វេទិកាផ្សព្វផ្សាយនិងពិគ្រោះ យោបល់នៅខណ្ឌព្រែកព្នៅ ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណ

ភ្នំពេញ៖ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌ ព្រែកព្នៅប្រជាពលរដ្ឋបានលើកឡើងជាសំណួរផ្ទាល់មាត់ចំនួន៩នាក់និងសំណើរសរសេរដាក់ក្នុងប្រអប់សំបុត្រចំនួន​៥២ប័ណ្ណ ដែលសំណើរនិងសំណូមពរទាំងនេះ គឺបានស្នើអោយអាជ្ញាធររាជធានីភ្នំពេញជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាននិងការសូមអោយពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណជាដើម ប៉ុន្តែទោះបីជាយ៉ាង​នេះក្តី ប្រជាពលរដ្ឋមិនបានលើកឡើងពីកង្វល់ពាក់ព័ន្ធបញ្ហាសន្តិសុខនោះទេ។
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញខណ្ឌអាណត្តិទី៣ នៅខណ្ឌព្រែកព្នៅនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងមានប្រជាពលរដ្ឋចូលរួមជាង៤០០នាក់នៅក្នុងវត្តប្រាសាទ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ។
លោក ប៉ា សុជាតិរង្ស បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតឲ្យមានវេទិកាសាធារណៈនេះ ធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋមានឱកាសបានលើកឡើងជាសំណើរ សំណូមពររបស់ពួកគាត់ ដើម្បីឲ្យយើងយកទៅដោះស្រាយជូនពួកគាត់។ លោកបានបន្តទៀតថា ការលើកឡើងរបស់ប្រជាពលរដ្ឋគឺពិតណាស់ថា នឹងធ្វើឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចរបស់យើងបានរកឃើញនូវចំណុចខ្វះខាតដែលខ្លួនត្រូវយកមកបំពេញបន្ថែម ក្នុងការបម្រើជូនប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា រដ្ឋាភិបាលក្រៅពីបង្កើតឲ្យមានវេទិកាសាធារណៈនៅថ្នាក់សង្កាត់ ខណ្ឌ និងថ្នាក់រាជធានីហើយនោះ នៅបានបង្កើតឲ្យមានការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ខណ្ឌនិងថ្នាក់រាជធានីថែមទៀត ដើម្បីទទួលយកការពិគ្រោះយោបល់ជាមួយប្រជារដ្ឋ ខណៈដែលប្រជាពលរដ្ឋមានកង្វល់អ្វីមួយ ហើយការិយាល័យនេះអាចដោះស្រាយជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការបាន ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ផងដែរថា ក្នុងវេទិកានេះប្រជាពលរដ្ឋបានលើកឡើងជាសំណួរផ្ទាល់មាត់ចំនួន ៩នាក់ និងសំណើរសរសេរដាក់ក្នុងប្រអប់សំបុត្រចំមួន ៥២ប័ណ្ណ ហើយសំណើរនិងសំណូមពរទាំងនេះ មានការស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញស្ថាបនាលូ នៅក្នុងភូមិអណ្តូងសង្កាត់ ការស្ថាបនាផ្លូវប្រវែងជាង ១គីឡូម៉ែត្រ ការជម្រុញការផ្តល់អត្តសញ្ញាណប័ណ្ណជាតិខ្មែរឲ្យបានលឿន ការជម្រុញដោះស្រាយបញ្ហាទំនាស់ដីធ្លី វត្តសុវណ្ណធម្មរាជ ក្នុងខណ្ឌព្រែកព្នៅ បញ្ហាដីធ្លីនៅបឹងតាម៉ោក និងស្នើឲ្យទប់ស្កាត់ឡាន​ដឹកដី​បើកបរលឿនៗ។
ចំពោះការស្នើឡើងខាងលើនេះ អាជ្ញាធររាជធានីភ្នំពេញ បានទទួលយក ហើយសន្យាថា នឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕
អត្ថបទដែលជាប់ទាក់ទង