ជម្ងឺកូវិដ.១៩ នាំចូលម្នាក់ទៀតហើយ ចូរប្រុងប្រយ័ត្នឲ្យបានខ្ពស់
ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនាព្រឹកនេះ គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី១នាក់ (ករណីនាំចូល ជនជាតិខ្មែរ រកឃើញវិជ្ជមានក្រោយធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣) និងមិនមានករណីជាសះស្បើយទេ។
ចំនួនអ្នកជំងឺដែលបានជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៣នាក់ ក្នុងចំណោមអ្នកមានវីរុសកូវីដ-១៩ទាំងអស់នៅក្នុងប្រទេសសរុបកើន ២៩២នាក់ ហើយចំនួនសំរាកនៅពេទ្យកើន ៩នាក់ និងគ្មានអ្នកស្លាប់ទេ ។
អ្នកជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ មានចំនួន ៩នាក់ (បុរសជនជាតិខ្មែរ ៤នាក់ ស្ត្រីជនជាតិខ្មែរ ២នាក់ បុរសជនជាតិប៉ូឡូញ ១នាក់ បុរសជនជាតិបារាំង ១នាក់ និងស្ត្រីជនជាតិបារាំង ១នាក់)។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលបានធ្វើតេស្តចំនួន ១៨៤ ២៦៨ ស្មើនឹង ១១ ០៣៤ ក្នុង១លាននាក់ គួររម្លឹកថា គិតចាប់ពីការរកឃើញករណីដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក កម្ពុជាមានចំនួនអ្នកជំងឺកូវីដ-១៩ សរុបចំនួន ២៩៣នាក់ហើយ ករណីភាគច្រើនបំផុត គឺជាការនាំចូល និងមិនមានករណីណាមួយរងគ្រោះដល់អាយុជីវិតនោះទេ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