អភិបាលរាជធានី ដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ ក្នុងការលាងសំអាតភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងបុរីត្រពាំងថ្លឹង ក្រោយពីទឹកជំនន់ទឹកភ្លៀងបានជន់លិចជាង១០ថ្ងៃកន្លងមកនេះ
ភ្នំពេញ៖ ក្រោយពីមានវិធានការក្នុងការបូមទឹកចេញពីបុរីពិភពថ្មីក្នុងភូមិត្រពាំងថ្លឹងទី៤ ក្នុងសង្កាត់ចមចៅទី១ ខណ្ឌពោធិសែនជ័យ ឃើញថា មកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរីហើយ ប៉ុន្តែអ្វីដែលនៅសេសសល់នោះ គឺកាកសំណល់និងទឹកកខ្វក់ដក់នៅតាមចិញ្ចើមផ្លូវហើយ ខណៈពេលនេះ អាជ្ញាធររាជធានីភ្នំពេញបានប្រើប្រាស់កម្លាំងសរុប លាងសម្អាតឲ្យអស់កាកសំណល់និងទឹកកខ្វក់ដក់នៅតាមចិញ្ចើមនៅក្នុងបុរីនេះឱ្យស្អាត ចាប់ពីពេលនេះតទៅ ជាមួយនិងការបាញ់ថ្នាំសម្លាប់មេរោគផងដែរ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចការងារដឹកនាំបញ្ជាដោយផ្ទាល់នៅក្នុងបុរីត្រពាំងថ្លឹងគម្រោងទី២ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹងទី៤ សង្កាត់ចោមចៅទី១ នាព្រឹកថ្ងៃទី២៧ ខែតុលានេះ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី រួមជាមួយកម្លាំងពាក់ព័ន្ធ ដែលមានទាំងកងទាហានផងដែរនោះបានរួមគ្នា លាងសំអាតភូមិដ្ឋានមួយនេះ ដើម្បីអោយវិលទៅរកភាពល្អប្រសើរឡើងវិញ ក្រោយពីទឹកជំនន់បានលិចលង់លំនៅដ្ឋានរបស់ពួកគាត់អស់រយៈពេលជាង ១០ថ្ងៃកន្លងមកនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាននិងកំពុងស្នាក់នៅក្នុងបុរីពិភពថ្មីគម្រោងទី២ ភូមិត្រពាំងថ្លឹងទី៤ ទាំងអស់ ចូលរួមសហការជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ដើម្បីសម្អាតនិងស្ដារឡើងវិញនូវភក់ ទឹកស្អុយដែលមាននៅលើដងផ្លូវក្រោយពីទឹកបានប្រុសអស់រួចហើយនោះ ។
បន្ថែមពីលើនេះទៀតឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាឲ្យមន្ទីរសាធារណការរាជធានី កាយរករីហ្គែលូដែលត្រូវបានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនធំ ចាក់បិទជំនួសដោយដាក់បំពង់ទុយោតូចៗវិញនោះ។ មន្ត្រីជំនាញបញ្ជាក់ថា ការលិចលង់នេះក៏បណ្តាលមកពីបញ្ហានេះផងដែរ។
គួរបញ្ជាក់ផងដែរថា កន្លងមកពោលគឺកាលពីជាង ១០ថ្ងៃកន្លងនេះ ពោលគឺក្រោយពីមានភ្លៀងធ្លាក់ជាប់គ្នាច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញបានទទួលរងការលិចលង់និងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋប្រមាណជាជាង១ម៉ឺនគ្រួសារ បានទទួលរងនូវផលប៉ះពាល់នៃការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ។ ដោយឡែកប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹងនេះក៏បានទទួលរងនូវការលិចលង់លំនៅឋានរបស់ពួកគាត់យ៉ាងធ្ងន់ចំនួនប្រមាណ ១០០០ល្វែង ក្នុងចំណោមខ្នងផ្ទះប្រមាណ ៣១១៣ល្វែង។ ស្ថានភាពបែបនេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី និងកម្លាំងពាក់ព័ន្ធផ្សេងទៀតធ្វើការទប់ និងបូមទឹកចេញពីក្នុងបុរីខាងលើនេះឲ្យអស់ ហើយក្រោយមានវិធានការក្នុងការបូមទឹកចេញពីបុរីពិភពថ្មីក្នុងភូមិត្រពាំងថ្លឹងទី៤ ក្នុងសង្កាត់ចមចៅទី១នេះ ឃើញថាមកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរីហើយ ទើបអាជ្ញាធររាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងសរុប ដើម្បីលាងសម្អាតឲ្យអស់កាកសំណល់និងទឹកកខ្វក់ដក់នៅតាមចិញ្ចើមនៅក្នុងបុរីនេះឱ្យស្អាត ចាប់ពីពេលនេះតទៅ តបទៅតាមការសន្យារបស់ ឯកឧត្តម ឃួង ស្រេង ខណៈដែលលោកដឹកនាំអាជ្ញាធរដែនដី និងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាព ប្រឡាយបង្ហូរទឹកទួលពង្រ រហូតដល់បុរីត្រពាំងថ្លឹងខាងលើ ដើម្បីរកគ្រប់មធ្យោបាយកុំឲ្យមានការលិចលង់ទៀត កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ ៕