ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា អង្គការសង្គមស៊ីវិលមួយចំនួនផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជា គ្រាន់តែជាការទាក់ទាញយកលុយពីខាងក្រៅ និងចង់បំភាន់សាធារណមតិតែប៉ុណ្ណោះ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានចាត់ទុកអង្គការសង្គមស៊ីវិលមួយចំនួន ដែលមិនបានចុះបញ្ជីស្របច្បាប់នៅកម្ពុជា ហើយបានផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជា គឺគ្រាន់តែជាយុទ្ធសាស្រ្តក្នុងការទាក់ទាញយកលុយពីខាងក្រៅ ហើយចង់ បានការចាប់អារម្មណ៍មកលើក្រុមពួកគេ និងមានគោលបំណងបំភាន់សាធារមតិតែប៉ុណ្ណោះ។
ក្នុងសន្និសីទសាព័ត៌មាន ស្តីពីការបំភ្លឺជូនសាធារណជនពីការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសេចក្តីបំភ្លឺជុំវិញការព្រួយបារម្ភ របស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជានាថ្ងៃទី៣ ខែវិច្ឆិកានេះ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងការចោទ ប្រកាន់ចំពោះស្ថាប័នមានសមត្ថកិច្ចដែលបានអនុវត្តភារកិច្ចរបស់ខ្លួន ទៅលើអ្នកសារព័ត៌មានខុសច្បាប់មួយចំនួនកន្លងមក គឺ ជាការរំលោភបំពាន បិទសិទ្ធិសេរីភាពសារព័ត៌មាននោះ គឺជាការចោទប្រកាន់ដោយមិនបានពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់នីមួយៗនោះឡើយ។
ការថ្លែងបំភ្លឺរបស់អ្នកនាំពាក្យក្រសួងព័ត៌មាននេះ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមមួយ របស់អង្គការសង្គមស៊ីវិលចំនួន ៥៧ ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថាបានយាយីទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាន។
ឯកឧត្តមបញ្ជាក់ថា ក្នុងចំណោមអង្គការសង្គមស៊ីវិលទាំង៥៧នោះ មានអង្គការសង្គមស៊ីវិលតែចំនួន ១២ប៉ុណ្ណោះដែលបាន ចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃនិង០១ចុះបញ្ជីនៅក្រសួងព័ត៌មាន ក្រៅពីនោះជាក្រុមអង្គការសង្គមស៊ីវិលដែលមិនបាន ចុះបញ្ជីស្របច្បាប់ឡើយ។
ជាមួយគ្នានោះ ឯកឧត្តមអ្នកនាំពាក្យបានស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវគោរពច្បាប់ និងវិជ្ជាជីវៈសារព័ត៌មាន ឱ្យបានត្រឹមត្រូវដើម្បីចៀសផុតពីការចោទប្រកាន់ផ្លូវច្បាប់៖
សំឡេង៖ « អំពាវនាវដល់លើកទឹកចិត្តដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅកម្ពុជា សូមចូលរួមគោរពច្បាប់ និងបទដ្ឋានគតិយុត្តនានា ក៏ដូចជាកិច្ចសន្យារបស់ខ្លួនដែលតម្កល់ទុកនៅក្នុងក្រសួងព័ត៌មានឲ្យបានខ្ជាប់ខ្ជួន និងជៀសវាងការបំពានសិទ្ធិអ្នកដទៃនិងបំភ្លៃការពិត និងធ្វើយ៉ាងណាខិតខំនៅក្នុងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត »។
ឯកឧត្តមបន្តថា ករណីការដែលអនុវត្តវិធានការផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មានចំនួនដែលប្រព្រឹត្តខុសច្បាប់កន្លងមកនេះ កំពុងតែស្ថិតក្នុង ដំណើរការនីតិវិធីរបស់តុលាការ ដូច្នេះមានតែការចូលរួមអនុវត្តទៅតាមនីតីវិធីរបស់តុលាការទេ ដែលជាដំណោះស្រាយ ក្នុងការអនុវត្តសិទ្ធិសេរីភាពនិងភាពត្រឹមត្រូវរបស់ខ្លួនចំពោះមុខច្បាប់។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា ក្នុងករណីនេះភាគីពាក់ព័ន្ធអាចផ្តល់ជាជំនួយផ្លូវច្បាប់ ដល់ជនជាប់ចោទទាំងនោះទៅតាមនីតិវិធីច្បាប់។ ចំពោះការអនុវត្តវិធានការផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មានទាំងនោះ គឺធ្វើឡើងតាមអង្គហេតុ និងអង្គច្បាប់នៃប្រទេសកម្ពុជាប៉ុណ្ណោះ ហើយមិនបានរឹតត្បិតសិទ្ធិសេរីភាព ឬយាយីដល់ អ្នកសារព័ត៌មានដែលគោរពច្បាប់ និងមានវិជ្ជាជីវៈត្រឹមត្រូវនោះទេ៕