ក្រសួងបរិស្ថាន អំពាវនាវដល់អ្នកមានអាវុធកែច្នៃ ឱ្យយកមកប្រគល់ជូនអាជ្ញាធរនឹងមានការលើកទឹកចិត្ត អង្ករ ១០០គីឡូក្រាម
ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង មានប្រសាសន៍ថា អ្នកមានអាវុធកែច្នៃសូម យកមកប្រគល់ជូនអាជ្ញាធរ នឹងទទួលបានការលើកទឹកចិត្តជាអង្ករ ១០០គីឡូក្រាម ចំពោះអាវុធច្នៃមួយដើម។
ក្នុងពិធីដុតកំទេចចោលនូវអាវុធកែច្នៃ ខ្សែអន្ទាក់ ឧបករណ៍ឆក់ត្រី និងអួន ជាឧបករណ៍នេសាទហាមឃាត់ នៅស្នាក់ការដែនឧទ្យានជាតិវរជ័យ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងថ្មីៗនេះ ឯកឧត្តមបានថ្លែងថា អាជ្ញាធរនៅតាមមូលដ្ឋានក្នុងខេត្ត ត្រូវទទួលយកបើមានបងប្អូនយកមកប្រគល់ និងចុះឈ្មោះឱ្យបានត្រឹមត្រូវ ដើម្បីយើងជួនរង្វាន់លើកទឹកចិត្តដល់គាត់ នូវអង្ករ ១០០គីឡូក្រាម ហើយនិតិវិធីនេះយើងអនុវត្តចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
លោក ណយ ខុង មេឃុំព្រែកមាស បានគាំទ្រចំពោះយន្តការនេះ ហើយក្នុងនាមអាជ្ញាធរលោកនឹងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋយើងបន្ថែមដើម្បីចូលរួមការការពារធនធានសម្បត្តិធម្មជាតិទាំងអស់គ្នា ជាពិសេស យើងបញ្ឈប់ការបរបាញ់សត្វព្រៃ និងសត្វស្លាប ដែលយើងកំពុងនាំគ្នាអភិរក្សនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងយើងនេះ។
សូមបញ្ចាក់ថា សកម្មភាពដុតបំផ្លាញ ឧបករណ៍ហាមឃាត់នេះរួមមានអាវុធកែច្នៃ ៩៧ដើម ខ្សែអន្ទាក់ ២ ៥០០ខ្សែ ក្បាលឆក់ ១០គ្រឿង មងដាក់សត្វ ១២៧ត្បូង មានប្រវែង ៦ ៣៥០ម៉ែត្រ ហើយឧបករណ៍ដែលត្រូវបំផ្លាញនេះគឺ បានមកពីមន្ត្រីជំនាញផ្នែកបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ ដកហូតបាននៅក្នុងភូមិសាស្ត្រ ស្រុកសៀមប៉ាង ពីជនខិលខូចក្នុងរយៈពេល ៥ឆ្នាំមកហើយ៕ អរគុណសន្តិភាព