ឯកឧត្ដមអភិបាលខេត្តបាត់ដំបង នឹងចាត់វិធានការបន្ទាន់លើជនល្មើសដែលឈូសឆាយដីព្រៃលិចទឹក និងប្រើអំពើហឹង្សាលើប្រជាពលរដ្ធសហគមន៍
ខេត្តបាត់ដំបង៖ ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចាត់កម្លាំងបញ្ជាការឯកភាពស្រុក ចុះពិនិត្យស្ថានភាព និងស្រាវជ្រាវយកភស្ដុតាងជាបន្ទាន់ ដើ ម្បីកសាងសំណុំរឿងទៅតុលាការ ចំពោះជនល្មើសដែលបានឈូសរានទន្ទ្រានដីព្រៃលិចទឹក ដែលជាតំបន់ហាមឃាត់ និងបានប្រើអំពើហឹ ង្សាដេញបុក ឈូសបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ធ។
លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានដឹកនាំកងកម្លាំងបញ្ជាការឯកភាពស្រុក ចុះទៅពិនិត្យស្ថានភាព នៃការខូចខាតដីព្រៃលិចទឹកតំបន់៣ ត្រង់ចំណុចបឹងក្រពើ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បន្ទាប់ពីមានជនល្មើស យកគ្រឿងចក្រទៅឈូសឆាយបំផ្លាញព្រៃលិចទឹក ជាតំបន់ហាមឃាត់ ជម្រកត្រីពង យកធ្វើកម្មសិទ្ធ ហើយប្រើអំពើហឹ ង្សាមកលើប្រជាពលរដ្ឋ ដើម្បីស្រាវជ្រាវរកភស្ដុតាងបញ្ជូនទៅអាជ្ញាធរខេត្ត។
បើយោងតាមការឲ្យដឹងពីឈ្មោះ ឈឿង ឈី ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា តំបន់ព្រៃលិចទឹកនេះ គឺទឹកលិចជម្រៅ ១ម៉ែត្រកន្លះ ទៅ ២ម៉ែត្រ ជារៀងរាល់រដូវវស្សា ហើយពួកគាត់ដែលរស់នៅក្នុងស្រុកនេះ តែងតែមកនេសាទត្រីចិញ្ចឹមគ្រួសារជារៀងរាល់ឆ្នាំ។ ក៏ប៉ុន្តែពួកអ្នកមានលុយ បានមកលួចឈូសឆាយតាំងពីខែ0៣ឆ្នាំ២០២០ ពួកគាត់បានរាយការណ៍តាមរយៈលោកមេភូមិ តែមិនមានសកម្មភាពអ្វីសោះ ហើយពួកគាត់ក៏បានទូរស័ព្ទទៅលោក គឹម សុផុន នាយសង្កាត់ជលផលបាក់ព្រៀ តែលោកឆ្លើយថា លោកមិនបានចុះទៅទេ ពីព្រោះលោកមិនមានកម្លាំង។ លោក ឈឿង ឈី បានបន្តទៀតថា ដោយសាររដ្ឋអំណាចមិនឃើញគេអើពើជាច្រើនខែមកហើយ នោះពួកគាត់ខ្លាចបាត់បង់តំបន់ព្រៃលិចទឹកនេះ ពួកគាត់ជាប្រជាពលរដ្ឋ ក៏បាននាំគ្នាមកដេកចាំឃ្លាំមើល ដើម្បីកុំឲ្យគេឈូសឆាយព្រៃយកដីនេះអស់រយ:ពេលជាងមួយខែមកហើយ។ សកម្មភាពលួចយកគ្រឿងចក្រចូលឈូសឆាយរបស់ពួកល្មោភដី គេលួចចូលឈូសឆាយនៅពេលយប់។ រហូតដល់យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ឈ្មោះ ផល បានបើកត្រាក់ទ័រមកដេញបុកពួកគាត់ៗ ខំរត់គេចខ្លួន ឈ្មោះផលនោះ បានបើកត្រាក់ទ័រ រុញបំផ្លាញរោងពួកគាត់ និងរុញកំទិចបំផ្លាញគោយន្តកន្ត្រៃរបស់ពួកគាត់ទៀតផង។ គាត់បានបញ្ជាក់ទៀតថា អ្នកដែលមកលួចឈូសឆាយ មានឈ្មោះ រ៉ា ; ឈ្មោះធូរ និង ឈ្មោះផល ។
លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នេះថា លោកបានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាព និងស្រាវជ្រាវរកភស្ដុតាងដល់ទីតាំងហើយ តែការបញ្ជាក់ពីលទ្ធផលយ៉ាងណានោះ លោកមិនអាចបង្ហើបបានទេ ពីព្រោះ និតិវិធីកំពង់ដំណើរការមិនទាន់ចប់។ ដោយឡែកលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានឲ្យអ្នកសារព័ត៌មានយើងដឹងថា ការលួចឈូសឆាយដីព្រៃលិចទឹក ដែលជាតំបន់ហាមឃាត់នេះ ពិតជាមានមែន ហើយសកម្មភាពនេះមានតាំងពីខែ៣ ឆ្នាំ២០២០។ លោកបានសហការជាមួយកម្លាំងអាជ្ញាធរឃុំចុះទៅជាច្រើនដង មិនដែលបានប្រទះជនល្មើសធ្វើសកម្មភាពទេ ពីព្រោះពេលដែលយើងចុះទៅម្ដងៗ ត្រូវបែកការ ម្យ៉ាងមិនមានផ្លូវធ្វើដំណើរទៀតផង បើធ្វើដំណើរតាមទូកទៅមិនបានដោយសាទឹករាក់ ហើយកាលនោះមិនទាន់មានឈូសឆាយទំហំធំយ៉ាងនេះទេ ជនល្មើសទើបសំរុកឈូសក្រោយពេលចូលឆ្នាំ។ លោកនាយខ័ណ្ឌបន្តថា ប្រជាពលរដ្ឋពួកគាត់ស្ម័គ្រចិត្តវិចអង្ករនាំគ្នាជិះគោយន្តកន្ត្រៃទៅដេកចាំឃ្លាំមើលការពារដីព្រៃ ស្រាប់តែផ្ទុះរឿងជនល្មើស បើកត្រាក់ទ័រដេញបុកសម្លាប់ប្រជាពលរដ្ឋទាំងយប់ និងរុញបំផ្លាញរោងដេកចាំ ព្រមទាំងគោយន្តកន្ត្រៃធ្វើឲ្យខូចខាតនៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពីផ្ទុះករណីប្រើអំពើហឹ ង្សានេះ លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ក៏បានដឹកនាំកម្លាំងបញ្ជាការឯកភាពស្រុក ព្រមទាំងកម្លាំងស្ថាប័នពាក់ព័ន្ធ ដែលមានគ្នាជាង៣០នាក់ ចុះទៅចំណុចកើតហេតុ និងពិនិត្យស្ថានភាពនៃការខូចខាតព្រៃលិចទឹក ដើម្បីធ្វើរបាយការណ៍ជូនឯកឧត្ដមអភិបាលខេត្ត ក៏ប៉ុន្តែទំហំការខូចខាតព្រៃលិចទឹកពិតប្រាកដនេះ យើងនៅមិនដឹងនៅឡើយទេ។ លោកបន្តថា បើទោះជាយ៉ាងណា ខណ្ឌរដ្ធបាលជលផល បានប្រជុំពិភាក្សាជាមួយមេឃុំ លោកអភិបាលស្រុក និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំទៅឯកឧត្ដមអភិបាលខេត្ត បង្កើតគណៈកម្មការចុះទៅប្រចាំការនៅតំបន់នោះ នៅរដូវទឹកស្រក ហើយខែទឹកឡើងមិនអាចឈូសឆាយបាន ទើបដកកម្លាំងបណ្ដោះអាសន្ត ពេលទឹកស្រកដាក់កម្លាំងប្រចាំការវិញ។
បើទោះជាយ៉ាងណា ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ឯកឧត្ដមនឹងចាត់វិធានការជាបន្ទាន់ និងកសាងសំណុំរឿងទៅតុលាការ បន្ទាប់ពីស្រាវជ្រាវ វែកមុខរកឃើញជនល្មើសទាំងនោះ៕ ដោយ រ៉ាត់