ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព បានដាំកូនឈើចម្រុះជាប្រភេទឈើប្រណិត ៥០០ដើម ដើម្បីស្ដារគម្របព្រៃឈើឡើងវិញ
ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមដាំកូនឈើ ដើម្បីស្តារគម្របព្រៃឈើឡើងវិញនៅជុំវិញសំបុកទាព្រៃស្លាបស ជាពិសេសត្រូវរួមគ្នាការពារព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពឱ្យបានល្អដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ដ។
ថ្លែងក្នុងដំណើរចុះដាំស្ដាព្រៃឈើឡើងវិញ នៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ដ្រ ភូមិសំបូរ ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ស៊ូ សិរី អភិបាលរងខេត្ត បានមានប្រសាសន៍ថាការដាំស្តារព្រៃឈើឡើងវិញនេះមានពីរសហគមន៍ គឺសហកមន៍ការពារធម្មជាតិសំបូរអភិវឌ្ឍន៍ និងសហគមន៍អភិវឌ្ឍន៍ព្រៃវែង ដែលមានផ្ទៃដី ៥ហិកតា ខណៈដែលបច្ចុប្បន្នព្រៃឈើកំពុងរងការកាប់ទន្ទ្រានដោយខុសច្បាប់ពីសំណាក់ជនខិលខូចមួយចំនួន បើទោះបីមន្ត្រីជំនាញបានខិតខំការពារ និងទប់ស្កាត់យ៉ាងណាក៏ដោយ ។
បន្ថែមពីនេះទៀត លោក ស៊ូ សិរី ក៍បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើដើម្បីចាប់យកដីព្រៃធ្វើកម្មសិទ្ធិ និងសម្រាប់លក់ សូមឱ្យបញ្ឈប់ជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើខុសច្បាប់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ជាពិសេសធ្វើឱ្យមហន្តរាយដល់បរិស្ថានធនធានធម្មជាតិ ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ ។
ឯកឧត្តម សូ ខនវិទ្ធីគុណ រដ្ឋលេខាក្រសួងបរិស្ថាន បានឪ្យដឹងថាការរៀបចំឱ្យមានកម្មវិធីដាំកូនឈើនៅថ្ងៃនេះ គឺជាចលនាបំផុសស្មារតីប្រជាពលរដ្ឋ និងយុវជនទាំងអស់ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំកូនឈើ និងការពារព្រៃឈើ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ។ បន្ថែមពីនេះ គឺដើម្បីដាំស្ដារគម្របព្រៃឈើក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ឱ្យមានភាពល្អប្រសើរឡើងវិញបន្ទាប់ពីមានការកាប់ទន្ទ្រានពីជនខិលខូច។
ទន្ទឹមនេះដែរ ឯកឧត្តមក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមដាំកូនឈើ ដើម្បីស្តារគម្របព្រៃឈើឡើងវិញ ជាពិសេសត្រូវរួមគ្នាការពារព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃសហគមន៍របស់ខ្លួនឱ្យបានល្អ ព្រោះព្រៃឈើ និងធនធានធម្មជាតិនៅក្នុងសហគមន៍នេះមានសក្តានុពលទេសចរណ៍ជាច្រើន សម្រាប់ទាក់ទាញឱ្យភ្ញៀវទេសចរស្នាក់នៅកម្សាន្ត នៅក្នុងខេត្តព្រះវិហារបានយូរ ។
ឯកឧត្តមបានបន្តទៀតថា ការដាំដើមឈើគឺធានាបាននូវនិរន្តរភាពក្នុងការចិញ្ចឹមជីវិត និងការរស់នៅប្រកបដោយផាសុកភាព ស្របតាមទស្សនៈវិស័យ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