ពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់ សួនបណ្តុំសហគ្រាសធុនតូចនិងមធ្យម របស់ក្រុមហ៊ុន វើលដ៍ ប្រ៊ីដ អ៊ិនដាសស្ទ្រៀល ឌីវេឡុបម៉ិន ឯ.ក
ខេត្តកណ្ដាល៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រការបង្កើតសួនបណ្តុំសហគ្រាសធុនតូចនិងមធ្យមរបស់ក្រុមហ៊ុន Worldbrigde Industrial Development Co., Ltd.) និងត្រូវបានចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសអាទិភាពរបស់រាជរដ្ឋាភិបាល សម្រាប់ទម្លាយទីផ្សារពិភពលោក តាមរយៈការនាំចេញនូវផលិតផលរបស់កម្ពុជាជាបន្ដបន្ទាប់ទៀត នាពេលខាងមុខ។ ការលើកឡើងនេះ ក្នុងពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់ ”សួនបណ្តុំសហគ្រាសធុនតូច និងមធ្យម” របស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដអ៊ិនដាសស្ទ្រៀលឌីវេឡុបម៉ិនឯ.ក(Worldbrigde Industrial Development Co., Ltd.) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្ដី ចម ប្រសិទ្ធ បានមានប្រសាសន៍ថា សម្រាប់សហគ្រាសធុនតូចនិងមធ្យមដែលចូលមកក្នុងគម្រោង បង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យមនេះ ត្រូវផលិតនូវផលិតផលដែលមានគុណភាព និងផលិតផលពិតប្រាកដ មិនលួចចម្លង ឬកូពីពីខាងណានោះទេ ដែលមានការការពារកម្មសិទ្ធិបញ្ញាគ្រប់គ្រាន់ ដើម្បីធានាគុណភាពផលិតផលរបស់កម្ពុជាសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្ដរជាតិគឺដែលគេទទួលស្គាល់ថាជារបស់កម្ពុជា ដោយគោរពតាមស្ដង់ដារកម្ពុជាផង និងស្ដង់ដារអន្ដរជាតិផង។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្ដីបានបន្ដថា សហគ្រាសនៅកម្ពុជាត្រូវតែមានការវិវត្ដ ដោយមិនត្រូវធ្វើតាមរបៀបពីបុរាណដែលយើងធ្វើកន្លងមកបន្ដទៀតនោះទេ ត្រូវតែចាប់យកបច្ចេកវិទ្យាថ្មីៗដែលមាននៅលើពិភពលោក។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្ដីបន្ដទៀតថា បើទោះបីកម្ពុជាយើងយឺតជាងគេមែន ប៉ុន្ដែពេលអនុវត្ដន៍បច្ចេកវិទ្យាយើងមិនត្រូវយកបច្ចេកវិទ្យាដែលគេធ្វើហើយនោះទេ ត្រូវយកបច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីយកមិនអភិវឌ្ឍន៍ប្រទេស ហើយដើរតាមទាន់សភាពការណ៍ និងតម្រូវការរបស់ពិភពលោក។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្ដីបានថ្លែងថា “យើងចង់ប្រមូលផ្ដុំសហគ្រាសខ្នាតតូច