ ចាំបាច់ត្រូវតែ បង្កើតឡើងនិងដាក់ចេញនូវខ្សែចង្វាក់ផលិតកម្មពេញលេញមួយ ស្ថិតក្នុងប្រព័ន្ធបរិក្ខា សម្របសម្រួ​​ល សេវាកម្ម​ គាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​និង​ទំនាក់ទំនង ​ដែលមានលក្ខណៈបត់បែននិងឆ្លើយតបខ្ពស់​។ ដោយប្រើ ប្រាស់នូវបច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០ និងបញ្ចូលនូវបច្ចេកទេសគ្រប់គ្រង​បែបសកម្ម ខ្សែចង្វាក់ផលិតកម្ម និង ប្រព័ន្ធទាំងនេះ ត្រូវបានផ្សាភា្ជប់ជាមួយគ្នា​​ ដើម្បីអាចផលិតបាននូវទិន្នផលដែលមាន​តម្លៃខ្ពស់ សម្រាប់ទីផ្សារ ក្នុងស្រុកនិងក្រៅប្រទេស។ ដំណើរការសាងសង់នៃបណ្ដុំសហគ្រាសធុនតូច និងមធ្យមទីមួយនេះនឹងចាប់ផ្ដើមឡើងនៅ​ក្នុងខែតុលា ឆ្នាំ​២០២០ ហើយគ្រោងនឹងចាប់ដំណើរការជាផ្លូវការនៅក្នុងខែ​មេសា ឆ្នាំ២០២១​ខាងមុខ។

លោក ឧកញ្ញា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុនវើលដ៏ប្រ៊ីដ  បានគូស​បញ្ជាក់​ថា គម្រោង បណ្តុំសហគ្រាសធុនតូចនិងមធ្យម និងគម្រោងលំនៅឋានតម្លៃសមរម្យ​ដែលនៅជាប់គ្នានេះ នឹងផ្តល់ផល ប្រយោជន៍ ទាំងផ្នែកសង្គមនិងសេដ្ឋកិច្ចឲ្យគ្នាទៅវិញ​ទៅ​មក ដែលវានឹងនាំមកនូវគុណតម្លៃ កាន់តែប្រសើរឡើង សម្រាប់សហគមន៍ និងប្រជាពលរដ្ឋ​ដែលរស់ទីនេះ  សហគ្រាសផលិតកម្មធុនតូច និង មធ្យម និងវិនិយោគិនក្នុង ទីតាំង​គម្រោង​នេះ​។ ​ក្នុងន័យនេះ រាល់សម្ភារៈ និងគ្រឿងបរិក្ខារនានា ដែលផ្ដល់ជូនដោយគម្រោងទាំងពីរ នឹងបម្រើ និងបន្ថែមនូវអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ហើយស្របពេលជាមួយគ្នានោះ វា​ក៏​នឹងជួយពង្រីក នូវការ ប្រើប្រាស់ដីនិង​លើកកម្ពស់សោភ័ណភាពស្ថាបត្យកម្មក្នុងតំបន់​ទាំងមូល។ ជាឧទាហរណ៍ បណ្ដុំ សហគ្រាស ធនតូចនិងមធ្យម នឹង មិនត្រឹមតែបង្កើតនូវ​ការងារ និងឱកាសអាជីវកម្មសម្រាប់ប្រជាពលរដ្ឋ ដែល រស់នៅក្នុងសហគមន៍នោះ​ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងដើរតួជាមជ្ឈមណ្ឌលហ្វឹកហាត់ការងារនិងអភិវឌ្ឍន៍ជំនាញ ដែលអាច​ផ្ដល់នូវផលប្រយោជន៍ទៅដល់ សហគមន៏ទាំងមូល។ ស្រដៀងគ្នានេះដែរ តំបន់លំនៅឋាន​និង ពាណិជ្ជកម្ម ក៏ដូចជាសួនច្បារ និងទីតាំង សាធារណៈក្នុងគម្រោងលំនៅឋានតម្លៃ​សមរម្យ​​នឹង​បម្រើ ឲ្យគ្រួសារ ដែលរស់នៅក្នុងគម្រោងផ្ទាល់ ក៏ដូចជាកម្មករ និង បុគ្គលិក​ទាំងអស់​ដែលធ្វើការនៅក្នុងបណ្ដុំ សហគ្រាសធុនតូច និងមធ្យម៕

អត្ថបទដែលជាប់ទាក់ទង