ក្រុមហ៊ុន SGW មិនបានខិតខំបំពេញកាតព្វកិច្ចសាងសង់របស់ខ្លួនឱ្យប្រសើរឡើង ធ្វើឲ្យក្រុមហ៊ុន អកស៍ឡី ជេម សម្រេចផ្ទេរឲ្យក្រុមហ៊ុន CRUCG អភិវឌ្ឍបន្ត
គម្រោង The Peak គឺជាគម្រោងអភិវឌ្ឍន៍អគារចម្រុះ ៥៥ជាន់ ដែលរួមមានអគារមួយសម្រាប់សណ្ឋាគារ និងការិយាល័យ និងអគារពីរទៀតសម្រាប់អគារស្នាក់នៅ ផ្សារទំនើប និងចំណតរថយន្តជាច្រើនជាន់ (តទៅនេះហៅថា «គម្រោង») ដែលត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុនអកស៍ឡី ជេម (ខេមបូឌា) ខូ អិលធិឌី(តទៅនេះហៅថា «ក្រុមហ៊ុន អកស៍ឡី ជេម»)ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Oxley Holdings Limited។ ក្រុមហ៊ុន អកស៍ឡី ជេមបានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd. (តទៅនេះហៅថា «ក្រុមហ៊ុន SGW»)ឱ្យក្រុមហ៊ុន SGWធ្វើជាអ្នកម៉ៅការសាងសង់គម្រោងនេះ។
ជាអកុសល ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេ របស់ក្រុមហ៊ុន SGW និងដោយសារក្រុមហ៊ុន SGW គ្រប់គ្រងគម្រោងមិនត្រឹមត្រូវ ជាហេតុនាំឱ្យការសាងសង់គម្រោងជួបប្រទះការលំបាក និងមានភាពយឺតយ៉ាវជាខ្លាំង។ ក្រុមហ៊ុន អកស៍ឡី ជេម ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍នៃគម្រោងនេះ បានស្នើផ្តល់ជំនួយដល់ក្រុមហ៊ុន SGW ដើម្បីឱ្យក្រុមហ៊ុននេះអាចសាងសង់ឱ្យរួចទាន់ពេលវេលា ស្របតាមកិច្ចសន្យា ហើយថែមទាំងបានពន្យារពេលជូនក្រុមហ៊ុន SGW សម្រាប់ធ្វើការបញ្ចប់ការសាងសង់ទៀត។ យ៉ាងណាម៉ិញ ក្រុមហ៊ុន SGW មិនបានខិតខំបំពេញកាតព្វកិច្ចសាងសង់របស់ខ្លួនឱ្យប្រសើរឡើងឡើយ ដែលជាកត្តាបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុននេះ ពិតជាមិនមានសមត្ថភាពក្នុងការបញ្ចប់ការសាងសង់គម្រោងទៅតាមពេលវេលាកំណត់ឡើយ។ ដូច្នេះ ដើម្បីជៀសវាងការយឺតយ៉ាវបន្ថែមទៀត ក្រុមហ៊ុន អកស៍ឡី ជេម បានសម្រេចចិត្តរំលាយកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន SGW នាខែតុលា ឆ្នាំ២០១៩។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន អកស៍ឡី ជេម បានតែងតាំងក្រុមហ៊ុនសំណង់ថ្មីមួយទៀត សម្រាប់បន្តសាងសង់អគារ ពោលគឺក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (តទៅនេះហៅថា «ក្រុមហ៊ុន CRUCG») ដែលជាក្រុមហ៊ុនរដ្ឋចិន ដែលមានស្ថានភាពហិរញ្ញវត្ថុរឹងមាំល្អ។
នៅពេលដែលកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន SGW ត្រូវបានរំលាយ ក្រុមហ៊ុននេះមានកាតព្វកិច្ចក្នុងការចាកចេញពីទីតាំងគម្រោង ដើម្បីឱ្យក្រុមហ៊ុន CRUCG ចូលកាន់កាប់ទីតាំងដើម្បីបន្តការសាងសង់គម្រោង។ យ៉ាងណាម៉ិញ ក្រុមហ៊ុន SGW បានបំពានកាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួន ដោយមិនព្រមចាកចេញពីទីតាំងគម្រោង និងធ្វើការកាន់កាប់គម្រោងយ៉ាងខុសច្បាប់។ សកម្មភាពនេះ បង្កឱ្យការសាងសង់គម្រោងកាន់តែយឺតយ៉ាវខ្លាំង ដោយសារក្រុមហ៊ុន CRUCG មិនអាចចូលក្នុងទីតាំងគម្រោងដើម្បីចាប់ផ្តើមការងាររបស់ខ្លួនបាន។