និងមធ្យមមក ដើម្បីឃុំគ្រង និងជួយឧបត្ដម្ភពួកគាត់សព្វបែបយ៉ាង ព្រមទាំងជួយតម្រង់ទិសទៅរកទីផ្សារនៅលើពិភពលោកបាន បើមិនអីច្ចឹងទេ សហគ្រាសខ្នាតតូច និងមធ្យមកើតហើយស្លាប់ៗ។ រាជរដ្ឋាភិបាលខិតខំ លើកទឹកចិត្ដឱ្យសហគ្រាសខ្នាតតូច និងមធ្យមប្រកាន់យកនូវបច្ចេកវិទ្យាដែលចាំបាច់ សម្រាប់អភិវឌ្ឍន៍លើខ្លួនឯងនាពេលអនាគត”។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្ដី ចម ប្រសិទ្ធ បានសង្កត់ធ្ងន់ថា អ្វីដែលជាបច្ចេកវិទ្យាចុងក្រោយនៅលើពិភពលោក សហគ្រាសធុនតូច និងមធ្យម ត្រូវចាប់យកឱ្យបាន ដើម្បីជំរុញអភិវឌ្ឍន៍ខ្លួនឯងលើបច្ចេកវិទ្យាឌីជីថល នាពេលខាងមុខ។ ទន្ទឹមនេះ ចំពោះការបម្រែបម្រួលឌីជីថល គឺមានទំហំធំណាស់ ដែលបច្ចេកវិទ្យាទាំងអស់ នឹងមានការវិវត្ដខ្លួនទៅទាំងអស់ ហើយប្រសិនបើយើងមិនបានក្ដាប់បាននូវការវិវត្ដរបស់ទីផ្សារលើពិភពលោកនោះទេ ផលិតផលរបស់យើងក៏មិនអាចប្រកួតប្រជែង និងស្វែងរកអតិថិជន ដើម្បីទិញផលិតផលរបស់យើងនោះទេ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្ដីបានចាត់ទុកការបង្កើតសួនបណ្តុំសហ គ្រាសធុនតូចនិងមធ្យមនេះ គឺពិតជាមានសារៈសំខាន់ណាស់ដោយសារតែការប្រមូល SME យកមកធ្វើនេះ គឺស្របតាមសេចក្ដីត្រូវការនៅលើទីផ្សារមាន បើពួកគាត់ខ្វះទុនគឺមានប្រភពហិរញ្ញវត្ថុ ធនាគារសម្រាប់ផ្ដល់ការគាំទ្រដល់ SME ការផ្ដល់កម្ចីពង្រីកនូវអាជីវកម្ម រួមទាំងការបណ្ដុះបណ្ដាលនូវបច្ចេកវិទ្យា ជំនាញកាន់បញ្ជីគណនេយ្យ និងបណ្ដុះបណ្ដាលការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពថែមទៀត។ លើសពីនេះទៀត នៅពេលដែល SME ផលិតបានហើយ ត្រូវការដឹកជញ្ជូនផលិតផលទៅលក់នៅលើទីផ្សារទាំងក្នុងស្រុក និងអន្ដរជាតិ ដែលក្រុមហ៊ុន Worldbrigde ជាអ្នកផ្ដល់សេវាកម្មដឹកជញ្ជូន និងទំនាក់ទំនងដឹកជញ្ជូនផលិតផលលក់នៅលើទីផ្សារ ដែលអាចផ្ដល់នូវសេវាគ្រប់បែបយ៉ាងដល់សហគ្រាសខ្នាតតូច និងមធ្យម ខណៈពេលដែលមកវិនិយោគនៅក្នុងតំបន់ប្រមូលផ្ដុំនេះ។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានលើកឡើងថា ការបង្កើតសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យមនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមដែលអាចជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស ផ្នែកហិរញ្ញវត្ថុ និងផ្នែកទីផ្សារជាដើម។ លោកឧកញ៉ាសង្ឃឹមថា សហគ្រាសធុនតូច និងមធ្យម ដែលចូលទៅក្នុងសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យមនេះហើយ នឹងទទួលបាននូវផលប្រយោជន៍ជាច្រើនសម្រាប់អាជីវកម្មរបស់ខ្លួន។
លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប្រ៊ីដអ៊ិនដាសស្ទ្រៀលឌីវេឡុបម៉ិនឯ.ក(Worldbrigde Industrial Development Co., Ltd.) បានឱ្យដឹងថា គម្រោងបង្កើត ”ចង្កោមសហគ្រាសធុនតូចនិងមធ្យម”របស់ក្រុមហ៊ុននេះ ក្នុងគោលបំណង ពង្រឹងការគ្រប់គ្រងនិងជំរុញលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈកិច្ចដំណើរការផលិតកម្ម អាជីវកម្ម និងសេវាកម្មនៅមួយកន្លែង ដែល មានភាពប្រទាក់ក្រឡាគ្នាផ្គត់ផ្គង់និងបំពេញឱ្យគ្នាទៅវិញទៅមក។លោកឧកញ៉ាបានបន្ដថា ក្រុមហ៊ុនក៏បានសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជា អង្គការសហ ប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីជួយសម្រួលដល់រៀបចំបង្កើត”ចង្កោមសហគ្រាសធុនតូចនិងមធ្យម”ស្ទើរ តែ លើផ្នែកទាំងអស់។
លោកឧកញ៉ាបានឱ្យដឹងទៀតថា ចំណុចសំខាន់ៗដែលក្រុមហ៊ុនបាន ផ្ដល់សេវាកម្មក្នុងគម្រោងនេះ គឺអាចផ្តល់អត្ថ ប្រយោជន៍ដល់សហគ្រាសធុនតូចនិងមធ្យម ឬសហគ្រិននានាឱ្យយល់ដឹងអំពីសារៈសំខាន់ ក្នុងការបង្កើតជាចង្កោមខ្សែសង្វាក់ផលិតកម្មពេញលេញ និងឆ្លើយតបឱ្យគ្នាទៅវិញទៅមក ដែលមានលក្ខណៈជាប្រព័ន្ធអេកូឡូស៊ី នៅក្នុង WORLDBRIDGE I4.0 SME CLUSTER។ លោកឧកញ៉ាបានលើកឡើងថា តាមរយៈការវិនិយោគជាផ្លូវការលើសេវាកម្មដែលមានស្តង់ដារ និងហេដ្ឋារចនាសម្ព័ន្ធដែលអាចជឿទុកចិត្តបានសម្រាប់សហគ្រាសធុនតូច និងមធ្យមនេះ ខ្សែសង្វាក់ផលិតកម្មពិតជាអាចលើកស្ទួយផ្តល់តម្លៃ បង្កើតធនធាន ចំណេញពេលវេលា មានស្មារតីច្នៃប្រឌិតផលិតកម្ម និងការគ្រប់គ្រងប្រកបដោយគុណភាព និងប្រសិទ្ធភាព ក្នុងការចំណាយ។
លោកឧកញ៉ាបានបន្ថែមថា ក្រុមហ៊ុនWorldbridge Industrial Developmentsយល់ថាគម្រោងថ្មីៗទាំងអស់របស់យើងទាក់ទិនទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាមួយស្ថាប័នជាតិ និងអន្តរជាតិ គឺដោយសារការឈ្វេងយល់ឃើញថា គម្រោងទាំងនោះ វាពិតជាអាចគាំទ្រដល់ស្ថិរភាពនៃការរស់នៅរបស់ពលរដ្ឋដែលមានជីវភាពកម្រិតមធ្យមឱ្យកាន់តែមានការរីកចម្រើនជាវិជ្ជមាន។ មិនតែប៉ុណ្ណោះ គម្រោងទាំងនេះអាចផ្តល់គុណប្រយោជន៍រួម ផ្តល់ការទ្រទ្រង់ដល់គ្នាទៅវិញទៅមក