ដឹងការពិតហើយ! ករណីពុលស្លាប់នៅចំការឪឡឹកនៅខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ ករណីអ្នកសង្ស័យពុលដោយសារថ្នាំបាញ់នៅចំការឪឡឹកនៅខេត្តកំពង់ឆ្នាំង អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមជម្រាបជូនថា តាមរបាយការណ៍ស្តីពីករណីសង្ស័យពុលទឹកដែលមានសារធាតុគីមីពុលនៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សរុបជនរងគ្រោះចំនួន ១៣នាក់ ស្រី ៨នាក់ និងប្រុស ៥នាក់ ដែលមានអាយុពី ៤ឆ្នាំ ដល់ ៥៣ឆ្នាំ ដោយមានស្លាប់ចំនួន ២នាក់ ស្រីទាំង ២នាក់ និងអ្នកសម្រាកនៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងចំនួន ១០នាក់ ក្នុងនោះមានបុរស ១នាក់ មានសភាពធ្ងន់។
តាមរបាយការណ៌ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍ដែរថា តាមការសាកសួរ អ្នកភូមិជីប្រ៉ងទាំងចាស់ និងក្មេងបានទៅច្រូតស្រូវនៅព្រៃអូរគគីរ ឃុំជៀប ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ពេលព្រឹកថ្ងៃទី២៤ ប្រហែលម៉ោង១១ថ្ងៃត្រង់ ពួកគាត់បានអស់ទឹកសម្រាប់បរិភោគ ក៏បានទៅដងទឹកអណ្តូងដែលគេជីកនៅតាមវាលស្រែយកទឹកសម្រាប់ប្រើប្រាស់ និងយកមកចែកគ្នាបរិភោគពេលបាយថ្ងៃត្រង់ (សូមបញ្ជាក់ថាពេលព្រឹកនោះ មានគេឃើញកសិករដាំឪឡឹកក្បែរនោះ បានយកធុងថ្នាំលាយ និងលាងធុងថ្នាំនៅទីនោះ មុន និងក្រោយបាញ់ថ្នាំឪឡឹកគាត់)។
ក្រោយពីពិសារទឹកនោះបន្តិចមក មានស្ត្រីម្នាក់ចេញសញ្ញាក្អួតចង្អោរ តែមិនមានអ្នកចាប់អារម្មណ៍ថាពុលថ្នាំ ស្មានថាខ្យល់ចាប់ និងជាបន្តបន្ទាប់មានអ្នកអស់កម្លាំង ឈឺក្បាល ទន់ដៃជើង ពិបាកដកដង្ហើម និងមានរហូតដល់ស្លាប់ ២នាក់ ហេីយអ្នកធ្ងន់ម្នាក់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងតាមដានជាបន្ត ១០នាក់ផ្សេងទៀតនៅថ្ងៃនោះភ្លាមៗ។ បច្ចប្បន្ន ស្ថាបភាពអ្នកពុលទាំង ១០នាក់ មានសភាពបានធូរស្រាលបានចេញត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួននៅថ្ងៃទី២៧ វិច្ឆិកានេះរួចហេីយ តែស្ត្រីម្នាក់អាយ៥៣ឆ្នាំ ក៏បានធូរស្បេីយពីការពុលនេះហេីយ តែត្រូវនៅបន្តព្យាបាលដោយសារគាត់មានជំងឺសួត ដែលក្រុមគ្រូពេទ្យបានពិនិត្យឃេីញ៕ អរគុណសន្តិភាព