Detail Top Banner

ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-ថៃជាច្រើនគ្រួសាររងគ្រោះទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ ផ្ទះប្រជាពលរដ្ឋនៅតាមព្រំដែនខ្មែរ.ថៃជាច្រើនគ្រួសារត្រូវបាន​លិច​លង់ដោយគ្រោះធម្មជាតិមានទឹកជំនន់ធ្លាក់មកពីប្រទេសថៃ និងទឹកភ្លៀង ស្របពេលដែលកំពុងលិចនោះ ត្រូវបានកម្លាំងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ចុះជួយ​សង្គ្រោះភ្លាមៗនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ មាននៅចំណុចក្នុងភូមិវត្តចាស់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានសង្គ្រោះដោយជួយដឹកជញ្ជូនទាំងសម្ភារៈ និងពលរដ្ឋដល់ទីទួលសុវត្ថិភាព បានទាន់ពេលវេលាមានចំនួន ២៨គ្រួសារ។

លោកវរសេនីយ៍ត្រី ប្លង់ ហឿប មេបញ្ជាការស្តីទី វរសេនាតូចថ្មើរជើងលេខ៥១៣ របស់កងពលតូចថ្មើរជើងលេខ៥១បានប្រាប់អ្នកយកព័ត៌មានដឹងថា នៅភូមិវត្តចាស់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានប្រជាពលរដ្ឋជាច្រើនគ្រួសាររងគ្រោះដោយទឹកធ្លាក់មកពីប្រទេសថៃនិងទឹកនិងទឹកភ្លៀងបណ្តាលឲ្យជំនន់លិចផ្ទះប្រជាពលរដ្ឋលោកបានដឹកនាំកម្លាំងចំនួន ៣៥នាក់ មានរថយន្តតូច ២គ្រឿង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃយកទៅដាក់ទីទួលដោយសុវត្ថិភាពអស់ហើយ។

លោកវរសេនីយ៍ត្រី ប្លង់ ហឿប បានបញ្ជាក់ឲ្យដឹងបន្តទៀតថាកម្លាំងអង្គភាពទាំងបី មានយោធា អាវុធហត្ថ និងនគរបាលមានភារកិច្ចបន្ថែមពីការងារស្នូល គឺជួយដល់ការងារសង្គម ដូចជាចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ មានជំនន់ទឹកភ្លៀង ជាដើម។លោកបានបញ្ជាក់ឲ្យដឹងបន្តថាទន្ទឹមនិងធ្វើកិច្ចការងារការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ កងកម្លាំងត្រូវធ្វើកិច្ចការងារសង្គមឲ្យបានច្រើនផងដែរ ។ក្នុងនោះលោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ពេលមានទឹកជំនន់សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះជាដើមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង