Detail Top Banner

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញលើកទឹកចិត្តក្រុមជម្រើសជាតិឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំ ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ មានប្រសាសន៍ កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា ក្រោយពី ប្រារព្ធពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ អាងហែលទឹក និងអាងលោតទឹកពហុកីឡដ្ឋានជាតិ អូឡាំពិក សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានអញ្ជើញ ពិនិត្យការហ្វឹកហាត់ ក៏ដូចជា លើកទឹកចិត្ត ជូនដល់ក្រុមកីឡាករ កីឡាការិនី ជម្រើសជាតិ ក្នុងការត្រៀមខ្លួនឆ្ពោះ ទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ឯកឧត្តម អគ្គលេខាធិការបន្ថែមថា ដំណើរទស្សនកិច្ច របស់សម្តេចពិជ័យសេនា ប្រធាន CAMSOC បានធ្វើឲ្យសហព័ន្ធកីឡាជាតិនានា មានក្តីរំពឹងទុកថា ថ្នាក់ដឹកនាំ នៅកៀកជាមួយគាត់ និងលើកទឹកចិត្ត ជានិច្ចដល់សហព័ន្ធកីឡាជាតិ ក្រុមជម្រើសជាតិ គ្រូបង្វឹកជម្រើសជាតិ នៃដំណើរ ការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំ សហព័ន្ធកីឡាជាតិ ក្រុមកីឡាករ កីឡាការិនី ជម្រើសជាតិនីមួយៗ មានទឹកចិត្ត ស្មារតីមុះមុត នៅក្នុងការត្រៀមខ្លួន ឲ្យកាន់តែល្អប្រសើរ។ ម្យ៉ាងទៀត សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ពិនិត្យឃើញអំពី ហេដ្ឋារចនាសម្ព័ន្ធ ទីលានប្រកួត ទីលានហ្វឹកហាត់ របស់ក្រុមជម្រើសជាតិ ដែលអាចទទួល ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ហើយសម្តេចពិជ័យសេនា ក៏បានវាយតម្លៃខ្ពស់ចំពោះ ហេដ្ឋារចនាសម្ព័ន្ធដែលរៀបរយបានច្រើន ជាពិសេស គឺសម្តេចបានមើលឃើញនូវ មជ្ឈមណ្ឌលជាតិហ្វឹកហាត់ កីឡា នៃក្រសួង អប់រំ យុវជន និងកីឡា ដែលរៀបចំ មានរបៀបរៀបរយ មានកន្លែងហ្វឹកហាត់ កម្លាំងកាយ និងមានកន្លែង ធ្វើការមានលក្ខណៈរឹងមាំ នៃការគ្រប់គ្រងដឹកនាំ ក្រុមជម្រើសជាតិ ក្នុងការត្រៀមខ្លួន ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយភាពជឿជាក់ និងកក់ក្តៅផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងទៀតថា នៅក្នុងដំណើរ អមសម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងជាអនុប្រធាន អចិន្ត្រៃយ៍ CAMSOC បានបង្ហាញនូវទិដ្ឋភាព នៃពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលជាកន្លែងត្រៀម ការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពី ពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថិតនៅ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកនេះ គឺមានការតុបតែងភ្លើង ពាក្យស្លោកបំផុសស្មារតីដល់ក្រុមអ្នកជំនាញ ក្រុមជម្រើសជាតិទាំងអស់ ដូចជាអរគុណសន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខ ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ប្រកបដោយក្តីសង្ឃឹមទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង