ស្ត្រីទីមួយរបស់កូរ៉េខាងត្បូងសង្កត់ធ្ងន់ទៅលើតួនាទីរបស់ IVI ក្នុងការប្រយុទ្ធប្រឆាំងជាសកលនឹងជំងឺកូវីដ-១៩

បរទេស៖ កាលពីថ្ងៃអង្គារ ស្រ្តីទីមួយរបស់កូរ៉េខាងត្បូង លោកស្រី Kim Jung-sook បាននិយាយថា តួនាទី និងបេសកកម្មរបស់វិទ្យាស្ថានវ៉ាក់សាំងអន្តរជាតិ (IVI) កាន់តែមានភាពលេចធ្លោជាងពេលណាៗទាំងអស់នៅពេលដែលមានការផ្ទុះឡើងនៃវីរុសនេះ។

លោកស្រីបាននិយាយដូចនេះនៅក្នុងសារជាវីដេអូមួយសម្រាប់វេទិកាប្រចាំឆ្នាំនៃប្រជាជាតិនានាជាដៃគូរបស់អង្គការដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ដែលត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ។ លោកស្រី Kimមានតួនាទីជាប្រធានកិត្តិយសនៃគណៈកម្មាធិការគាំទ្រ IVI របស់កូរ៉េខាងត្បូង។

លោកស្រី Kim បាននិយាយថា «នៅពេលដែលពិភពលោកទាំងមូលកំពុងធ្វើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ បេសកកម្មរបស់ IVI គឺត្រូវស្វែងរកអភិវឌ្ឍ និងផ្តល់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យនៅពេលបច្ចុប្បន្ននេះ ដែលវាបានក្លាយជាចំណុចអទិភាពរបស់សហគមន៍ពិភពលោក»។

លោកស្រីបានអំពាវនាវឱ្យមានសាមគ្គីភាពជាអន្តរជាតិដើម្បីជំនះវិបត្តិវីរុសនេះ។

លោកស្រីបាននិយាយថា «តួយ៉ាងដូចជាពលរដ្ឋកូរ៉េខាងត្បូងដែលបានការពារសេរីភាព និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេដោយការពារអ្នកជិតខាងដោយផ្អែកលើស្មារតីសហគមន៍ ដូច្នេះសហគមន៍ពិភពលោកគួរតែរួបរួមគ្នាដើម្បីធានាភាពរុងរឿងសម្រាប់មនុស្សគ្រប់គ្នា»៕ by AKP

អត្ថបទដែលជាប់ទាក់ទង