ឈ្មួញខ្មែរសម្រុកនាំស្រូវទៅលក់នៅវៀតណាម តាមច្រកទ្វារអន្តរជាតិបន្ទាយចក្រីខេត្តព្រៃវែង ក្នុង១ថ្ងៃៗ មានរថយន្តដឹកស្រូវពី ២៥០គ្រឿង ទៅ៥០០គ្រឿង
ខេត្តព្រៃវែង៖ ដោយសារស្ថានភាពជំងឺកូវីដ-១៩ បានធ្វើឱ្យអាជីវករខ្មែរបង្ខំចិត្តនាំស្រូវទៅលក់នៅទឹកដីប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក្រោយអាជ្ញាធរវៀតណាមមិនអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួន មកទិញស្រូវនៅកម្ពុជា មានរថយន្តដឹកស្រូវរាប់រយគ្រឿង របស់ក្រុមឈ្មួញនាំស្រូវទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ដែលកំពុងសម្រុកដឹកស្រូវទៅលក់ទាំងយប់ទាំងថ្ងៃ។ មន្ត្រីជំនាញនៃប្រទេសទាំងពីរ មានការយក ចិត្តទុកដាក់ក្នុងការរឹតបន្តឹងយ៉ាងត្រឹមត្រូវ អំពីវិធានការសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩ ក្នុងនោះឈ្មួញក៏បានត្អូញតែថា មានការយកសេវាថ្លៃបេនមានតម្លៃថ្លៃនៅក្នុងទឹកដីវៀតណាម រីឯមន្ត្រីច្រកទ្វារ បានអះអាងថា មិនដូចការលើកឡើងនោះទេ (បើមានការបំផុសបែបនេះខ្លាចតែវៀតណាម បិទការនាំស្រូវចូលប្រទេសគេធ្វើឱ្យប្រជាកសិករមានការខាតបង់ច្រើន)។
ក្រុមអាជីវករនៅច្រកព្រំដែនច្រកបន្ទាយចក្រី ស្រុកព្រះស្តេច បានឱ្យដឹងថា ពួកគាត់សព្វថ្ងៃកំពុងតែមមាញឹកដឹកស្រូវទៅលក់ក្នុងដីវៀតណាម ដោយក្នុងរថយន្តដឹកស្រូវ ១គ្រឿង ចំណុះចាប់ពី ២៥តោន ត្រូវបង់សេវាថ្លៃបេន និងកម្មករថ្លៃគួរសមដែរអស់ប្រមាណជិត ៥០ម៉ឺនរៀលឯណោះ។
ពេលចុះបេនខាងដីខ្មែរពីមុន បង់មិនដល់ ២០ម៉ឺនរៀលទេ ហើយក្នុង១ថ្ងៃៗមានរថយន្តដឹកស្រូវរបស់ពួកគាត់ដឹកស្រូវចូលទៅលក់ក្នុងដីវៀតណាមពី ២៥០គ្រឿង ទៅ៥០០គ្រឿង ថវិកាទាំងនោះ គេមិនបានទារយកពីឈ្មួញខ្មែរផ្ទាល់ទេ គឺគេទារយកពីឈ្មួញវៀតណាម ម្ចាស់ទូក ប៉ុន្តែឈ្មួញវៀតណាមយកមកទូរទាត់ពីឈ្មួញខ្មែរវិញ ដោយការទម្លាក់តម្លៃស្រូវទាប ជាហេតុធ្វើឱ្យពួកគាត់រកស៊ីស្រូវមិនសូវចំណេញនោះទេ។
ក្រុមឈ្មួញបានបញ្ជាក់ថា «កាលពីមិនទាន់ផ្ទុះកើតជំងឺកូវីដ-១៩ ឈ្មួញវៀតណាមបើកទូកចូលមកទិញស្រូវពីឈ្មួញខ្មែរ ដល់មាត់ទឹកព្រំដែនខាងខ្មែរតែម្តង ដោយមានម្ចាស់បេនខាងខ្មែរ ជាអ្នករៀបចំ ហើយពួកគាត់ដែលជាឈ្មួញដើរទិញស្រូវតាមបណ្តាស្រុកខេត្តផ្សេងៗ ពេលដឹកមកដល់មាត់ច្រកគ្រាន់តែចរចារតម្លៃត្រូវរ៉ូវគ្នា ហើយក៏ទយគូថរថយន្តទម្លាក់ស្រូវចូលទូកភ្លាម ហើយបើមិនត្រូវថ្លៃគ្នាទេក៏អាចដឹកស្រូវទៅលក់នៅកន្លែងផ្សេងទៀតក៏បានដែរ គឺងាយស្រួលខ្លាំងណាស់ ប៉ុន្តែពេលនេះខុសគ្នាដាច់ស្រឡះព្រោះត្រូវបើករថយន្តឆ្លងព្រំដែន ចូលទៅទម្លាក់ស្រូវនៅក្នុងបេនខាងដីវៀតណាម ពេលទៅដល់ហើយតម្លៃថោកថ្លៃយ៉ាងណាក៏ត្រូវតែបង្ខំចិត្តលក់ឱ្យគេដែរ ព្រោះបើមិនលក់គ្មានលុយបង់ថ្លៃសេវាបេនឱ្យគេទេ ហើយរឿងដែលសំខាន់នោះ គឺពេលឆ្លងព្រំដែនចូលដីគេម្តងៗ ពួកគាត់បារម្ភខ្លាំងណាស់ គឺខ្លាចឆ្លងជំងឺកូវីដ-១៩»។ ទោះជាយ៉ាងណាក្រុមឈ្មួញ ក៏សូមសំណូមពរដល់អាជ្ញាធរខេត្តព្រៃវែង ក៏ដូចក្រសួងដែលពាក់ព័ន្ធ មេត្តាជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យឈ្មួញវៀតណាម ឆ្លងដែនចូលមកទិញស្រូវនៅត្រឹមបេន ក្នុងទឹកដីខ្មែរវិញទៅ ដើម្បីឱ្យកម្មករខ្មែរមានការងារធ្វើផង ហើយពួកគាត់ក៏កាត់បន្ថយការចំណាយច្រើនដែរ។
ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ក្រុមអាជីវករខាងលើនេះ ត្រូវបានលោក ហាស់ ពណ្ណភ័ណ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា សព្វថ្ងៃមានរថយន្តដឹកស្រូវទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនន្ទាយចក្រី ក្នុង១ថ្ងៃ ចាប់ពី ២៥០គ្រឿងទៅ ៣៥០គ្រឿង ហើយតម្លៃស្រូវវិញស្រូវល្អបាយទន់លក់ចេញមានតម្លៃ ១២០០រៀល ក្នុង១គីឡូក្រាម និងស្រូវអ៊ីអ៊ែរមានតម្លៃ ៩៧០រៀល ក្នុង១គីឡូក្រាមផងដែរ ចំណែកសេវាបង់ថ្លៃបេន និងកម្មករក្នុង ១តោនអស់ ១២ម៉ឺនដុង ហើយក្នុង ១រថយន្ត ចំណុះ ២៥តោន ចំណាយអស់ប្រមាណ ៥០ម៉ឺនរៀល។
ក្នុងនាមលោកជាប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី «គឺមានតែសម្របសម្រួលការចរាចរណ៍ទំនិញទៅវិញទៅមកតែប៉ុណ្ណោះ។ ចំណែកឯការអនុញ្ញាតឱ្យជនជាតិវៀតណាម មកទិញស្រូវនៅលើទឹកដីខ្មែរ គឺលោកមិនអាចធ្វើទៅរួចបានទេ ទាល់តែមានការឯកភាពពីភាគីទាំងសងខាង ជាពិសេសពិភពលោកយើងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូច្នេះ អាជ្ញាធរវៀតណាមមានការរឹតបន្តឹង គឺមិនឱ្យជនជាតិរបស់គេមកចូលទិញស្រូវនៅក្នុងទឹកដីប្រទេសយើងឡើយ»។
លោកបានបន្តថា ចំពោះវិធានការសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩វិញ ទាំងភាគីវៀតណាម បានបាញ់ថ្នាំសម្លាប់មេរោគទៅលើរថយន្ត និងភាគីខ្មែរ ក៏បានយកចិត្តទុកដាក់ គឺបាញ់ថ្នាំសម្លាប់មេរោគ និងស្កេនកំដៅជាដើម ដើម្បីធ្វើយ៉ាងណាមិនឱ្យមានការចម្លងជំងឺកូវីដ-១៩ នៅតាមច្រកទ្វាព្រំដែនអន្តរជាតិបន្ទាយចក្រីនោះឡើយ។
សូមបញ្ជាក់ថា ទោះបីជាជំងឺកូវីដ-១៩ បានផ្ទុះឡើង និងបានបង្ខំឱ្យមានការបិទទ្វារព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាមក្តី ប៉ុន្តែ សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំង២ គឺនៅតែអាចធ្វើឡើងជាធម្មតាជាក់ស្តែងសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី នៅតែមានការនាំចេញនាំចូលទំនិញទៅវិញ ទៅមកជាធម្មតាក្នុងនោះទំនិញនាំចូលពីប្រទេសវៀតណាម មានដូចជា ត្រី បន្លែ បង្កង សាច់ និងគ្រឿងទេសជាដើម ចំណែកទំនិញនាំចេញពីកម្ពុជា ទៅវៀតណាមវិញមានតែ ២មុខប៉ុណ្ណោះ គឺស្វាយ និងស្រូវ៕ by fn