JICA មិនត្រឹមតែជួយកសាង ប្រព័ន្ធលូបង្ហូរទឹក ការពារទឹកជំនន់ ប៉ុណ្ណោះទេ តែនូវបានកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរទឹកចូលទៅក្នុងទន្លេថែមទៀត

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា) មិនត្រឹមតែជួយកសាងហេដ្ឋារចនាសម្ព័ន្ធប្រពន្ធលូបង្ហូរទឹកដែលកាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែចៃការនូវបានកសាងនៅអាងប្រព្រឹត្តិកម្មទឹកកខ្វក់អោយក្លាយជាទឹកស្អាតមុននឹងបង្ហូរទឹកចូលទៅក្នុងទន្លេថែមទៀត។

នេះបើតាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកបានជួបសម្ដែងការគួរសមជាមួយលោក ស៊ូហ្កាណូ យូអ៊ីឈី ប្រធានតំណាងទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុនបញ្ចប់អណត្តិ(JICA ) និងលោកស្រីកាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) នៅសាលារាជធានីភ្នំពេញ​នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បញ្ចប់   អណត្តិ(JICA ) ដែលបានជួយដល់រាជធានីភ្នំពេញ ជាក់ស្តែងដូចជាការកសាងនូវប្រព័ន្ធបង្ហូរទឹក ការផ្ដល់រថយន្តក្រុងសាធារណៈការបំពាក់នូវកាមេរ៉ាសុវត្ថិភាព ជាមួយនឹងការផ្ដល់នូវបច្ចេកទេសផ្សេងៗទៀត ។ មកដល់ពេលនេះ JICA បានជួយរាជធានីភ្នំពេញលើគម្រោងការពារទឹកជំនន់ជំហានទី៤ហើយ ដោយក្នុងគម្រោងជំហានទី៤នេះ JICA បាននិងកំពុងធ្វើសកម្មភាពដាក់លូបង្ហូរទឹកខ្នាតធំនៅក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ ។

ឯកឧត្តមសង្ឃឹមថា គម្រោងទាំងពីរនេះនឹងកាត់បន្ថយបានយ៉ាងធំលើការលិចលង់ដោយជំនន់​ទឹកភ្លៀងនៅក្នុងខណ្ឌទាំងពីរនេះ។ ជាក់ស្តែង ក្នុងគម្រោងការពារទឹកជំនន់ជំហាន​ទី៣ ដែលអង្គការចៃកាបានធ្វើឡើងនៅក្នុងខណ្ឌ៧មករា ឃើញថា គម្រោងនេះទទួលបានជោគជ័យ ដោយកាត់បន្ថយបាននូវការលិចលង់យ៉ាងធំនៅខណ្ឌ៧មករា ជាងនេះទៀត ចៃកា បានកសាងអាងប្រតិកម្មទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងទន្លេថែមទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេពិសេសប្រជាពលរដ្ឋដែលរស់នៅខេត្តកណ្ដាល មិនទទួលរងនូវការប៉ះពាល់ដោយទឹកកខ្វក់នេះ។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមសហការជាមួយលោកស្រី កាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនគ្រប់ពេលវេលា ហើយឯកឧត្តមសង្ឃឹមថា កិច្ចប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញនិងអង្គការ JICA នឹងកាន់តែល្អប្រសើរមួយកំរិតថែមទៀត។

លោក ស៊ូហ្កាណូ យូអ៊ីឈី ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបញ្ចប់​អណត្តិ JICA បានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងអាណត្តិជាង ៣ឆ្នាំ ដែលលោកបានបំពេញការងារនៅរាជធានីភ្នំពេញ JICA បានជួយរាជធានីភ្នំពេញច្រើន ដូចការបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ការកសាងនូវប្រព័ន្ធបណ្ដាញលូជាដើម ហើយក្នុងពេលនេះ JICA បាននិងកំពុងធ្វើសកម្មភាពដាក់លូបង្ហូរទឹកខ្នាតធំនៅក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ គម្រោងនេះក៏បានឈានទៅរកភាពជោគជ័យមួយទៀតដែរ។

ជាទិសដៅរបស់ JICA និងផ្ដល់បច្ចេកទេសទៅលើការគ្រប់គ្រងប្រព័ន្ធចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ការគ្រប់គ្រងប្រព័ន្ធលូបង្ហូរទឹក គម្រោងរៀបចំប្រព័ន្ធដឹកជញ្ជូននៅរាជធានីភ្នំពេញការរៀបចំ នគររូបនីយកម្មដែនដី ប្រព័ន្ធដឹកជញ្ជូនជាដើម ទោះបីលោកត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញក៏ពិតមែន លោកនៅតែបន្តជួយរាជធានីភ្នំពេញបន្ថែមទៀត តាមរយៈលោកស្រី កាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង