ប្រជាពលរដ្ឋបានស្ម័គ្រចិត្តចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការរុះរើសំណង់លើដីចំណីទាំងផ្លូវ៣៨ខ្សែ
ខេត្តសៀមរាប៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរាល់ផលប៉ះពាល់លើផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ដោយមានការចូលរួមរបស់ឯកឧត្តម លី រស្មី អគ្គលេខាធិការរង នៃគណៈស្ថាបត្យករកម្ពុជា អស់លោកជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងអស់លោក លោកស្រីក្រុមការងារវាស់វែងទាំង៦ក្រុម និង អាជ្ញាធរក្រុង ចៅសង្កាត់ ចូលរួមផងដែរ ។
តាមសេចក្តីរាយការណ៍លទ្ធផលតាមក្រុមការងារវាស់វែងទាំង ៦ក្រុម ដែលអនុវត្តបានមកត្រឹមថ្ងៃទី១៣ តុលានេះ បានបញ្ជាក់ថា រាល់បញ្ហាដែលប្រជាពលរដ្ឋមានក្បាលដី និងលំនៅដ្ឋានបានប៉ះពាល់លើផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប ដោយម្ចាស់លំនៅដ្ឋានមួយចំនួនបានអនុវត្តន៍ ធ្វើការរុះរើ និងមួយចំនួនមិនទាន់បានរុះរើ ដោយស្ថានភាពប៉ះពាល់ធ្ងន់ធ្ងរ និងម្ចាស់ដី ឬសំណង់នៅក្រៅខេត្ត ។
ក្នុងនោះដែរក្រុមការងារក៏បានលើកផងដែរ អំពីបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានជួប ក្នុងពេលចុះអនុវត្តធ្វើការវាស់វែង កំណត់ជើងម៉ែត្រ ដោយមានម្ចាស់សំណង់មួយ ចំនួនបានធ្វើការបំពាន លើគំនូសជើងម៉ែត្រ ដែលធ្វើឲ្យមានបញ្ហាមួយចំនួនជាមួយក្រុមការងារ ។
ឯកឧត្តម លី រស្មី ក៏បានលើកនូវបទពិសោធន៍មួយចំនួន ដែលបានអនុវត្តនៅខេត្តព្រះសីហនុ ចំពោះការកំណត់ទំហំផ្លូវនិមួយៗ ព្រមទាំងបានផ្តល់នូវអនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្ត និងក្រុមការងារវាស់វែងផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប គឺត្រូវចេះធ្វើការអនុម័តទៅលើរាល់បញ្ហាមួយចំនួន ដែលក្រុមនិមួយៗបានអនុវត្តន៍ ។
នាឱកាសនោះដែរឯកឧត្តម ទៀ សីហា ក៏បានឯកភាពទៅលើរបាយការណ៍ក្រុមការងារវាស់វែង បានលើកឡើង សំខាន់ដោយបានផ្តោតទៅលើបញ្ហាប្រឈម និងសំណូលពររបស់ប្រជាពលរដ្ឋមួយចំនួនបានលើកឡើង ដើមី្បដាក់ជូនទៅគណៈកម្មការអន្តរក្រសួង ដើមី្បធ្វើការត្រួតពិនិត្យ និងសម្រេច ។
ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំមួយចំនួនដល់ក្រុមការងារវាស់វែង បន្តធ្វើការពិនិត្យ ជំរុញនូវគម្រោងផែនការជាប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប ក្នុងគោលដៅបម្រើដល់ប្រជាពលរដ្ឋ សំខាន់លើវិស័យសេដ្ឋកិច្ចទេសចរណ៍ ដោយខេត្តសៀមរាបជាខេត្តគោលដៅសំខាន់ក្នុងវិស័យទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលជាខេត្តដ៏សម្បូរបែបលើវិស័យវប្បធម៌ ដែលមានប្រាង្គប្រាសាទលី្បល្បាញទៀតផង ។ ម៉្យាងទៀតក្នុងគម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបនេះ ក្រុមការងារទាំងអស់ត្រូវបន្តធ្វើ យ៉ាងណាឲ្យទទួលបានជោគជ័យនូវសមរភូមិសតិអារម្មណ៍របស់ប្រជាពលរដ្ឋ និង កិច្ចដំណើរការស្ថាបនាផ្លូវបានជោគជ័យផងដែរ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមសហការជាមួយគណៈកម្មការអន្តរក្រសួង និង រដ្ឋបាលខេត្ត ក្នុងការរុះរើបានទាន់ពេលវេលា ទោះបីក្នុងដំណាក់កាលនេះយើងខ្វះខាតជាងសំណង់ក៏ដោយ ក៏បងប្អូនបានខិតខំ ដើមី្បឲ្យកិច្ចដំណើរការស្ថាបនាផ្លូវក្នុងក្រុងសៀមរាប ឲ្យក្លាយជាទីក្រុងស្រស់ស្អាតប្រកបដោយបរិស្ថានល្អបរិសុទ្ធ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្រោយពេលបញ្ចប់ជម្ងឺកូវីដនេះទៅ ៕