Detail Top Banner

ឯកឧត្ដម ឃួង ស្រេង រដ្ឋបាលរាជធានីភ្នំពេញ កំពុងចាប់ផ្តើមលើកផែនការអភិវឌ្ឍស្ថានីយបូមទឹកបឹងទំពុន បន្ថែមទៀត ដើម្បីបញ្ចៀសការលិចលង់ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមលើកផែនការអភិវឌ្ឍស្ថានីយបូមទឹកបឹងទំពុនបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាខាងមុខ។

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ផែនការបំពាក់ម៉ាស៊ីនបូមទឹកថ្មីទំហំ១ម៉ែត្រកន្លះ ចំនួន១គ្រឿង និងទំហំ១ម៉ែត្រ២តឹកចំនួន២គ្រឿង រួមទាំងការស្តារប្រឡាយទឹកឱ្យកាន់តែធំ និងជីកបុកស៊ីផាយអមសងខាងប្រឡាយនៅស្ថានីយបូមទឹកបឹងទំពុន ដើម្បីពន្លឿនការបូមទឹក ឱ្យបានលឿន បញ្ចៀសនូវការលិចលង់ដោយជំនន់ ទឹកភ្លៀងនៅឆ្នាំក្រោយៗទៀត។

ការសម្រេចលើកផែនការបំពាក់ម៉ាស៊ីបូមទឹកថ្មី រួមទំាងការស្តារប្រលាយនៅស្ថានីយ បូមទឹកបឹងទំពុងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពីការអភិវឌ្ឍស្ថានីយបូមទឹកបឹងទំពុន នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ដោយឆ្នាំនេះ ស្ថានភាពទឹក ភ្លៀងធ្លាក់ខ្លំាងរួមទំាងសមត្ថភាពបូមទឹកនៅមានកម្រិត បានធ្វើឱ្យតំបន់មួយចំនួនរងការ ជន់លិចដោយសារជំនន់ទឹកភ្លៀង ដែលបង្កការរំខានដល់ជីវភាព និងរស់នៅរបស់ ប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ស្ថានីយ បូមទឹកបឹងទំពុន នេះបានទទួលទឹកពីផ្ទៃរងទឹកភ្លៀងជាច្រើន ដូចជាហូរពី បឹងសាឡាង តំបន់ម៉ុងឌីយ៉ាល់ ផ្លូវ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក តំបន់លូប្រាំ ស្ទឹងមានជ័យ និងមួយផ្នែកទៀតនៃខណ្ឌពោធិ៍សែនជ័យ ដូច្នេះទាមទារឱ្យមានការ អភិវឌ្ឍឡើងវិញ ដើម្បីមានសមត្ថភាពរំដោះទឹកបានលឿន។

ឯកឧត្តមបានបញ្ជាក់ថា អាជ្ញាធរនឹងចាប់ផ្តើមអភិវឌ្ឍន៍ស្ថានីយបូមទឹកនេះចាប់ពីដើម រដូវប្រាំង នេះតទៅដើម្បីធ្វើយ៉ាងណាកុំមានការជន់លិចដោយជំនន់ទឹកភ្លៀង នៅឆ្នាំ២០២១ ខាងមុខតទៀត។ ឯកឧត្ដមបានបញ្ជាក់ថា ថ្ងៃនេះដែលយើងបានរៀប ចំប្រជុំជាមួយមន្ដ្រី ជំនាញ គឺដើម្បីធ្វើកិច្ចការងារបន្ថែមទៀតគឺ៖ ទី១.ត្រូវសិក្សាបន្ថែមពី ស្ថានីយបូម, ទី២.ត្រូវរៀប ចំបុកស៊ីផាយ ស្តារអាងស្តុកទឹកឡើងវិញ នេះជាចំណុចសំខាន់ធ្វើ យ៉ាងណាឱ្យទឹកទៅដល់ ហើយមានទឹកបូមនៅ ស្ថានីយមានសមត្ថភាពបូមទឹកនេះទាន់ ពេលវេលា ធ្វើយ៉ាងណា កុំឱ្យលិច។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមាន ប្រសាសន៍ថា ស្ថានភាពម៉ាស៊ីនបូមទឹកបឹងទំពុនបច្ចុប្បន្ន ដំណើរការបាន៦គ្រឿង ដែល៤ គ្រឿងជាម៉ាស៊ីនចាស់អាចបូមបាន១០ម៉ែត្រគុបក្នុងមួយវិនាទី និងម៉ាស៊ីនថ្មីចំនួន២គ្រឿង អាចបូមបានចំនួន៥ ម៉ែត្រគុបក្នុងមួយវិនាទី ដែលសរុបទាំងអស់១៥ម៉ែត្រគុបក្នុងមួយវិនាទី ដូចនេះមិនបំពេញសេចក្តីត្រូវការបានឡើយ។

