Detail Top Banner

ឯកឧត្តម សេង សិលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកស្រូវពូជជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម សេង សិលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកស្រូវពូជជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន ២ភូមិ ក្នុងឃុំចន្ទ្រា គឺភូមិសែនត ២៨គ្រួសារ និង ភូមិចន្រ្ទា ២២គ្រួសារ សរុប ៥០គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានស្រូវពូជ ១០០គីឡូក្រាម។
អញ្ជើញចូលរួមក្នុងពិធីនេះមាន​ ឯកឧត្តម ថាច់ រតនា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់់ និងនេសាទខេត្តស្វាយរៀង និងលោកអភិបាលស្រុកចន្ទ្រា បានដឹកនាំក្រុមការងារ។
មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តមអភិបាលរងខេត្តបានលើកឡើងថា ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសក្នុងអំឡុងពេលដែលប្រទេសរបស់យើង ក៏ដូចជាខេត្តស្វាយរៀងបានជួបប្រទះនូវគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោបានណែនាំ និងក្រើនរំលឹកជាប្រចាំឲ្យអាជ្ញាធរមូលដ្ឋានចុះផ្ទាល់ដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងត្រៀមពូជស្រូវសម្រាប់​ចែក​ជូនកសិករដែលរងផលប៉ះពាល់ខូចខាតស្រូវ ដូចដែលពេលនេះតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្ដេចបានផ្ដល់ជូនពូជស្រូវសែនក្រអូបដល់ប្រជាពលរដ្ឋ នៅភូមិសែនត និងភូមិចន្រ្ទារបស់យើងនេះ។
ឯកឧត្តមបន្តថា ក្នុងនាមឯកឧត្តមអភិបាលខេត្ត សូមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ ខូចខាតផលដំណាំ សត្វពាហន: ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនារយៈពេលកន្លងមក។ ទន្ទឹមនេះ ឯកឧត្តមក៏បានសំណូមពរ និងជំរុញដល់ប្រជាកសិករដែលទទួលបានស្រូវពូជនៅថ្ងៃនេះត្រូវយកទៅប្រេីប្រាស់បង្កបង្កើនផលឲ្យចំទិសដៅ ដេីម្បីជាទុនក្នុងរបរកសិកម្មតទៅមុខទៀត ទន្ទឹមនេះត្រូវការពារជានិច្ចនូវបញ្ហាជំងឺកូវីដ១៩ ដោយស្តាប់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវរួមគ្នាគោរពច្បាប់ចរណ៍ ផ្លូវគោក និងអប់រំណែនាំកូនចៅចៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន ។
ក្នុងឱកាសនោះ ឯកឧត្តមរួមនិងក្រុមការងារបានអញ្ជើញចុះពិនិត្យការព្រោះស្រូវឡើងវិញរបស់ប្រជាពលរដ្ឋផងដែរ ៕
អត្ថបទដែលជាប់ទាក់ទង