ប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងក្នុងស្រុកកណ្ដាលស្ទឹងប្រមាណ ៣០០គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា
ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ដោយមានការអមដំណើរឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នឹងកងកម្លាំងប្រដាប់អាវុធទាំង៣មន្ទីរអង្គភាពជុំវិញសាលាខេត្តនិងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅភូមិអំពៅព្រៃឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរនិងនឹករលឹកបំផុត។ ឯកឧត្ដម បានបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន សម្ដេចតែងតែយកចិត្តទុក្ខដាក់គិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅគ្រប់ពេលវេលាថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវចុះពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងសួរសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើន ហើយក្រីក្រ ដែលកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍នឹងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗទៀតជាប្រចាំដោយមិនប្រកាន់ពូជសាសន៍ សាសនាប្រពៃណីឬនិន្នាការនយោបាយឡើយ។ ក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារការដាច់ស្បៀងអាហារនោះឡើយ ។
ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព ដោយប្រកាន់នូវការហូបស្អាត ផឹកស្អាត និងគេងឲ្យបានត្រឹមត្រូវ ជាងនេះទៅទៀត ត្រូវប្រុងប្រយ័ត្នដល់ក្មេងតូចៗ មិនត្រូវមានការធ្វេសប្រហែស បណ្ដែតបណ្ដោយឲ្យពួកគាត់នៅក្បែរទឹក ដែលអាចបង្កជាគ្រោះថ្នាក់ដោយប្រការណាមួយ។ ពិសេសនៅពេលបងប្អូនធ្វើដំណើរ ឆ្លងទឹក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយមានត្រៀមសម្ភារៈសម្រាប់ជួយសង្គ្រោះ ដូចជាអាវពោង ដើម្បីបង្ការនូវគ្រោះថ្នាក់ផងដែរ។
អំណោយដែលសាខា បានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ជិត ៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ និងថវិកា ៥ម៉ឺនរៀល៕