ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ចំនួនជាង ៤០០នាក់
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ចំនួនជាង ៤០០នាក់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងអំណរគុណ និងដឹងគុណដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងនិវត្តន៍ជនដូចគួសបញ្ជាក់ថាជារៀងរាល់ឆ្នាំយើងធ្វើការជួបជុំគ្នារយៈពេលពីរដង គឺនៅមុនបុណ្យចូលឆ្នាំខ្មែរ និងមុនបុណ្យភ្ជុំបិណ្ឌ ព្រមទាំងបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ផ្នែកដែលបានបំពេញតួនាទីភារកិច្ចបានល្អនារយៈពេលកន្លងមក។ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានិងនិវត្តន៍ជន។ក្រោមម្លប់សន្តិភាពប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការកើនឡើងធានាបាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចជាតិ ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា មន្ត្រីនិវត្តន៍ជនបានចូលរួមឆ្លងកាត់ការលំបាកក្នុងអតីតកាល និងរៀបចំស្ដារឡើងវិញប្រព័ន្ធរដ្ឋបាល នេះការចាប់ផ្ដើមដំបូងឆ្លងកាត់ការលំបាកជួបប្រទះព្យុះភ្លៀងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ន។ផ្តើមចេញពីកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយបញ្ចេញសាច់ប្រាក់ជួយប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និង គោលនយោបាយជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រដោយមិនមាន ការបង់ប្រាក់ថែមទៀតផង ហើយសមិទ្ធិផលដែលកើតមានមកដល់សព្វថ្ងៃនេះ គឺបានមកពីការចូលរួមរបស់ពូមីងជានិវត្តន៍ ជនរបស់យើង ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមន្ត្រីរាជការ ទី១.មិនត្រូវមើលស្រាល និងកុំភ័យខ្លាចជំងឺកូវីដ១៩ ព្រោះពិភពលោកកំពុងតែមានការចម្លង និងមានមនុស្សស្លាប់នៅឡើយ ម្យ៉ាងទៀតក្នុងរដូវភ្ជុំបិណ្ឌ កាន់បិណ្ឌយើងត្រូវតែរក្សាគម្លាតសុវត្ថិភាព អនុវត្តនូវគោលការណែនាំរបស់ក្រសួងសុខាភិបាល ទី២.ចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោក ទី៣.អំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋត្រូវធ្វើជាគំរូ ដើម្បីភាពស្អាត បរិស្ថានល្អ ការវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ។ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បានឧបត្ថម្ភថវិកាជូនមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីចូលនិវត្តសាលាខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ៕