អភិបាលរាជធានីប្រគល់ ឧបករណ៍មួយចំនួនសម្រាប់បម្រើឲ្យការត្រួតពិនិត្យជាតិអាកុល ជូនស្នងការនគរបាលរាជធានីភ្នំពេញ
ឧបករណ៍សម្រាប់បម្រើឲ្យការត្រួតពិនិត្យជាតិអាកុលដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញមួយចំនួន ត្រូវបានអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ប្រគល់ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីយកទៅប្រើប្រាស់លើការអនុវត្តការងារត្រួតពិនិត្យជាតិអាកុលទៅលើអ្នកបើកបរយាន្តយន្តគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលឧបករណ៍ខាងលើនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ២០២០ នៅស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិង លោក ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ។
ឧបករណ៍ដែលបានឧបត្ថម្ភដោយឯកឧត្តម ឃួង ស្រេង ខាងលើនេះ រួមមានម៉ាស៊ីនសំរាប់វាស់ជាតិអាកុលចំនួន ១៦គ្រឿង ម៉ាស៊ីនព្រីនលទ្ធផលជាតិអាកុលចំនួន ១៦គ្រឿងនិងបំពង់ផ្លុំចំនួន ៥០០បំពង់ ។
ឯកឧត្តម ឃួង ស្រេង នៅក្នុងឱកាសនោះបានមានប្រសាសន៍ណែនាំដល់កងកម្លាំងសមត្ថកិច្ចប៉ូលិសទាំងអស់ត្រូវបន្តដាក់គោលដៅដើម្បីពិនិត្យជាតិអាកុល និងបន្តការខិតខំប្រឹងប្រែងលើការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងឱកាសនោះដែរ លោក ចេវ ហាក់ ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តដាក់របស់ឯកឧត្តម ឃួង ស្រេង ដែលបានប្រគល់នូវឧបករណ៍សម្រាប់វាស់ជាតិអាល់កុលមួយកំប្លេមកស្នងការនគរបាលរាជធានីភ្នំពេញ។
លោកក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះបទល្មើសគ្រប់ប្រភេទ បានថយចុះ ចំណែកឯបទល្មើសគ្រោះថ្នាក់ចរាចរណ៍ក៏មានការថយចុះជាមួយគ្នាផងដែរ៕