អាជ្ញាធរខេត្តតែងតែបានយកចិត្តទុកដាក់ ប្រឹងប្រែងគិតគូរជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការខូចខាតនៅតាម បណ្តាស្រុកក្រុងឃុំសង្កាត់ភូមិទូទាំងខេត្ត

ខេត្តរតនគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០នេះ មានប្រសាសន៍ថា៖កន្លងមក អាជ្ញាធរខេត្តតែងតែបានយកចិត្តទុកដាក់ប្រឹង​ប្រែង​គិតគូរជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការខូចខាតនៅតាម បណ្តា​ស្រុក.​ក្រុង​.ឃុំ​.សង្កាត់.ភូមិនៅទូទាំងខេត្តដោយកន្លែងខ្លះការស្ថាបនាឡើង ដោយចាក់បេតុង ក្រាលកៅស៊ូ និងខ្លះទៀតជួសជុលដោយក្រាលក្រួសក្រហម ទៅតាមលទ្ធភាពថវិកា ដែលយើងមាន​ដើម្បី​ឆ្លើយ​តបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ការលើកឡើងរបស់អភិបាលខេត្តរតនគិរីរូបនេះ គឺក្នុងឱកាសដែលឯកឧត្តមដឹកនាំមន្ត្រីជំនាញ​និងអង្គភាពជុំវិញខេត្តអញ្ជើញ ចុះពិនិត្យការជួសជុលថែទាំផ្លូវជាតិ៧៨C​ប្រវែង​២៨,៥២m តភ្ជាប់ត្រង់ចំណុចរង្វង់មូលស្រុកអូរជុំ ដល់ស្រុកវើនសៃ។
ឯកឧត្តម​អភិបាលខេត្តបានបន្ថែមថា​​​ ជានិច្ច​​កាលរាជ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​អគ្គ​មហាសេនាបតីតេជោ ​ហ៊ុន សែន ជា​នាយរដ្ឋមន្ត្រី​ តែង​ផ្ដោត​សំខាន់បន្តការ​យក​ចិត្តទុកដាក់​លើការអភិវឌ្ឍ​វិស័យ​ផ្លូវថ្នល់​ក្នុង​នោះ​មិន​ថា ​ផ្លូវជាតិ ​​ផ្លូវលំនៅ​គ្រប់​ទីកន្លែង​​នោះ​ទេ​ ត្រូវ​បាន​ស្ថាបនា​ពីតំបន់ដែល​គ្មាន​ផ្លូវ​ ទៅជាមាន​ផ្លូវ​ ក្រាល​គ្រួស​ក្រហម​ ​ប្រែក្លាយ​​​ទៅ​ជា​ផ្លូវ​បេតុង ​ឬ​កៅ​ស៊ូ​ផ្សារភ្ជាប់​ពីទី​ជនបទ​មក​ទី​​​ប្រជុំជន ខេត្ត ស្រុក ក្រុង ដើម្បីឆ្លើយតបទៅ​នឹង​​អនុសាសន៍របស់​សម្តេច​តេជា​​ គឺ “ មាន​ផ្លូវ​​មាន​ក្តី​សង្ឃឹម “​។​


ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន បានថ្លែងការកោតសរសើរដល់ដល់មន្ទីរសាធារណការ និង​ដឹកជញ្ជូនខេត្ត ដែលបានអនុវត្តតួនាទីភារកិច្ចបានទាន់ពេលវេលា តាមការណែនាំរបស់​អាជ្ញាធរ​ខេត្ត​និងជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូន រួមសហការជាមួយអាជ្ញាធរដែនដី ត្រូវ​បន្តការ​យកចិត្តទុក ដាក់ពិនិត្យមើលផ្លូវថ្នល់ដែលរងការខូចខាត ត្រូវប្រញាប់ ប្រញាល់ធ្វើការជួសជុល​ឡើងវិញ មិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមឱ្យចូលរួមទាំងគ្នាថែទាំផ្លូវថ្នល់ដែលបានជួសជុល ស្ថាបនាហើយនៅតាមមូលដ្ឋានឱ្យ​ប្រើប្រាស់​បានយូរអង្វែង។


បើតាមការបញ្ជាក់ពីលោក សាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានឲ្យ​ដឹងថា ឆ្នាំកន្លងមក ដោយសារមានភ្លៀងជោគជាំខ្លាំង ទើបបណ្តាលឲ្យផ្លូវជាតិ៧៨C​ដែលជាផ្លូវ​ក្រាលគ្រួសក្រហមនេះ បានទទួលរងការខូចខាតយ៉ាងដំណំជាហេតុពិបាកក្នុងធ្វើដំណើរទៅ​មក​របស់ប្រជាពករដ្ឋទូទៅ។ លោកប្រធានមន្ទីរបន្តថា ដោយមានការគិតគូរយកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម ថង សាវុន អភិបាលខេត្តបានឲ្យមន្ទីរសាធារណការ​និងដឹកជញ្ជូនខេត្ត​ធ្វើការ​ជួសជុលថែទាំផ្លូវនេះ ដោយក្រាលគ្រួសក្រហម ដែលមានប្រវែង ២៨,៥២m ទទឹង ៩ម៉ែត្រ ដើម្បី​សម្រួលដល់ធ្វើចរាចរណ៍​ផ្លាស់ប្តូរពាណិជ្ជកម្មទៅមករបស់ប្រជាពលរដ្ឋ​បានងាយស្រួល​ឡើងវិញ ដោយប្រើប្រាស់ថវិការបស់ក្រសួង​ទម្លាក់ជូនមន្ទីរប្រមាណ ២.៥៧០លានរៀល។ លោកបន្តថា បច្ចុប្បន្ន ការជួលជុលថែទាំសម្រេចបានប្រមាណ ៨៦%ហើយ គ្រោងនឹងបញ្ចប់ឲ្យ​រួច​រាល់​នាពេលឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង