ឯកឧត្ដម ជ្រុន ថេរ៉ាវីវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទចុះពិនិត្យវឌ្ឃនភាពនៃការលើកកម្ពស់អនាម័យជនបទ

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះអញ្ជើញអមដំណើរ ឯកឧត្ដម ជ្រុន ថេរ៉ាវីវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ និងជាប្រធានគណកម្មការកម្មវិធីលើកកម្ពស់អនាម័យជនបទនៃក្រសួងអភិវឌ្ឍជនបទ អញ្ជើញចុះពិនិត្យ វឌ្ឍនភាពការលើកកម្ពស់អនាម័យជនបទ តាមសហគមន៍ប្រជាពលរដ្ឋ និងមានការចូលរួមពីសមាជិកប្រតិភូ លោកប្រធានមន្ទីរអភិវឌ្ឍជនបទខេត្ត និងសហការី ។

ដោយផ្អែកលើគោលដៅអភិវឌ្ឍសហស្សវត្តជាតិ នៃប្រទេសកម្ពុជាលើវិស័យអនាម័យជនបទលើកឡើងថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅក្នុងសហគមន៏គ្រប់រូប ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត ការរស់នៅស្អាត និងអនាម័យ ប្រកបដោយនិរន្ដរ៍ភាព ដូច្នេះឯកឧត្ដម បានដឹកនាំសមាជិកគណកម្មការ កម្មវិធីលើកកម្ពស់អនាម័យជនបទ នៃក្រសួងអភិវឌ្ឍជនបទសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចុះពិនិត្យវឌ្ឍនៈភាពក្នុងការអនុវត្តសកម្មភាពរបស់មន្ទីរ និងអង្គការដៃគូ សម្រាប់ធ្វើការចែករំលែកបទពិសោធន៍នានាពាក់ព័ន្ធ និងបញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តការងារ និងធ្វើការពង្រឹងចំណងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង រវាងស្ថាប័ន អង្គការ សហគមន៍ ដែលពាក់ព័ន្ធ និងចុះពិនិត្យការផ្តល់នូវទឹកស្អាតបរិភោគ និងបង្គន់អនាម័យ និងការអប់រំពួកគេឲ្យយល់ពីភាពចាំបាច់​នៃការលាងសម្អាតដៃជាមួយនឹងសាប៊ូជាមួយទឹក ដែលជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុត ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ពួកគេ និងធានាយ៉ាងណាឲ្យពួកគេក្លាយជាមនុស្សពេញវ័យដែលមានសុខភាពល្អ ជាពិសេសនៅតាមតំបន់ជនបទ ប្រជាពលរដ្ឋមានចំណេះដឹងតិចតួច អំពីសារៈសំខាន់នៃអនាម័យត្រឹមត្រូវ។

ក្នុងដំណើរបំពេញទស្សនកិច្ចឃើញថា ខេត្តក្រចេះបាននិងកំពុងសម្រេចបាននូវវឌ្ឍនភាពជាបណ្តើរៗ ប៉ុន្តែវឌ្ឍនភាពទាំងនេះពុំទាន់គ្រប់គ្រាន់ ដើម្បីបំពេញទៅតាមចំណុចដៅផ្នែកអនាម័យ និងទឹកស្អាតឡើយ។ បើទោះបីជាប្រព័ន្ធទឹកស្អាត និងអនាម័យ និងទម្លាប់ប្រើប្រាស់ទឹកស្អាត និងអនាម័យមានភាពល្អប្រសើរជាងមុនក៏ដោយ គឺអត្រាបន្ទោរបង់​ពាសវាល​ពាសកាលនៅមានកំរិត ពោលគឺក្នុងចំណោមប្រជាពលរដ្ឋដែល រស់នៅជនបទនៅមានជីវភាពក្រីក្រ ដែលនៅបន្ទោរបង់ក្នុងប្រភពទឹកចំហ ឬបន្ទោរបង់ពាសវាលពាសកាលដោយមិនបានប្រើប្រាស់បង្គន់។ ទម្លាប់បែបនេះ បន្តជាបញ្ហាប្រឈមដ៏សែនគ្រោះថ្នាក់មួយ ព្រោះថាលាមករបស់មនុស្សដែលនៅជិតផ្លូវទឹក និងផ្ទះសម្បែង នាំឲ្យមានការសាយភាយជំងឺយ៉ាងឆាប់រហ័ស និងធ្វើ គ្រួសាររបស់ពួកគេប្រឈមនឹងហានិភ័យ។

ឯកឧត្ដមបានសម្តែងនូវការកោតសរសើរ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ ដែលបានសហការគ្នា អនុវត្តការងារផ្គត់ផ្គង់ទឹក និងការលើកកម្ពស់អនាម័យជនបទ យ៉ាងល្អប្រសើរ សំខាន់សម្រាប់ខេត្ត នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹក និងការលើកកម្ពស់អនាម័យជនបទ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូ ដែលបានខិតខំអនុវត្តការងារមួយនេះឱ្យទទួលបាននូវលទ្ធផលល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ចេញឱ្យអនុវត្តន៍ ស្របតាមពាក្យស្លោក រស់នៅស្អាត ហូបស្អាត និងផឹកស្អាត៕

អត្ថបទដែលជាប់ទាក់ទង