និងធ្វើឱ្យទំនាក់ទំនងក្នុងសហគមន៍កាន់តែល្អ ថែម ទាំងអាចជួយជំរុញឱ្យពលរដ្ឋចូលរួមក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ មានចំនួនកាន់តែច្រើនតាមរយៈការផ្តល់ហិរញ្ញប្បទានសមស្របតាមលទ្ធភាព ដែលមិនបង្កឱ្យមានឱនភាពប៉ះពាល់ដល់សង្គម។ ផ្ទុយទៅវិញវាអាចផ្តល់ឱកាសឱ្យពលរដ្ឋបន្តមានការរីកលូតលាស់សេដ្ឋកិច្ចគ្រួសារ និងសង្គមប្រកបដោយចីរភាពបានកាន់តែប្រពៃ។ ជាមួយគ្នានេះ ក្រុមហ៊ុន Worldbridge Industrial Developments នឹងបន្តកិច្ចសហការគ្នាលើកកម្ពស់ការអភិវឌ្ឍ និងបង្កើតឱកាសឱ្យកាន់តែប្រសើរក្នុងការធ្វើនវានុវត្តន៍លើវិស័យនានាមួយចំនួន ដែលក្នុងនោះក៏មានផ្នែកដឹកជញ្ជូនផងដែរ ក្នុងបំណងជួយទ្រទ្រង់ដល់ក្រុមគ្រួរសារដែលមានចំណូលទាប និងមធ្យម សម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងសម្រាប់អាជីកម្មថ្មីៗបន្ថែមទៀត។
លោកឧកញ៉ាបានបន្ដទៀតថា ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ យើងពិតជានឹងអាចសម្រេចបាននូវសមិទ្ធផលដ៏មានសារៈសំខាន់មិនត្រឹមតែសម្រាប់អតិថិជនរបស់យើងប៉ុណ្ណោះទេ គឺថែមទាំងអាចផ្តល់ការលើកស្ទួយដល់ពលរដ្ឋដទៃៗ ទៀតនៅទូទាំងប្រទេសកម្ពុជា អាចរៀនសូត្រពីយើង និងរិះរកមធ្យាបាយច្នៃប្រឌិតឱ្យបានកាន់តែល្អប្រសើរជាងក្រុមហ៊ុនរបស់យើងថែមទៀត។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចឯកភាពផ្តល់ការលើកទឹកចិត្ត ជាកញ្ចប់ដល់ក្រុមហ៊ុនវើលដ៍ប្រ៊ីដអ៊ិនដាសស្រ្ទៀលឌីវេឡុបម៉ិន ក្រុមហ៊ុនក៏បានរៀបចំសួនបណ្តុំសហគ្រាសធុនតូច និងមធ្យម ដែលគម្រោងសាងសង់នេះ មានរយៈពេល៨ ខែ និងគ្រោងបញ្ចប់នៅឆ្នាំចុងឆ្នាំ ២០២១ ដោយចែងចេញជា ៧ផ្នែកសំខាន់ៗ ដូចជា៖ ១. មជ្ឈមណ្ឌលសវាកម្ម ក្នុងនោះមាន៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យច្រកចេញ-ចូល តែមួយ មជ្ឈមណ្ឌលហ្វឹកហ្វឺន មន្ទីរពិសោធន៍ ទីតាំងលំហ សម្រាប់អាហារដ្ឋាននិងភេសជ្ជៈ មណ្ឌលពិនិត្យសុខភាព និងមណ្ឌលថែទាំកុមារ មណ្ឌលសន្និសីទ សេវាកម្ម លំនៅឋាន និងការិយាល័យ។ ២. មណ្ឌលទ្រទ្រង់គ្រឿងបរិក្ខារឧស្សាហកម្ម ចង្កោមសហគ្រាសខ្នាតតូច និងមធ្យមមួយឈុត មានផ្ទៃសរុបប្រមាណ១,០៩៧ ម៉ែត្រក្រឡា ដោយមាន ការផ្គត់ផ្គង់ទឹកក្តៅ ទឹកត្រជាក់ ប្រព័ន្ធគ្រប់គ្រងថាមពលដើរដោយពន្លឺព្រះអាទិត្យ ទីតាំងការិយាល័យ សាលតាំងពិព័រណ៍ តំបន់ភស្តុភារ តំបន់ទីធ្លាបរិវេណលំហខាងក្រៅ។