លោកបានបន្តថា តាមការសិក្សាបានឱ្យដឹងថា ផ្ទៃរងទឹកភ្លៀងដែលហូរទៅស្ថានីយ បឹងទំពុនមានទំហំ ៣០៣២ ហិកតា ប្រសិនបើទឹកភ្លៀង៣០មីលីម៉ែត្រ ក្នុងមួយម៉ោង នោះចំនួនទឹកភ្លៀងនឹងកើនឡើង ជាង៩សែន ៩ពាន់ម៉ែត្រគុប ភ្លៀង៤០មីលីម៉ែត្រ ក្នុង មួយម៉ោង បរិមាណទឹកជាង១លាន២សែន និងប្រសិនបើភ្លៀងខ្លាំង៦០ មីលីម៉ែត្រក្នុងមួយ ម៉ោងនោះបរិមាណទឹកនឹងជាង១លាន៨សែនម៉ែត្រគុប ដូច្នេះបរិមាណនេះមិនទាន់ ឆ្លើយតបនឹងម៉ាស៊ីនបូមទឹកនោះទេ។

លោកបានបន្តថា ដើម្បីដោះបញ្ហាជំនន់ទឹកភ្លៀងនៅតំបន់ ស្ថានីយបូមទឹកបឹង ទំពុននេះ គឺត្រូវអនុវត្តន៍វិធានការចំនួន៦ចំណុច។ យើងមានវិធានការចំនួន៦ ដើម្បីដោះ ស្រាយបញ្ហាទឹកនេះគឺ ទី១. បង្កើនសមត្ថភាពបូមទឹក ពី១៥ ម៉ែត្រគុប ទៅ២៧ម៉ែត្រគុប, ទី. ជីកស្តារអាងស្តុកទឹកបឹងតូចទំហំ១២ហិកតាឱ្យបានជ្រៅ និងបុកស៊ីបផាយការពារ, ទី៣.ជីកស្តារភក់សំរាមឱ្យបានជាប្រចាំ, ទី៤. ជួសជុលស្ពាននៅអមសងខាងប្រឡាយ, ទី៥. បង្កើនសមត្ថភាពបូមទឹកនៅស្ថានីយឡូប្រាំពី៨ម៉ែត្រគុប ទៅ២០ម៉ែត្រគុប និងទី៦. ត្រូវបំពាក់ ម៉ាស៊ីនភ្លើងដែលមានកម្លំាង៣ពាន់កាវ៉េហា ដើម្បីការពារនៅពេលដាច់ចរន្តអគ្គិសនី។

សូមបញ្ជាក់ថា តាមផែនការអភិវឌ្ឍស្ថានី យបូមទឹកបឹងទំពុននេះគ្រោងប្រើប្រាស់ រយៈពេល៩ខែ ដោយចាប់ផ្តើមអនុវត្តន៍ចាប់ពីខែធ្នូ ឆ្នាំ២០២០នេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង