អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យមើលពីស្ថានភាពកម្ពស់ទឹកអាងទន្លេវ៉ៃគោ និងទំនប់ទប់ទឹកនៅផ្លូវក្រវ៉ាត់ក្រុង ដើម្បីធ្វើការវាយតម្លៃ និងដាក់ចេញនូវវិធានការបន្ថែមក្នុងកិច្ចបង្ការហានិភ័យដែលបង្កដោយជំនន់ទឹកភ្លៀង
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុងស្វាយរៀង និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពកម្ពស់ទឹកអាងទន្លេវ៉ៃគោ និងទំនប់ទប់ទឹកនៅផ្លូវក្រវ៉ាត់ក្រុង ដើម្បីធ្វើការវាយតម្លៃ និងដាក់ចេញនូវវិធានការបន្ថែមក្នុងកិច្ចបង្ការហានិភ័យដែលបង្កដោយជំនន់ទឹកភ្លៀង។
អាស្រ័យដោយភ្លៀងនៅតែបន្តធ្លាក់ដែលបានធ្វើឲ្យកម្ពស់ទឹកនៅតែបន្តកើនឡើងបន្តិចទៀតនៅថ្ងៃនេះ ឯកឧត្ដមអភិបាលខេត្ត បានដាក់ចេញនូវវិធានការបន្ថែមដោយបានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរក្រុងស្វាយរៀង ចាត់ចែងលើកទំនប់នៅផ្លូវក្រវ៉ាត់ក្រុងឲ្យខ្ពស់ថែមមួយកម្រិតទៀត និងរៀបចំបាវខ្សាច់បិទមាត់លូសំខាន់ៗជាប់ផ្លូវក្រវាត់ក្រុង និងដាក់ម៉ាស៉ីនបូមរំដោះទឹកនៅតាមគោលដៅសំខាន់ៗ ចេញពីក្នុងក្រុងក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ជាគំហុក ដើម្បីបង្ការផលប៉ះពាល់នានា និងទប់ទឹកកុំឲ្យហូរកាត់ផ្លូវ និងហូរចូលក្រុងដែលអាចបង្កជាជំនន់ ឬមានការជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមអភិបាលខេត្តបានអំពាវនាវដល់កងកម្លាំង មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមខ្លួនជានិច្ច ២៤ម៉ោង លើ២៤ម៉ោង ចុះអន្តរាគមន៍ជួយសង្គ្រោះ និងឧបត្ថម្ភប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅពេលការជន់លិច និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេ ស្ទឹង និងទីកន្លែងនានាដែលមានហានិភ័យខ្ពស់អាចកើតមានឡើងនូវជំនន់ទឹកភ្លៀង សូមរក្សាសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ត្រៀមខ្លួនជានិច្ចបន្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព រស់នៅដោយអនាម័យ មានការប្រុងប្រយ័ត្នខ្ពស់ពីករណីលង់ទឹក និងសត្វអសិរពិសផ្សេងៗ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៨ ដោយមិនត្រូវធ្វេសប្រហែសជាដាច់ខាត៕ ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង