Detail Top Banner

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់កម្មករក្រុមហ៊ុន ស៊ីនទ្រី ឱ្យបញ្ឈប់ការធ្វើកូដកម្ម កុំយកបញ្ហាសំរាមធ្វើជាចំណាប់ខ្មាំងឲ្យសោះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ក្រុមហ៊ុនសុីនទ្រីទាំងអស់ឲ្យបញ្ឈប់ការធ្វើកូដកម្ម កុំយកបញ្ហាសំរាមធ្វើជាចំណាត់ខ្មាំងតទៅទៀត។
នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងនៅថ្ងៃទី៣ ខែតុលានេះបានធ្វើឡើងបន្ទាប់ពីមានការធ្វើកូដកម្មតវ៉ារបស់បុគ្គលិកក្រុមហ៊ុនសុីនទ្រី ដែលធ្វើឡើងចាប់តាំងពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ បណ្តាលឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ មានការកកស្ទះច្រើន ។
ការធ្វើកូដកម្មនេះ កម្មករបានទាមទារឱ្យក្រុមហ៊ុន ស៊ីនទ្រី ដោះស្រាយនូវ៖ ប្រាក់បំណាច់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់ ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ, ការទាមទារខាងលើនេះអាចទៅរួចបាន លុះត្រាតែក្រុមហ៊ុនបានបញ្ចប់ការងាររបស់ពួកគាត់ ប៉ុន្តែ ជាក់ស្តែង ក្រុមហ៊ុនពុំបានបញ្ចប់ការងាររបស់ពួកគាត់ទេ ក្រុមហ៊ុនកំពុងតែដំណើរការធម្មតា ដូច្នេះការទាមទាររបស់កម្មករក្រុមហ៊ុនស៊ីនទ្រីនេះគឺមិនស្របតាមច្បាប់ស្ដីពីការងារ និងលិខិត បទដ្ឋានគតិយុត្តិទេ។
រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់កម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី ឱ្យបញ្ឈប់ការធ្វើកូដកម្ម ដោយយកបញ្ហាសំរាមជាចំណាប់ខ្មាំងដើម្បីទាមទារលក្ខខណ្ឌដែលខុសច្បាប់ ហើយត្រូវចូលបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមតាមធម្មតាវិញយ៉ាងយូរបំផុតនៅថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០ ជាកំហិត។
បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រកាសជ្រើសរើសកម្មករថ្មី ដើម្បីបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម ដោយមិនទទួលយកកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីឡើយ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យប្រជាពលរដ្ឋ មេត្តាវេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមពេលវេលាដែលបានកំណត់។
ដើម្បីបញ្ចៀសការកកស្ទះសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់វិធានការដោយប្រើប្រាស់រថយន្តដឹកសំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ និងឱ្យអាជ្ញាធរខណ្ឌទាំង ១៤ បញ្ចេញម៉ូតូកង់បីដឹកសំរាម និងកម្លាំងដើម្បីប្រមូលសំរាមនៅតាមមូលដ្ឋានខណ្ឌរៀងៗខ្លួន៕
អត្ថបទដែលជាប់ទាក់ទង