ប្រជាពលរដ្ឋរងផលប៉ះពាល់ពីទឹកជំនន់ ៣ ០០០គ្រួសារនៅស្រុកព្រះនេត្រព្រះ ទទួលពូជបន្លែ អង្ករ និងម្ហូបអាហារ


ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋរងផលប៉ះពាលដោយជំនន់ទឺកភ្លៀងចំនួន ៣ ០០០គ្រួសារ នៅឃុំនានា នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយពូជស្រូវ ពូជបន្លែ អង្ករ និងម្ហូបអាហារកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពិធីមួយនាឃុំភ្នំលៀប ក្រោមអធិបតីភាពលោកស្រី ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង ។


លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ ប្រជាពលរដ្ឋចំនួន ៣ ០០០គ្រួសារនេះ មកពី ៦ឃុំ ក្នុងចំណោម ៩ឃុំ​ ក្នុងស្រុកព្រះនេត្រព្រះ​ ដែលបានរងគ្រោះដោយសារជំនន់ទឹកភ្លៀងរយៈពេលកន្លងមក​ អំណោយរបស់លោកស្រី ញ៉ែម សាខន ស ខេង លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ ដែលត្រូវចែករួមមានគ្រាប់ពូជបន្លែ​ចំនួន ៦មុខ​ និងអង្ករ គ្រឿងឧបភោគបរិភោគមួយចំនួន។


ក្នុងឱកាសនោះ​ដែរ ថ្នាក់ដឹកនាំ​ និងកីឡាករ ក្លឹបវិសាខា​ ក៏បាន​ធ្វេីការប្រគល់ថវិកាចំនួន ១០០លានរៀល ដែលជារង្វាន់បានមកពីការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២០ (ថ្នាក់ជាតិ) ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ទិញជាគ្រាប់ពូជស្រូវ គ្រាប់ពូជបន្លែ និងគ្រឿងឧបភោគ-បរិភោគ បន្តចែកជូនប្រជាពលរដ្ឋដ៏ទៃទៀត ដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ។


លោកអភិបាលខេត្តបន្តថា ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង និងជំនន់ទឹកហូរមកពីព្រំដែនថៃ បណ្តាលឲ្យភូមិ ឃុំ សង្កាត់ នៃស្រុកក្រុងមួយចំនួនត្រូវជនលិច ហើយវាបានបង្កប៉ះពាល់ដល់ការរស់នៅ អាយុជីវិតមនុស្សសត្វ ខូចខាត និងប៉ះពាល់ដល់ដំណាំស្រូវ ដំណាំបន្លែរួមផ្សំ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ផលប៉ះពាល់រួមមាន លើ ៩ស្រុក ក្រុង ៦០/៦៥ ឃុំ សង្កាត់ ប៉ះពាល់លំនៅដ្ឋាន​៤៨ ៧២៩គ្រួសារ មនុស្សរាយចំនួន ១៩២ ២៤០នាក់ /ស្រី ៩៧ ៦០៨នាក់ លង់ទឹកស្លាប់ ២៨នាក់ និងបានជន្លៀសទៅទីទួលសុវត្ថិភាព ៥ ៥១៤គ្រួសារ មនុស្សរាយ ២០ ៦១៦នាក់ /ស្រី ១០ ៦០៨នាក់ ។
លិចស្រូវចំនួន ៧០ ៤៦៤ហិកតា ដំឡូងមី ១២ ៨៤៦ហិកតា ដំណាំរួមផ្សំ ៩២ហិកតា សាលារៀន ១១៩ សាលា/កន្លែង វត្ត៧២ សាលាឃុំចំនួន ៥ អណ្តូងស្នប់ ៥៤ មណ្ឌលសុខភាព ៩កន្លែង អណ្តូងស្នប់ ៥៤កន្លែង ផ្លូវថ្នល់ ១ ០២២កន្លែង ស្មើប្រវែង ៧៩៤គីឡូម៉ែត្រ ។


ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រដ្ឋសភា ក្រសួង ស្ថាប័នរដ្ឋ កាកបាទក្រហមកម្ពុជា ឥស្សរជន សប្បុរសជន អង្គការ សមាគម ក្រុមហ៊ុន បព្វជិត និងសាសនិក នៃពុទ្ធសាសនា អ៊ីស្លាមសាសនា គ្រឹស្ទសាសនា និងស្ថានទូតជប៉ុន សហរដ្ឋអាមេរិក ចិន បានផ្តល់អំណោយជាស្បៀងអាហារ ទឹក សម្ភារៈ ថ្នាំពេទ្យ ។ល។
ក្នុងនោះដែរ សម្រាប់ការស្តារដំណាំស្រូវឡើងវិញ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ស្រូវពូជដល់កសិករចំនួន ១១ ០០០គ្រួសាេ (១០០គីឡូក្រាមពូជស្រូវ/១គ្រួសារ ) ។


លោក ស សុខា តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំបណ្តាំផ្ញើសាកសួសុខទុក្ខរបស់សម្តេច លោកមកជូនបងប្អូនប្រជាពលរដ្ឋ ហើយផ្តល់កម្លាំងចិត្តឲ្យបងប្អូនខិតខំស្តារជីវភាពឡើងវិញ ។
ក្នុងនោះមានប្រមុខថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសូងស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច ដៃគូអភិវឌ្ឍន៍ចាំជួយផ្តល់វិភាគទានជួយជាបន្ត ៕

អត្ថបទដែលជាប់ទាក់ទង