សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញក្នុងវេនកាន់បិណ្ឌទី៩ នៅវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅសង្កាត់ព្រែកថ្មី
ភ្នំពេញ៖ ក្នុងឱកាសវេនកាន់បិណ្ឌទី៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យទៅកាន់បិណ្ឌវេនទី៩ នៅវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ៩រោជ ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវនឹងវេនកាន់បិណ្ឌទី៩ ស្របពេលដែលប្រជាពលរដ្ឋជាពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ រីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេនព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានវេរប្រគេនព្រះសង្ឃ នូវចង្ហាន់ បច្ច័យ ទេយ្យទាន ដើម្បីឧទ្ទិសនូវផលានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតារបស់សម្តេច គឺ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី, មហាឧបាសក លីន គ្រី, មហាឧបាសិកា ឌី ប៉ុក, អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ព្រមទាំងវិញ្ញាណក្ខន្ធបុត្រច្បងរបស់សម្តេច សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់អស់លោកទាំងនោះបានទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រេីន រស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតរៀងទៅ។
សូមបញ្ជាក់ថា ទេយ្យទានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ក្នុងឱកាសកាន់បិណ្ឌវេនទី៩ នាវត្តចំពុះក្អែក មានដូចខាងក្រោម ៖
១. ទេយ្យទានចំនួន ២២មុខ ៖ អង្ករ ទឹកក្រូច ទឹកសុទ្ធអេវីយ៉ង់ ទឹកសណ្តែក ទឹកត្រឡាច ទឹកគូលែន ទឹកបាកាស ទឹកដោះគោខាប់ ស្ករស កាកាវ មៀនកំប៉ុង តែ នំធុង ត្រីខ ត្រីងៀត សាច់ក្រក មីយេីង ផ្លែឈេី នំ អាល់កុល ម៉ាស់ពាក់មុខ និងក្រណាត់សរួមជាមួយថវិកា៥ម៉ឺនរៀល។
២. ប្រគេនព្រះសង្ឃ ១៨០អង្គ ក្នុងមួយអង្គ ៗបច្ច័យ ៥ម៉ឺនរៀល។
៣. ជូនយាយជី តាជី ១៧០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ៥ម៉ឺនរៀល។
៤. បច្ច័យកាន់បិណ្ឌ ចំនួន ៥លានរៀល និងបច្ច័យរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ។
ដោយឡែក បច្ច័យចូលរួមពីពុទ្ធបរិស័ទក្នុងឱកាសនេះមានសរុបចំនួន ១៩ ៨៤០ ០០០រៀល និង ៣៦ ៨៥០ដុល្លារអាមេរិក៕