Detail Top Banner

សហព័ន្ធកីឡារាំកម្ពុជា មានសុទិដ្ឋិនិយម ចំពោះការប្រកួតអន្តរជាតិតាមអនឡាញ

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បានសម្ដែងការ ពេញចិត្តជាខ្លាំងចំពោះ ភាពរីកចម្រើន របស់កីឡាករ-កីឡាការិនី វ័យក្មេងកម្ពុជា ដែលធ្វើបានយ៉ាងល្អ ក្រោយចូលរួម ប្រកួតកីឡារាំ អន្តរជាតិ តាមអនឡាញ ដែលរៀបចំ ដោយសហព័ន្ធកីឡារាំ ហ្វីលីពីន កាលពីចុងសប្ដាហ៍កន្លងទៅ។
ការប្រកួតលក្ខណៈបើកទូលាយនេះ គឺមានប្រទេសចូលរួម ជាច្រើនរួមមាន កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជប៉ុន អូស្ត្រាលី ថៃ សិង្ហបុរី រុស្សី ឥណ្ឌា និងម្ចាស់ផ្ទះហ្វីលីពីន ហើយជាលទ្ធផលភាគច្រើន កីឡាករ-កីឡាការិនីកម្ពុជា សុទ្ធសឹង តែទទួលបានចំណាត់ថ្នាក់ ក្នុងនោះដណ្ដើម បានលេខ១ ចំនួន ៤វិញ្ញាសាឯណោះ។ អគ្គលេខាធិការ សហព័ន្ធ ដដែលបន្ថែមថា ទោះបីមិនបានចូលរួម ការប្រកួត ផ្ទាល់ជាមួយគ្នា ដោយសារ វិបត្តិកូវីដ–១៩ តែការប្រកួតនេះ ឆ្លុះបញ្ចាំង ឲ្យឃើញភាពរីកចម្រើន ទាំងសមត្ថភាព និងបច្ចេកទេស របស់កីឡាករ-កីឡាការិនីកម្ពុជា ដែលជាទុនសម្រាប់ ដំណើរឆ្ពោះទៅ ស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
ចំពោះលទ្ធផល ដែលកីឡាករ-កីឡាការិនីកម្ពុជា ទទួលបាន ពីការចូលរួមព្រឹត្តិការណ៍ អន្តរជាតិនេះ រួមមានវិញ្ញាសា Youth Boy 5 Dance-SCRPJ កីឡាករ ជុំ លីហៀង ដណ្ដើម បានលេខ១, វិញ្ញាសា Youth Girl Cha Cha កីឡាការិនី ម៉ូវ ដានីតា ទទួលបានលេខ១ វិញ្ញាសា Adult Open Boy 3 dance- CRJ កីឡាករ សេង សុគីម ទទួលបានលេខ១ និងវិញ្ញាសា Junior1 Girl Cha Cha កីឡាការិនី ឱ រចនី ដណ្ដើមបានលេខ១។ លើសពីនេះ កីឡាករ-កីឡាការិនី វ័យក្មេងកម្ពុជា ក៏ដណ្ដើម បានចំណាត់ថ្នាក់ ពីលេខ២ ដល់លេខ៥ ជាច្រើនវិញ្ញាសា ទៀតផងដែរ។ ចំពោះការប្រកួតនេះ គឺបែងចែកវិញ្ញាសា ជា ២ធំៗ ទី១– វិញ្ញាសា កុមារអាយុក្រោម ៩ឆ្នាំ និងទី២– វិញ្ញាសាកុមារ អាយុលើស ១០ឆ្នាំ៕
អត្ថបទដែលជាប់ទាក់ទង