នគរបាលឃាត់ខ្លួនស្រ្តីម្នាក់ ក្នុងករណីឆបោក
ខេត្តកណ្តាល៖ ហេតុការណ៍កើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៣និង៥៥នាទីនៅចំណុចផ្សារព្រះប្រសប់ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ជនរងគ្រោះម្នាក់ឈ្មោះ លី សៀកឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងអលង្ការមានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ជនសង្ស័យ១នាក់ឈ្មោះ វ សគ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
ការបាត់បង់របស់ជនរងគ្រោះប្រាក់ ៥២០ ០០០៛ រកឃើញវិញ វត្ថុតាងចាប់យកបន្តោងខ្សែករូបសឹង្ហពណ៌លឿង១ មានដាំត្បូងពណ៌សច្រើនគ្រាប់(បន្តោងស្ពាន់ស្រោបប្លាកទីនរបស់ជនសង្ស័យ) ប្រាក់រៀល ៥២០ ០០០៛ និងលិខិតទទួលបញ្ចាំ(របស់ជនរងគ្រោះ)។
សូមជំរាបជូនបើយោងតាមសមត្ថកិច្ចឲ្យដឹងនៅថ្ងៃកើតហេតុខាងលើថា ជនសង្ស័យបានយកបន្តោងខ្សែករូបសឹង្ហ១ខ្សែ ធ្វើពីស្ពាន់ ស្រោបប្លាទីន មានដាំត្បូងពណ៌ស ទៅដាក់បញ្ចាំឱ្យជនរងគ្រោះ បានប្រាក់៥២០ ០០០៛ ពេលនោះជនរងគ្រោះបានសួរជនសង្ស័យថា បញ្ចាំយកប្រាក់ធ្វើអ្វី? ជនសង្ស័យឆ្លើយថា យកប្រាក់ព្យាបាលជំងឺ ប្អូននៅមន្ទីរពេទ្យព្រែកតាមាក់ ហើយជនរងគ្រោះ សួរទៀតថា មន្ទីរពេទ្យមួយណា? ជនសង្ស័យឆ្លើយថាមិនស្គាល់ រួចដើរចេញទៅបាត់ ពេលនោះជនរងគ្រោះមានការសង្ស័យយកបន្តោង ខ្សែកនោះ មកដុះមើល ក៏ចេញសាច់ស្ពាន់ទើបដឹងថា ចាញ់បោកគេ ហើយប្រើប្អូនឈ្មោះ លី ផល្លា ជិះម៉ូតូតាមរកជនសង្ស័យ បន្ទាប់មកឈ្មោះ លី ផល្លា ជិះម៉ូតូមកឃើញជនសង្ស័យ នៅហ្គារ៉ាសសាំងគល់ស្ពានព្រែកតាមាក់ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ព្រះប្រសប់ បន្ទាប់មកកម្លាំងប៉ុស្តិ៍បញ្ជូនជនសង្ស័យ និងដកហូតវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បី បន្តអនុវត្តតាមនីតិវិធី៕ (សភារាជ)