សិក្ខាសាលាផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ក្រោមអធិបតីភាពលោកជំទាវ ប្រាក់ ថាវៈភារី អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត និងជាសមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តមអភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តស្វាយរៀង ។
សិក្ខានេះមានការអញ្ជើញចូលរួមពីលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាសម្មភាពជនពិការខេត្តស្វាយរៀង លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តស្វាយរៀង តំណាងកងកម្លាំងទាំងបី មន្ទីរ-អង្គភាពពាក់ព័ន្ធ និងលោក លោកស្រីអភិបាលរងក្រុង-ស្រុកទាំង៨ ។
លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត បានថ្លែងថាសិក្ខាសាលាផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងជំរុញការធ្វើបរិយាបន្នពិការភាព ទៅក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រសួងស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ធ្វើយ៉ាងណាឲ្យក្រុមគោលដៅដែលជាជនមានពិការភាពទទួលបានអត្ថប្រយោជន៍ ចាកផុតពីអនក្ខរភាព ភាពក្រីក្រ ធានាសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនជនមានពិការភាពគ្រប់រូប និងគ្រប់ប្រភេទ ឈានទៅសម្រេចឲ្យបាននូវគុណភាពជីវិតរបស់បងប្អូនជនមានពិការភាពប្រកបដោយចីរភាព ទោះបីជាកម្ពុជាកំពង់ស្ថិតក្នុងបរិការណ៍ និងកាលៈទេសៈ ទទួលរងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ក្តី ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ ប្រាក់ ថាវៈភារី អគ្គលេខាធិការង នៃអ.ក.ស.ជ បានថ្លែងថា បច្ចុប្បន្ននៅថ្នាក់ជាតិ មានក្រសួង-ស្ថាប័នចំនួន២១ ដែលបានបង្កើតក្រុមការងារសកម្មភាពជនពិការ (ហើយយើងកំពុងបន្តជំរុញក្រសួង ស្ថាប័ន ផ្សេងៗទៀត ស្របទៅតាមប្រកាសលេខ ០០១ ) ចំណែកនៅថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការក៏បានបង្កើតទូទាំង២៥ រាជធានី-ខេត្តហើយដែរ។ ទាំងនេះបង្ហាញពីចេតនាចូលរួមសហការគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនជនមានពិការភាព ដូចជា ៖ ការទទួលយកជនពិការចូលបម្រើការងារទៅតាមអាត្រាកំណត់ ការបង្កលក្ខណៈងាយស្រួល ការរៀបចំនូវការសម្របសម្រួលសមស្របនៅកន្លែងធ្វើការ ការផ្តល់នូវឧបករណ៍ជំនួយដោយឥតគិតថ្លៃរួមនិងការស្តារកាយសម្បទា ការទទួលបានសេវាថែទាំសុខភាពសាធារណៈដោយឥតបង់ប្រាក់ ការផ្តល់អាហាររូបករណ៍សម្រាប់សិស្ស-និស្សិតដែលមានពិការភាព ការផ្តល់បណ្ណក្រីក្រសម្រាប់ជនមានពិការភាពនៅតាមសហគមន៍ ការចេញនូវលិខិតបទដ្ឋានគតិយុត្តដែលចង្អុលបង្ហាញអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅថ្នាក់ក្រោមជាតិ និងការទទួលបានសេវាយុត្តិធម៌ជាដើម ។
លោកជំទាវ បានបន្តថា ទោះបីជាយើងបានសម្រេចនូវលទ្ធផលជាច្រើនលើវិស័យពិការភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ក៏យើងនៅឃើញមាននូវតម្រូវការចាំបាច់របស់បងប្អូនជនពិការជាច្រើនទៀត ដែលយើងទាំងអស់គ្នាត្រូវរួមសហការគ្នាដោះស្រាយ ដើម្បីឈានទៅសម្រេចឲ្យខានតែបាននូវការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣ ដូចទិសស្លោកថា “ធ្វើឲ្យសិទ្ធិកា្លយជាការពិត” ៕
អត្ថបទដែលជាប់ទាក់ទង