៣. ហេដ្ឋារចនាសម្ព័ន្ធ ដែលមានការផ្គត់ផ្គង់ចរន្តថាមពល ដើរដោយឥន្ធនៈ និងដោយអគ្គិសនី ប្រព័ន្ធគ្រប់គ្រងថាមពល ប្រព័ន្ធគ្រប់គ្រងអគារ ការផ្គត់ផ្គង់ទឹកស្អាត ការប្រមូល និងគ្រប់គ្រងសំរាម និងសំណល់ឧស្សាហកម្ម រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ ផ្តល់សេវាទូរទស្សន៍ខ្សែកាប និងសេវាសន្តិសុខ២៤ម៉ោងក្នុងមួយថ្ងៃ និងពេញមួយសប្តាហ៍ ផ្តល់សេវាកម្មពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់ ផ្តល់ថាមពលបម្រុង ២៤ម៉ោងក្នុងមួយថ្ងៃ និងពេញមួយសប្តាហ៍ មានស្ថានីយបញ្ចូលអគ្គិសនីរថយន្ត។
៤. មជ្ឈមណ្ឌលភស្តុភារ និងសេវាកម្ម ផ្តល់សេវាកម្មដឹកជញ្ជូនទំនិញក្នុងស្រុក មានផ្តល់សេវាកម្មជម្រះបញ្ជីពន្ធគយនាំចូល និង នាំចេញ មានការិយាល័យបម្រើសេវាគយនៅក្នុងទីតាំងផ្ទាល់ ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ មានសេវា កម្មវេចខ្ចប់ទំនិញរក្សាសីតុណ្ហភាពត្រជាក់ មានសេវាកម្មបន្ថែមតម្លៃលើការទទួល និងវេចខ្ចប់ទំនិញ មាននាវា និងរថយន្តដឹកជញ្ជូនទំនិញទំនើបៗ។ ៥. ភាពងាយស្រួល ក្នុងការ ប្រកបធុរកិច្ច ដែលមានមជ្ឈមណ្ឌលស្រាវជ្រាវនិងវាយតម្លៃ មានមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅនឹងកន្លែង មានកន្លែងប្រារព្ធព្រឹត្តិការណ៍/ បំពេញមុខងារមានសាលប្រជុំ និងសាលធ្វើសន្និសីទ មានទីតាំងសម្រាប់ជួលធ្វើពាណិជ្ជកម្មនិងកន្លែងលក់រាយ សេវាព័ត៌មានលុបបំបាត់ចោលនូវរាល់ការចេញផ្សាយពាណិជ្ជកម្មណាដែលរំខានដល់ធុរកិច្ចស្របច្បាប់។
៦. ផ្តល់ភាពងាយស្រួលដល់កម្មករក្នុងការប្រកបការងារដោយមានបង្កើតអាហារដ្ឋានសម្រាប់កម្មករ ភោជនីយដ្ឋាន និងឃ្យូសសម្រាប់ទទួលទានភេសជ្ជៈ ទិវាទីផ្សារកម្មករ ស្ថានីយបញ្ចូលអគ្គិសនីម៉ូតូឥតគិតថ្លៃ ទីតាំងលំហែសម្រាប់សាធារណៈ និងឯកជន មន្ទីរពិនិត្យសុខភាពនៅតាមកន្លែងធ្វើការ និងមានលំនៅឋានសម្រាប់កម្មករ ឬបន្ទប់ជួលផ្តល់សេវាកម្ម។ ៧.ផ្តល់សេវាកម្មគាំទ្រដទៃទៀតដូចជាសេវាគាំទ្រផ្សេងៗ រួមមាន គណនេយ្យ ធនធានមនុស្ស ទីផ្សារព័ត៌មានវិទ្យា ជាដើម ផ្តល់ការបញ្ចូលសេវា មុនផ្តើមដំណើរការ សេវាកម្មប្រឹក្សាហិរញ្ញវត្ថុនិងប្រាក់កម្ចី ការធ្វើរបាយការណ៍ និងការធ្វើតេស្ដកម្មករសហ គ្រាសធុនតូចនិងមធ្យម មានមណ្ឌលប្រព្រឹត្តិកម្មទឹកកខ្វក់នៅលើទីតាំង និងផ្តល់សេវា ការជ្រើសរើសពលករ៕