Detail Top Banner

ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោ កំពុងត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព

ភ្នំពេេញ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពស្ថិតនៅតំបន់ផ្សារព្រែកជ្រៃ តាមបណ្តោយផ្លូវលេខ២១៧ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការជួយអន្តរាគមន៍ ពីអាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ចចម្រុះ។
ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ខែតុលានេះ បានបន្តដាក់បទបញ្ជាដល់គណៈបញ្ជាការ ឯកភាពខណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឱ្យបន្តជួយអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ដើម្បីបញ្ចៀសគ្រោះថ្នាក់នានាកើតឡើង ជាយថាហេតុ។ នៅក្នុងស្ថានភាពនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងកម្លាំងចម្រុះបានចុះចែកគ្រឿងឧបភោគ បរិភោគមួយចំនួនដល់ជនរងគ្រោះ ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេងបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជន់លិច ត្រូវបង្កើនការ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ទាំងបញ្ហាសុខភាព និងកុមារតូចៗ ចាស់ជរា ដើម្បីការពារបញ្ហាប្រឈមគ្រោះថ្នាក់ណាមួយ កើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថា មកដល់ពេលនេះមានសង្កាត់ចំនួន៦ហើយក្នុងខណ្ឌដង្កោបានរងការជន់លិចផ្ទះសម្បែងជិត២ពាន់គ្រួសារ ដែលបណ្តាលមកពីការជន់លិចស្ទឹងព្រែកត្នោត៕

អត្ថបទដែលជាប់ទាក់ទង