Detail Top Banner

ភ្នំពេញក្រោន តែងតាំងលោក ស៊ុំ វណ្ណា ជានាយកបច្ចេកទេស ជំនួសតំណែងគ្រូបង្វឹក

ភ្នំពេញ៖ អតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន បានប្រកាសជាផ្លូវការហើយ ជុំវិញបច្ចុប្បន្នភាពរបស់គ្រូបង្គោលលោក ស៊ុំ វណ្ណា ដោយក្លិបសិង្ហក្រហមនេះ បានសម្រេចតែងតាំងលោក គឺជានាយកបច្ចេកទេសរបស់ក្លិប ជំនួសតំណែងគ្រូបង្វឹកវិញ។
ការប្រកាសនេះ ក៏ជាការស្រាយនូវមន្ទិលសង្ស័យរបស់អ្នកគាំទ្រក្រុមសិង្ហក្រហមនេះដែរ បន្ទាប់ពីលោក ស៊ុំ វណ្ណា បានប្រកាសថ្លែងអំណរគុណដល់លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិប ថ្នាក់ដឹកនាំ កីឡាករ និងអ្នកគាំទ្រ កាលពីម្សិលមិញ ដែលធ្វើឲ្យអ្នកគាំទ្រសង្ស័យលោកចាកចេញពីក្លិបមានមូលដ្ឋាននៅ Smart RSN នេះ ។
ភ្នំពេញក្រោន បានប្រកាសលើគេហទំព័រផ្លូវការរបស់ខ្លួន នាព្រឹកថ្ងៃអង្គារ៍នេះថា «…ក្លឹបបានសម្រេចតែងតាំងលោក ស៊ុំ វណ្ណា ដែលជាគ្រូក្រុមធំសព្វថ្ងៃនេះ ទៅជានាយកបច្ចេកទេសរបស់ក្លឹប ។ លោកគ្រូ ស៊ុំ វណ្ណាបានចំណាយពេលវេលាជិត ២រដូវកាលជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយយើងមើលឃើញថាលោកគ្រូក៏ជាចំណែកមួយក្នុងការអភិវឌ្ឍន៍ធនធានកីឡាកររបស់យើង ដូច្នេះថ្នាក់ដឹកនាំក្លឹបបានធ្វើការសម្រេចតែងតាំងលោកគ្រូជានាយកបច្ចេកទេស ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍យុវជនថ្នាលទាំងទាំង៣កម្រិត (យុវជនអាយុក្រោម១៥ឆ្នាំ យុវជនអាយុក្រោម១៨ឆ្នាំ និងយុវជនអាយុក្រោម២១ឆ្នាំ) និងក្រុមនារីភ្នំពេញក្រោន» ។
គួរដឹងថា លោកគ្រូ ស៊ុំ វណ្ណា ជាគ្រូបង្វឹកដែលមានវិញ្ញាបនបត្រ AFC A-License ហើយកាលពីពេលថ្មីៗ លោកក៏ទើបតែបញ្ចប់ការសិក្សាជាគ្រូឧទ្ទេសកម្រិត FIFA ផងដែរ ។ ជាមួយការតែងតាំងលោកជានាយកបច្ចេកទេសក្លិបនេះ ភ្នំពេញក្រោនសង្ឃឹមថា លោកនឹងធ្វើការយ៉ាងសកម្មជាមួយក្រុមថ្នាលរបស់ក្លិបភ្នំពេញក្រោន ដើម្បីបណ្តុះបណ្តាលពួកគេឲ្យទទួលបានលទ្ធផលល្អសម្រាប់ក្លឹប និងក្រុមជម្រើសជាតិកម្ពុជានាពេលអនាគតខាងមុខ៕ អរគុណសន្តិភាព
​by fn
អត្ថបទដែលជាប់ទាក់ទង