Detail Top Banner

ពូជស្រូវសែនក្រអូប និង OM៥១ ចំនួន ១១តោន របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ ត្រូវបានផ្តល់ជូនកសិករដែលខូចខាតដោយគ្រោះទឹកជំនន់ នៅស្រុកប្រាសាទបាគង


ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ពូជស្រូវសែនក្រអូប និង OM៥១ ចំនួន ១១តោន ត្រូវបានលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងក្រុមការងារបានផ្តល់ជូនបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ចំនួន១១០គ្រួសារ មកពី៥ឃុំ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ស្ថិតនៅបរិវេណ វត្តរកា ឃុំមានជ័យ ស្រុកប្រាសាទបាគង។


លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានធ្វើការបញ្ជាក់ពីទំហំនៃការខូចខាត ដោយគ្រោះធម្មជាតិដោយសារទឹកជំនន់នៅស្រុកប្រាសាទបាគង មានចំនួន៥ឃុំ ស្មើ១៩ភូមិ មាន២០០គ្រួសារ លើផ្ទៃដី ១៥០ហិចតា និងខូចខាតចំនួន ១០៥​ហិកតា លើ១៩០គ្រួសារ ។ លោកបន្តថា ខេត្តសៀមរាបមានផ្ទៃដីបង្កបង្កើនផលស្រូវ រដូវវស្សា ឆ្នាំ២០២០ មាន១៨៦ពាន់៣០០ហិចតា រងផលប៉ះពាល់ដោយសារទឹកជំនន់ សរុប​១២ពាន់​៨៨៣ហិចតា លើ៩ក្រុង.ស្រុក មានប្រជាកសិកររងគ្រោះ ១១ពាន់១៣១គ្រួសារ និងខូច​ខាត​ស្រូវប្រាំង សរុប ២០៣ហិចតា ស្មើ ៤១៤ គ្រួសារ ។ ក្នុងការផ្តល់ស្រូវពូជមិនរើសរដូវជូនដល់​បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារតែទឹកជំនន់នៅស្រុកប្រាសាទបាគងនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានស្តារឡើងវិញ ពីការបាត់បង់ខូចខារ ដោយសារ​ទឹកជំនន់នេះ ។


លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តបានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានសម្ដែងការព្រួយបារម្ភ និង គិតគូរពីសុខទុក្ខ របស់​បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ សម្ដេចបានចុះទៅផ្ទាល់ ដើម្បីជួបបងប្អូនប្រជាពលរដ្ឋ និងជួយឧបត្ថម្ភដោះស្រាយ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យរួចផុតពីការលំបាក ។ ម៉្យាងទៀតទីណាដែលជួបទុក្ខលំបាក ហើយសម្ដេច​តេជោ ហ៊ុនសែន ពុំបានទៅផ្ទាល់ ក៏បានចាត់តាំងឲ្យក្រុមការងាររបស់សម្ដេច ឲ្យចុះទៅជួបបងប្អូនប្រជាពរដ្ឋដោយផ្ទាល់ និង ឲ្យអាជ្ញាធរ ដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមជួយសង្គ្រោះ និងរំដោះបងប្អូនប្រជាពលរដ្ឋឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំងបានផ្ដល់ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។​


លោក ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មឧស្សាហកម្ម ដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀង អាហារជូនប្រជាជនកម្ពុជា នឹងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ រួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ ។ លោកបានបន្តថា នឹងប្រែក្លាយកសិកម្ម​កម្ពុជា ជាកសិកម្ម ទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាបន្ន នឹងការប្រែប្រួលអាកាសធាតុ និរន្តភាព ដើម្បីបង្កើនប្រាក់ចំណូល គ្រួសារកសិករ និងបានអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និង ប្រជាពលរដ្ឋគ្រប់គ្រង យកចិត្តទុកដាក់ អនុវត្តសកម្មភាពរបស់ខ្លួន សំដៅរួមចំណែកផលិតលើកកំពស់សុខភាព ជីវភាពរស់នៅ ធានាឲ្យបាននូវសុខដុមនីយកម្មគ្រួសារ លោក ក៏បានសំណូមពរ និង ណែនាំប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះ ទៅបង្កបង្កើនផល ក្នុងការស្តារ ឡើងវិញ ដែលជាពូជស្រូវមិនរើសរដូវ និង សូមបងប្អូនត្រូវមានការអាធ្យាស្រ័យឲ្យគ្នា ក្នុងការចែករំលែកទឹកស្រោចស្រព ដំណាំ ស្រូវរបស់បងប្អូនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង