ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ ផ្តល់ជូនដល់កងកម្លាំងទាំងបីអង្គភាពនៅក្នុងខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានស.ស.យ.ក. ខេត្តស្វាយរៀង និងក្រុមការងារ យុវជនខេត្ត កាលពីព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនដល់កងកម្លាំងទាំងបីអង្គភាពនៅក្នុងខេត្តស្វាយរៀង ដោយក្នុង ១អង្គភាពៗ ទទួលបាន៖ -អង្ករចំនួន ១តោន -មីចំនួន ៣កេះធំ= ១៨កេះតូច -ត្រីខកំប៉ុង ៣កេះធំ= ៣០០កំប៉ុង ដោយឡែក កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋានគរបាលខេត្តទទួលបានអាវពោងចំនួន ៥០អាវបន្ថែម។
នៅថ្ងៃដដែលនោះ ឯកឧត្តមក៏បានបន្តនាំយកអំណោយសង្រ្គោះចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងដែលស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយប្រជាពលរដ្ឋផុតពីគ្រោះមហន្តរាយទាន់ពេលវេលា ។
ឯកឧត្តមបានបន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាពឱ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាតព្រមទាំងគេងក្នុងមុងជានិច្ច និងត្រូវមានការប្រុងប្រយត្ន័ចំពោះសត្វអសិរពិសផ្សេងៗនៅពេលទឹកឡើង និងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗកុំឱ្យលេងទឹកប្រយ័ត្នមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