ហេតុដូចនេះ ក្រុមហ៊ុន អកស៍ឡី ជេម បានដាក់ពាក្យសុំដីកាសម្រេចរក្សាការពារនៅសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំឱ្យតុលាការបង្គាប់ឱ្យក្រុមហ៊ុន SGW ចាកចេញពីទីតាំងគម្រោង ដើម្បីអាចឱ្យ ក្រុមហ៊ុន អកស៍ឡី ជេម អនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងនាមជាម្ចាស់ និងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង។
នៅក្នុងនីតិវិធីរក្សាការពារនេះ តុលាការបានធ្វើការកោះហៅ និងបានផ្តល់ឱកាសសមរម្យឱ្យក្រុមហ៊ុន SGW ចូលរួមក្នុងនីតិវិធី ដើម្បីធ្វើការតតាំង និងការពារខ្លួនតាមផ្លូវតុលាការ។ យ៉ាងណាម៉ិញ ក្រុមហ៊ុន SGW មិនអើពើចំពោះការកោះហៅរបស់តុលាការឡើយ ដែលនាំឱ្យសាលាដំបូងរាជធានីភ្នំពេញ សម្រេចយល់ស្របតាមការស្នើសុំរបស់ ក្រុមហ៊ុន អកស៍ឡី ជេម។ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចរក្សាការពារចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបង្គាប់ឱ្យក្រុមហ៊ុន SGW អ្នកម៉ៅការបន្ត និងបុគ្គលិករបស់ពួកគេ ចាកចេញពីទីតាំងគម្រោងជាបន្ទាន់។
នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តដីកាសម្រេចរក្សាការពារ នៅទីតាំងគម្រោង ស្របតាមនីតិវិធីច្បាប់ជាធរមាន ដោយមានជំនួយពីអាជ្ញាធរមានសមត្ថកិច្ច។ នាពេលអនុវត្តនោះ ក្រុមហ៊ុន SGW ប្រកែកមិនព្រមសហការជាមួយអាជ្ញាសាលា និងអាជ្ញាធរឡើយ ហើយថែមទាំងធ្វើការរារាំងការអនុវត្តដីកាតុលាការ ដោយបានប៉ះទង្គិចជាមួយអាជ្ញាធរមានសមត្ថកិច្ច។ ចំពោះសកម្មភាពរបស់ក្រុមហ៊ុន SGW ដែលប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការនិងការរារាំងអាជ្ញាធរនៅពេលកំពុងអនុវត្តភារកិច្ចមេធាវីរបស់ក្រុមហ៊ុន អកស៍ឡី ជេម បានលើកឡើងថា ទង្វើនេះអាចចាត់ទុកជាបទល្មើស ក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ទោះបីជាមានការរារាំងយ៉ាងនេះក្តី ក្រោយមកអាជ្ញាសាលាបានធ្វើការនាំខ្លួនក្រុមការងាររបស់ក្រុមហ៊ុន SGW ចេញពីទីតាំងគម្រោងដោយជោគជ័យ ហើយគិតមកដល់ថ្ងៃនេះ ក្រុមហ៊ុន អកស៍ឡី ជេម អាចកាន់កាប់ និងគ្រប់គ្រងទីតាំងគម្រោងបានវិញយ៉ាងពេញលេញហើយ ដូច្នេះ ក្រុមហ៊ុន CRUCG អាចនឹងចាប់ផ្តើមការងារសាងសង់គម្រោងបន្ត ក្នុងពេលឆាប់ៗខាងមុខនេះ។
នាពេលនេះ ក្រុមហ៊ុន អកស៍ឡី ជេមកំពុងបង្គាប់ឱ្យមេធាវីរបស់ខ្លួនធ្វើការសិក្សាទិដ្ឋភាពតាមផ្លូវច្បាប់ និងរៀបចំឯកសារក្នុងការទាមទារសំណងការខូចខាតពីក្រុមហ៊ុន SGW សម្រាប់រាល់ការខូចខាតដែលខ្លួនទទួលរង ដោយសារការបំពានកាតព្វកិច្ច និងសកម្មភាពបំពានច្បាប់ជាច្រើនរបស់ក្រុមហ៊ុន SGW ៕ by The Peak