ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា ការលក់ឥណទានកាបូន គឺជាការលើកស្ទួយមុខមាត់ កិត្តិយសរបស់កម្ពុជា នៅលើឆាកអន្តរជាតិ
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍បែបនេះ ក្នុងឱកាសចូលរួមជាអធិបតីក្នុងវេទិកាពិភាក្សាមួយ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន នាព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលជាផ្នែកមួយនៃសិក្ខាសាលាស្តីពី «ពង្រឹងការអភិរក្ស និងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ»។
យោងតាមប្រសាសន៍ឯកឧត្តម នេត ភក្ត្រា ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២០នេះ កម្ពុជាបានលក់ឥណទានកាបូននៅក្នុងទីផ្សារស្ម័គ្រចិត្ត បានថវិកាចំនួន ១១,៦លានដុល្លារ ហើយការលក់ឥណទានកាបូននេះគឺបានលក់នៅក្នុងទីតាំងចំនួនបី រួមមាន ដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ។
ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖ « ការលក់ឥណទានកាបូននេះបានបង្ហាញថា កម្ពុជាការពារបាននូវតំបន់ការពារធម្មជាតិ ក៏ដូចជាធនធានធម្មជាតិបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យកម្ពុជាចៀសផុតពីការលាបពណ៌ថា កម្ពុជាជាប្រទេសដែលកាប់ឈើច្រើនជាងគេ និងបានក្លាយជាប្រទេសដែលឈានមុខគេក្នុងការលក់ឥណទានកាបូន»។
ឯកឧត្តម នេត ភក្ត្រា បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ក្នុងការសហការជាមួយក្រុមឧទ្យានុរក្ស អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយចីរភាព។
កាលពីខែកក្កដា កន្លងទៅនេះ ឯកឧត្ដមរដ្ឋលេខាធិការបានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដឹងថា កម្ពុជាកំពុងតែឈានដល់ការលក់ឥណទានកាបូននៅតំបន់ផ្សេងៗទៀតដូចជា នៅដែនជម្រកសត្វព្រៃព្រៃឡង់នៅក្នុងខេត្តស្ទឹងត្រែង។ ឯកឧត្ដមបានលើកឡើងថា ព្រៃឈើដែលកម្ពុជាមាននេះ គឺវាបានបញ្ចេញកាបូនរាប់លានតោនហើយ ដោយនៅក្នុងមួយតោនៗ លក់នៅក្នុងគម្រោងតម្លៃចន្លោះពី៣ដុល្លារ ទៅ៦ដុល្លារអាម៉េរិក។ ឯកឧត្ដមបានបន្តថា ឥឡូវនេះគឺយើងលក់បានចន្លោះនៅក្រោម១០លានតោននៅឡើយទេ ហើយយើងបានថវិកាប្រមាណ១១,៦លានដុល្លារ ដោយថវិកាដែលទទួលបានពីការលក់កាបូននេះ ត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ ក៏ដូចជាការចូលរួមនៅក្នុងការអភិវឌ្ឍសហគមន៍ការពារធនធានធម្មជាតិ។ ឯកឧត្ដមបានបន្ថែមដែរថា នេះជាផលប្រយោជន៍នៃការលក់ឥណទានកាបូនដែលរក្សាឈើឈរឱ្យបានដើម្បីលក់តួនាទីរបស់ឈើនេះ នៅក្នុងការងារការពារប្រព័ន្ធអេកូឡូស៊ី ការពារប្រព័ន្ធបរិស្ថានរបស់យើងក៏ដូចជាចូលរួមអភិវឌ្ឍសហគមន៍មូលដ្ឋានដែរ។ លើសពីនេះទៀត កម្ពុជាបាននិងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀត ដើម្បីបន្តទិញឥណទានកាបូននេះបន្ថែមទៀត ហើយចំពោះក្រុមហ៊ុន ដែលបានទិញឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត មានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,៣ លានហិកតា ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ សរុបជិត ៧០ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១ ២៦០នាក់ ៕