ឯកឧត្តម តេង សាវង្ស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមពិធីកាន់បិណ្ឌ វេនទី៩ នៅវត្តមហាមន្ដ្រី

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរ វេនទី០៩ ឯកឧត្តម សន្ដិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងបច្ច័យ សម្រាប់ប្រារព្ធធ្វើនូវពិធីកាន់បិណ្ឌវេនទី៩ និងប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តមហាមន្ដ្រី ស្ថិតនៅសង្កាត់អូឡាំពិត ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នាឱកាសដ៏ប្រពៃថ្លៃថ្លានោះ ឯកឧត្តម តេង សាវង្ស ព្រមទាំង ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ បានអញ្ជើញបូជាថ្វាយនូវគ្រឿងសក្ការៈ និងធ្វើកិច្ចនមស្ការចំពោះព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមគ្គផល មហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ឥស្សរជន និងបុព្វបុរសដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិ មន្ត្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីទៅកាន់បរលោក។
ក្នុងនាឱកាសបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរវេនទី០៩នេះ ឯកឧត្តម តេង សាវង្ស បាននាំយកនូវបច្ច័យ និងទេយ្យវត្ថុរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ រួមជាមួយបច្ច័យរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មួយចំនួនសម្រាប់ប្រគេនដល់វត្តផងដែរ៕ ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទដែលជាប់ទាក់ទង