សម្ដេចតេជោ ហ៊ុន សែន លើកឡើងនូវគំនិតមួយចំនួនក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងខណៈប្រទេសទាំងអស់កំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិនៃជំងឺ កូវីដ-១៩
ភ្នំពេញ៖ ក្នុងខណៈដែលប្រទេសទាំងអស់កំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីវិបត្តិនៃជំងឺ កូវីដ-១៩នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើឡើងនូវគំនិតមួយចំនួន ដើម្បីឱ្យប្រទេសកំពុងអភិវឌ្ឍន៍អាចបន្តកសាងអនាគតប្រកបដោយចីរភាព។
ក្នុងសុន្ទរកថាគន្លឹះ ថ្លែងក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមប្រធានបទ៖ «ការកសាងឆ្ពោះទៅមុខប្រកបដោយចីរភាព នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន» តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បាន និងកំពុងបង្កើនការព្រួយបារម្ភ និង ភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក។ប្រការនេះ បានធ្វើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្លាយជាបញ្ហារួមរបស់យើងទាំងអស់គ្នា ទោះបីជាប្រទេសយើងនីមួយៗកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ។
សម្ដេចតេជោបានលើកឡើងនូវគំនិតមួយចំនួន ដែលក្នុងនោះរួមមាន ទី១. ការកាត់បន្ថយនូវផលប៉ះពាល់ និងធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយរក្សាលំនឹងផលិតកម្ម កិច្ចដំណើរការនៃធុរកិច្ច និងការវិនិយោគនានា គឺជា ការងារដ៏សំខាន់ដែលរដ្ឋាភិបាលនីមួយៗ ត្រូវតែប្រឹងប្រែងអនុវត្តន៍ឱ្យបានជាអតិបរមា។ ដើម្បី គោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមុតស្រួច និងបន្ទាន់ចំនួន ៥ជុំរួចមកហើយៗកំពុងតែបន្តតាមដានសភាពការណ៍ ប្រកបដោយការយកចិត្តទុកដាក់ ខ្ពស់ ដោយត្រៀមដាក់ចេញនូវវិធានការជាក់ស្តែងថែមទៀត តាមការចាំបាច់។ ទី២. ទស្សនវិជ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេសនីមួយៗ។ លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាមិនបានបន្ថយល្បឿននៃការងារកែទម្រង់របស់ខ្លួននៅក្នុងគ្រប់វិស័យនោះឡើយ ផ្ទុយទៅវិញគោលដៅរបស់យើង គឺបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ។ តាមរយៈការបង្កភាពងាយស្រួល និងការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេស។ ទី៣. ជំងឺកូវីដបាននាំមកនូវផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុសាធារណៈ ជាពិសេសចំណូល រដ្ឋ ។ ការបាត់បង់ចំណូលបានទាមទារឱ្យរដ្ឋាភិបាលដាក់ចេញយន្តការថ្មីៗ ដើម្បីកៀរគរ ធនធានហិរញ្ញវត្ថុ ដែលអាចយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍនាពេលអនាគត។ ដើម្បីសម្រេច បានគោលដៅនេះ សម្តេចតេជោយល់ឃើញថា ការចាប់ដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន គឺ ជាយន្តការស្នូលមួយមិនអាចខ្វះបាន ដែលនឹងជួយសម្រួលដោះស្រាយការលំបាកផ្នែកហិរញ្ញ វត្ថុរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ទាំងនៅក្នុងអំឡុង និងក្រោយវិបត្តិនេះ។ ទី៤. នៅក្នុងបរិការណ៍ដ៏លំបាកនេះ ដើម្បីធានាជំរុញការកែទម្រង់របស់ខ្លួនទៅមុខ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការចាំបាច់នូវកិច្ចសហការជាសកល ពោល គឺ ការរក្សានូវភាពជាដៃគូ ទាំងទ្វេភាគី និងពហុភាគី សំដៅធានាបាននូវបរិស្ថាននៃការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពក្នុង តំបន់ និងពិភពលោក ។ ជាមួយគ្នានេះផងដែរ ការពង្រឹងនិងរក្សាបាននូវលំហូរនៃការវិនិយោគ ទេសចរណ៍អន្តរជាតិ និងលំហូរដោយសេរី និងរលូន នូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ជាពិសេស ចរាចរណ៍នៃទំនិញចាំបាច់ ដូចជា ស្បៀងអាហារ និងបរិក្ខារពេទ្យ គឺជាកត្តាដ៏សំខាន់សម្រាប់ធានាស្ថិរភាព សុវត្ថិភាព លំនឹងជីវភាពសង្គមនិងកិច្ចដំណើរការឡើងវិញនៃច្រវាក់ផ្គត់ផ្គង់និងផលិតកម្ម នៅក្នុងកម្រិតប្រទេសនីមួយៗ ក៏ដូចជាក្នុងកម្រិតតំបន់ និងពិភពលោក។ ទី៥. យើងទាំងអស់គ្នាត្រូវតែបន្តខិតខំពង្រឹងសកលភាវូបនីយកម្ម ដែលកន្លងមក បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបានបង្កើតលក្ខខណ្ឌមិនធ្លាប់មាន សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ។ ក្នុងបរិការណ៍នេះ យើងត្រូវតែធានាឱ្យបានថា យន្តការកិច្ចសហប្រតិបត្តិ ការរបស់យើង នៅតែរក្សាបាននូវស្មារតីបើកចំហ និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជា ពិសេស ការពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើង សម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ទី៦. ដោយមិនបង្អែរបង្អង់ យើងត្រូវនាំគ្នាគិតគូរជាយុទ្ធសាស្ត្រ អំពីកិច្ចការស្តារ និង ជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់ តាមរយៈការពន្លឿននូវការអនុវត្តផែនការ និងយន្តការនានាដែលមានស្រាប់ និងដែលត្រូវបានរៀបចំ បន្ថែមឱ្យបានលឿន និង ឱ្យមានប្រសិទ្ធភាពខ្ពស់។ ទី៧.ក្នុងកម្រិតសកល យើងត្រូវតែបន្តធានាឱ្យបាននូវនិរន្តភាពនៃការផ្តល់ជំនួយ អន្តរជាតិ ជាពិសេស ជំនួយផ្នែកហិរញ្ញវត្ថុចំពោះប្រទេសកំពុងអភិវឌ្ឍ ដើម្បីបន្តជំរុញចលនការ នៃការងារកែទម្រង់ប្រកបដោយចីរភាព ដែលជារបៀបវារៈឆ្នាំ ២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ចំពោះការផ្តល់កិច្ចសហការប្រកបដោយបុរេសកម្ម និងការផ្តល់នូវជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ដែលបានជួយឱ្យកម្ពុជាអាចគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ៕ by AKP(ជឹម ណារី)