ពលរដ្ឋ២១៦គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកមង្គលបូរី ទទួលបាន​អំណោយ​សង្គ្រោះបន្ទាន់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ខេត្ដបន្ទាយមានជ័យ៖ ពលរដ្ឋដែលរងគ្រោះដោយ​ជំនន់ទឹកភ្លៀងចំនួន២១៦ គ្រួសារ នៅឃុំបត់ត្រង់ នៃស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយ​ស្បៀងអាហារសង្គ្រោះបន្ទាន់ មានជាគ្រឿងឧបភោគបរិភោគ​របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាឆ្លើយតបបន្ទាន់ក្នុងដំណាក់កាលគ្រោះទឹកជំនន់នេះសម្រាប់ជួយទ្រទ្រង់ដល់ជីវភាពគ្រួសារបងប្អូនដែលកំពុងជួបការលំបាក​បានមួយគ្រា។

អំណោយសប្បុរសធម៌ទាំងនេះ ត្រូវបានឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្ត និងជាប្រធានគណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារចុះទៅចែក​ដល់ប្រជាពលរដ្ឋរងគ្រោះ ដែលត្រូវបានអាជ្ញាធរកងកម្លាំងប្រដាប់អាវុធជន្លៀសមកកាន់ទីទួល​សុវត្ថិភាព នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ

ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តមអ៊ុំ រាត្រី បានថ្លែង​​​ជូនដល់ប្រជាពលរដ្ឋនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានីហ៊ុន​សែន ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ ឬជួបការលំបាកនៅគ្រប់ទីកន្លែង​ទាំងអស់។ ឯកឧត្ដមបានលើកឡើងថា នៅទីណាឱ្យតែមានប្រជាពលរដ្ឋរងគ្រោះងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាមកជួយសង្គ្រោះជានិច្ច។ ជាក់ស្តែងដូចជាក្រុម​ការងារកាកបាទក្រហមរួមនឹងអាជ្ញាធរកងកម្លាំងប្រដាប់អាវុធដែលកំពុងធ្វើសកម្មភាពជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលនេះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយឡើយដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិបាលខេត្ដក៏ដូចជាបងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចទាំងពីរ ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ដោយសារជំនន់ទឹកភ្លៀង នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ​នេះបានទាន់ពេលវេលា។

យោងរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមាន​ជ័យឱ្យដឹងថា ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យគិតត្រឹមថ្ងៃទី១៤ខែតុលានេះផលប៉ះ​ពាល់លើ៩ក្រុង ស្រុក ៣៧ឃុំ សង្កាត់បណ្តាលឱ្យលិចលង់ទឹកមនុស្សស្លាប់០៦នាក់​ប៉ះពាល់​លំនៅឋានសរុបចំនួន ៨៥៣៥ខ្នង មនុស្ស ៣៤ ៧១៣នាក់ ​និងបានជន្លៀសទៅទីទួល​សុវត្ថិភាព​ចំនួន ១ ៤៧៣​គ្រួសារ មានមនុស្ស ៥ ៦២៦នាក់​ លិចស្រែចំនួន១១ ១៨៨ហិកតា ដំឡូងមី ១ ​៩០៤ហិកតា​ និងដំណាំរួមផ្សំ ៤១៩ហិកតា សាលារៀន ៥២កន្លែង  ត្រូវផ្អាកការ​សិក្សាមណ្ឌលសុខភាព ៦កន្លែង វត្ត ២៥ សាលាឃុំ២ ផ្លូវ ៣៦៨កន្លែង (ប្រវែង ២០០ ៨៨៧ ម៉ែត្រ)៕​ by AKP

អត្ថបទដែលជាប់ទាក់ទង