Detail Top Banner

គ្រូការ៉ាតេសមាគមក្រសួងមហាផ្ទៃអះអាងថា អាចរក្សាដំណែងឆ្នាំចាស់ពីការប្រកួត​ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០

គ្រូបង្វឹកសមាគមកីឡាការ៉ាតេក្រសួងមហាផ្ទៃ លោក ឡាច ច័ន្ទតារា បានដាក់ក្តី​សង្ឃឹមយ៉ាង​ខ្ពស់ថា ក្លឹបសមាគមកីឡាការ៉ាតេក្រសួងមហាផ្ទៃនឹងអាចការពារដំណែងចំណាត់ថ្នាក់​លេខ២​បាននៅក្នុងការប្រកួតប្រជែងមេដាយពីការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែល​គ្រោងនឹងធ្វើឡើងនាថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នា២០២០ នៅនៅមជ្ឈមណ្ឌលជាតិ​ហ្វឹក​ហាត់កីឡាការ៉ាតេកម្ពុជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក ឡាច ច័ន្ទតារា មានប្រសាសន៍ថា សមាគមកីឡាការ៉ាតេក្រសួងមហាផ្ទៃកំពុង​បង្កើន​ការហ្វឹកហាត់ដល់កីឡាករ កីឡាការិនីឱ្យកាន់តែមានគុណភាពបច្ចេទេសល្អប្រសើរ ដើម្បី​ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងការប្រកួតកីឡាការ៉ាតេជ្រើសរើស​ជើងឯកថ្នាក់​ជាតិ ប្រចាំឆ្នាំ២០២០។ នៅក្នុងពេលសម្រាកមួយរយៈដោយសារវិបត្តិជំងឺកូវីដ-១៩កន្លងមក ឃើញថា កម្លាំង និងបច្ចេកទេសរបស់ពួកគាត់មានការថមថយខ្លះៗដែរ ប៉ុន្តែក្រោយពេលការ​ប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ ក្រោមការអនុញ្ញាតពីក្រសួងសុខាភិបាល ក៏ដូចគោលការណ៍​អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា គឺយើងសម្រុកការហ្វឹកហាត់លើផ្នែកបច្ចេក​ទេស​ប្រយុទ្ធ និងមេគុន ដែលធ្វើកីឡាករ កីឡាការិនីរបស់សមាគមកីឡាការ៉ាតេក្រសួងមហាផ្ទៃ​មានភាពល្អប្រសើរឡើងវិញ។ ជាមួយគ្នានេះ លោក ឡាច ច័ន្ទតារា បានដាក់ក្តីសង្ឃឹមខ្ពស់ សម្រាប់កីឡាករ កីឡាការិនីរបស់ខ្លួន ក្នុងការចូលរួមប្រកួតប្រជែងមេដាយពីការប្រកួតជើង​ឯក​ថ្នាក់ជាតិ ឆ្នាំនេះអាចការពារដំណែងមេដាយដោយជោគជ័យ បើប្រៀបធៀបទៅនឹង​ព្រឹត្តិ​ការណ៍ដូចគ្នា កាលពីឆ្នាំ២០១៩ កន្លងទៅ។

ចំពោះមូលហេតុចម្បងដែលគ្រូបង្វឹករូបនេះមានក្តីរំពឹងខ្ពស់បែបនេះ គឺដោយសារតែ​លោក​បានមើលឃើញពីការខិតខំប្រឹងប្រែងហ្វឹកហាត់ និងមានបច្ចេកទេសកើនឡើងយ៉ាងល្អ​ប្រសើរ រួមទាំងបទពិសោធន៍របស់ពួកគាត់ក៏ធ្លាប់បានចូលរួមប្រកួតច្រើនដែរ។ លោកបានអះ​អាងថា ការប្រកួតជើងឯកថ្នាក់ជាតិកីឡាការ៉ាតេឆ្នាំនេះ ដែលសហព័ន្ធកីឡាការ៉ាតេកម្ពុជា​រៀបចំវិញ្ញាសាដាក់ឱ្យប្រកួតចំនួន៣៥វិញ្ញាសានោះ គឺលោកនឹងបញ្ជូនកីឡាករ កីឡាការិនី​របស់​ខ្លួនចូលរួមប្រកួតគ្រប់វិញ្ញាសាទាំងអស់ ដែលនេះជាក្តីសង្ឃឹមខ្ពស់ ក្នុងការយកឈ្នះ​មេដាយ និងប្រជែងបានចំណាត់ថ្នាក់ល្អផងដែរ។

បើតាមសេចក្តីប្រកាសស្តីពីការប្រកួតជ្រើសរើសជើងឯកកីឡាការ៉ាតេ ប្រចាំឆ្នាំ២០២០ នាចុងខែតុលា នៅមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡាការ៉ាតេកម្ពុជានៃសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយមានវិញ្ញាសាគោលធំៗ ដូចជាផ្នែកកាតាឯកត្តជន កាតាក្រម ប្រយុទ្ធឯកត្តជន ប្រយុទ្ធក្រុម ហើយក្នុងប្រភេទវិញ្ញាសាធំៗនេះបំបែក ចេញជាវិញ្ញាសាតូចៗជាច្រើនទៀត​ផងដែរ។

សូមរម្លឹកថា កាលពីជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ គឺសមាគមកីឡាការ៉ាតេមជ្ឈមណ្ឌល​ហ្វឹក​ហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ បានឈ្នះមេដាយច្រើនជាងគេ គឺចំនួន១៨ ក្នុងនោះ​មេដាយមាសចំនួន១១ មេដាយប្រាក់១ និងមេដាយសំរឹទ្ធិ៦ ឈរចំណាត់ថ្នាក់លេខ១ ហើយ​ចំណាត់ថ្នាក់លេខ២បានទៅលើសមាគមកីឡាក្រសួងមហាផ្ទៃ ឈ្នះបានមេដាយមាស៦ ប្រាក់​៣ សំរឹទ្ធិ៣ សរុបចំនួន ១២គ្រឿង ហើយលំដាប់លេខរៀងទី៣ គឺក្លឹបការ៉ាតេដូ អូគឹយឺគឹ ខេត្ត​សៀមរាបបានមេដាយចំនួន១០គឺមេដាយមាស៣ ប្រាក់៤ និងសំរិទ្ធិ៣៕ by AKP

អត្ថបទដែលជាប់ទាក់ទង