Detail Top Banner

រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករនិយោជិត នៃក្រុមហ៊ុន ស៉ីនទ្រី មួយចំនួនដែលមិនបានគោរពតាមការព្រមព្រៀង

រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករនិយោជិតរបស់ ក្រុមហ៊ុន ស៉ីនទ្រី មួយចំនួនដែលមិនបានគោរពតាមការព្រមព្រៀង ដូចមានចែងក្នុងកំណត់ហេតុ អង្គប្រជុំ ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ។
រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ កម្មករក្រុមហ៊ុន ស៉ីនទ្រី បន្ដមិនចេញប្រមូលសំរាមតាមការព្រមព្រៀង ក្នុងកិច្ចប្រជុំរកដំណោះស្រាយ កាលពីថ្ងៃម្សិលមិញឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករនិយោជិតរបស់ ក្រុមហ៊ុន ស៉ីនទ្រី មួយចំនួនដែលមិនបានគោរពតាមការព្រមព្រៀង ដូចមានចែងក្នុងកំណត់ហេតុ អង្គប្រជុំ ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
សូមរំលឹកថា ក្នុងអង្គប្រជុំរកដំណោះស្រាយ គ្រប់ភាគីទាំងអស់ ពិសេសកម្មករក្រុមហ៊ុន ស៉ីនទ្រី បានព្រមព្រៀងដូចខាងក្រោម៖
*ទី១៖ ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ
*ទី២៖ ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទើបបីក្រុមហ៊ុនស៉ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ
*ទី៣៖ សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ។
ប៉ុន្ដែជាក់ស្ដែង នៅល្ងាចថ្ងៃទី០៧ ខែតុលា ដដែលកម្មករនិយោជិត ដែលជាអ្នកបើកបរ បានកែប្រែចិត្តមិនព្រមចេញឡានទៅប្រមូលសំរាម តាមការព្រមព្រៀងនោះឡើយ។

បើទោះបីជាយ៉ាងណា ក៏លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅតែអញ្ជើញជួបសំណេះសំណាលជាមួយកម្មករក្រុមហ៊ុន ស៊ីនទ្រីមួយចំនួនធំដែលមានស្មារតីភ្ញាក់រលឹក មិនជឿតាមការញុះញង់របស់មេខ្យល់ លោក ហួត ហៃ ក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ មកចែកជូនផងដែរ។

តាមពិត កម្មកររបស់ក្រុមហ៊ុនសុិនទ្រីភាគច្រើន ដែលជាកម្មករបោស និងកម្មករកើបសម្រាម បានយល់ព្រមចូលធ្វើការឡើងវិញ ព្រោះពួកគាត់ត្រូវការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ មានតែកម្មករគាគតិចប៉ុណ្ណោះ គឺកម្មករបើកឡាន មិនព្រមចេញឡានប្រមូលសំរាម ហើយបន្តធ្វើកូដកម្មដោយទាមទារលក្ខណ្ឌខុសច្បាប់មិនអាចដោះស្រាយបាន បើទោះបីជារដ្ឋបាលរាធានីភ្នំពេញ បានធានាចំពោះពួកគាត់ក៏ដោយ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់លោក ហួត ហៃ បានសរសេរបង្ហោះមុននេះ។
ហើយលោកក៏បាន “សូមអភ័យទោសបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលេស់នៅរាជធានីភ្នំពេញ ចំពោះបញ្ហាសំរាមកកស្ទះច្រើន។
រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងប្រើប្រាស់កំលាំងសរុប មធ្យោបាយសរុប ដើម្បីដោះស្រាយបញ្ហានេះហើយ ប៉ុន្តែពុំទាន់បានឆ្លើយតបទៅនឹងទំហំការងារជាក់ស្តែងនៅឡើយ នឹងខិតខំបន្តដោះស្រាយបន្ថែមទៀតឲ្យទទួលបានជោគជ័យក្នុងពេលឆាប់ៗ។
ថ្ងៃនេះ ខ្ញុំនិង ឯកឧត្តម កើត ឆែ ត្រូវបានឯកឧត្តមអភិបាលរាជធានី ចាត់តាំងឲ្យមកចែកអំណោយអង្កររបស់សម្តេចតេជោ ជូនកម្មករក្រុមហ៊ុនសុិនទ្រី ក្នុងម្នាក់ៗ ២៥គីឡូក្រាម ចំនួនជាង ១០០នាក់ ដែលជាកម្មករកើប និងកម្មករបោស៕”
No photo description available.
អត្ថបទដែលជាប់ទាក់ទង