ប្រធានគណៈកម្មការទី៣រដ្ឋសភា លើកទឹកចិត្តឱ្យអង្គការមិនមែនរដ្ឋាភិបាល ជួយកែប្រែទម្លាប់កសិករធ្វើយ៉ាងណាឱ្យពួកគាត់មានចំណេះដឹងដាំដុះ ដែលទទួលបានទិន្នផលខ្ពស់
ភ្នំពេញ៖ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣ រដ្ឋសភា (គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក) បានសូមឱ្យអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ជួយកែប្រែទម្លាប់ប្រជាកសិករ ហើយទទួលបាននូវចំណេះដឹងដាំដុះដែលទទួលបានទិន្នផលខ្ពស់។
នៅក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី៩ ក្រោមប្រធានបទ “កសិករខ្នាតតូចក្នុងបរិបទកូវីដ-១៩” រៀបចំដោយអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា ព្រឹកថ្ងៃ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣ រដ្ឋសភា បានលើកឡើងថា ក្នុងស្ថានភាពកូវីដ-១៩នេះ យើងជួបបញ្ហាប្រឈមជាច្រើន ប៉ុន្តែដោយមានវិស័យកសិកម្មនៅទ្រទ្រង់ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានលំនឹង ហើយជីវភាពប្រជាជនយើងនៅកន្លែងខ្លះនៅតែល្អ។ ឯកឧត្តម ប្រធានគណៈកម្មការទី៣រដ្ឋសភា បានលើកទឹកចិត្តដល់អង្គវេទិកាចំណុចដែលសំខាន់ក្នុងការពិភាក្សានាពេលនេះ សូមឱ្យផ្តោតការយកចិត្តទុកដាក់អំពីការកែប្រែទស្សនៈរបស់បងប្អូនប្រជាកសិករយើងធ្វើយ៉ាងណាឱ្យពួកគាត់មានគំនិតកែច្នៃ ពិសេសបណ្តុះបណ្តាលជំនាញបច្ចេកទេសដាំដុះឱ្យអស់លទ្ធភាព សម្រាប់គ្រប់ផលិតផលដែលអាចកែច្នៃបាន ដើម្បីបង្កើនតម្លៃបន្ថែមតាមតម្រូវការទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។ ដូចកសិករម្នាក់មានដីតូចនៅស្រុកស្អាង ខេត្តកណ្តាល ដោយមានអង្គការក្រៅរដ្ឋាភិបាល និងដៃគូទីផ្សារចុះជួយបណ្តុះបណ្តាលធ្វើឱ្យគាត់មានចំណេះដឹងមានជំនាញដាំដុះ អាចរកចំណូលលើដីតូច ក្នុងរយៈពេលកន្លះឆ្នាំរកបាន ៦០០ដុល្លារអាម៉េរិក។ មួយទៀតកសិករនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ កសិករមួយនេះមានដីជាង ១.០០០ម៉ែត្រក្រឡា ប៉ុន្តែការផលិត និងការចិញ្ចឹមសត្វរបស់គាត់រកចំណូលជាមធ្យមបានពី ១.០០០ដុល្លារអាម៉េរិកឡើងទៅ ដូច្នេះការជួយឱ្យប្រជាកសិករមានចំណេះដឹងមានជំនាញលើផ្នែកដាំដុះសំខាន់ណាស់ ដែលអង្គវេទិកាយកចិត្តទុកដាក់។
តាមរបាយការណ៍លោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែន រដ្ឋាភិបាល ស្តីពីកម្ពុជាបានឱ្យដឹងថា វេទិកាឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមប្រធានបទ “កសិករខ្នាតតូចក្នុងបរិបទកូវីដ-១៩ ” ដោយមានអ្នកចូលរួមសរុបចំនួន១៦២នាក់ ដែលអញ្ជើញមកពី តំណាងកសិករមកពី១៤ខេត្ត ក្រុង សហគមន៍កសិកម្ម កសិករ ស្ត្រីឆ្នើម យុវជន ជនជាតិដើមភាគតិច តំណាងរដ្ឋសភាជាតិ តំណាងស្ថាប័នរាជរដ្ឋាភិបាល មន្ទីរកសិកម្ម និងមន្ទីរកិច្ចការនារីតាមខេត្តក្នុងតំបន់ ក្រសួងពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដៃគូអភិ វឌ្ឍន៍ ស្ថាប័នសិក្សាស្រាវជ្រាវ វិស័យឯកជន ធនាគារ អ្នកសារព័ត៌មាន ក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពកសិផលរបស់កសិករខ្នាតតូច ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ក៏ដូចជាការជំរុញការអនុវត្តគោលនយោបាយដែលពាក់ព័ន្ធ ។
ជាពិសេសយន្តការគាំទ្រកសិករខ្នាតតូច ឆ្លើយតបផលប៉ះពាល់នៃកូវីដ-១៩ និងពង្រឹងកិច្ចសហការ និងភាពជាដៃគូរដើម្បីគាំទ្រកសិករខ្នាតូច លើការវិនិយោគវិស័យកសិកម្ម និងកសិធុរៈកិច្ចក្នុងស្ថានភាព និងក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ៕