អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងពិនិត្យទីតាំងបូមទឹក ដើម្បីទុកទឹកសម្រាប់ប្រជាពលរដ្ឋបង្កបង្កើនផលនៅចុងរដូវ ស្ថិតនៅក្នុងភូមិកងតាណឹងទី៩
ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនិងចុះពិនិត្យទីតាំងបូមទឹក ពីប្រភពតំបន់បឹងបេ ៦ មកស្តុកទុកនៅក្នុងអាងបឹងកក់ ដើម្បីទុកទឹកសម្រាប់ប្រជាពលរដ្ឋបង្កបង្កើនផលនៅចុងរដូវ ស្ថិតនៅក្នុងភូមិកងតាណឹងទី៩ ឃុំកងតាណឹង ស្រុកកងមាស។
គួរបញ្ជាក់ថា៖ ក្នុងឆ្នាំ២០២០ កម្ពស់ទឹកបានត្រឹមតែ ១២,៤៧ម៉ែត្រ អាចនាំប្រភពទឹកចូលតាមព្រែក បឹងបួរ តាមដងទន្លេមេគង្គ បានមួយចំនួន និងមួយចំនួនទៀត ទឹកទន្លេចូលមិនដល់ ដែលអាចប្រឈមនឹងការខ្វះទឹកនៅចុងដៃ ពិសេសក្នុងស្រុកកងមាស កម្ពស់ទឹកទន្លេទាប ទឹកទន្លេចូលមិនដល់តំបន់អាងទឹកបឹងកក់នេះ។ ដោយមើលឃើញពីបញ្ហានេះ ទើបឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចាត់ឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រើប្រាស់ម៉ាស៊ីនបូមទឹក ចំនួន ២គ្រឿង ចុះអន្តរាគមន៍បូមទឹក ពីប្រភពតំបន់បឹងបេ៦ នៅជាប់នឹងតំបន់អាងទឹកបឹងកក់ ដើម្បីយកមកស្តុកទុកនៅក្នុងអាង សម្រាប់ទុកប្រើប្រាស់ក្នុងការងារបង្កបង្កើនផលស្រែប្រាំង របស់កសិករប្រមាណ ៣៥០ហិចតា នៅឃុំកងតាណឹង ស្រុកកងមាស។
ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភប្រេងម៉ាស៊ូត ចំនួន២០០០លីត្រ រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកងតាណឹង ស្រុកកងមាស សរុបចំនួន ៤.១២០លីត្រ៕