រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ កាលពីព្រលឹមអុលទាក់ទិនការបង្ហោះរូបភាពអ្នកមានជំងឺកូវីដថា៖ «ឯណាទៅសីលធម៌សង្គមរបស់យើង?»
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះសារទាំងព្រលឹមអុល បន្ទាប់ពីបណ្តាញសង្គម ក៏ដូចជាអង្គភាពសារព័ត៌មានមួយចំនួនផងបានបង្ហោះព្រោងព្រាតនូវ រូបភាពអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងនោះរូបមានរូបភាពឯកឧត្តម ឆែម សាវុធ ជាប្រធានពន្ធនាគារនៃក្រសួងមហាផ្ទៃ និងភរិយាផងនោះ ដែលក្រសួងសុខាភិបាលបានបញ្ជាក់ថា ឆ្លងជំងឺកូវីដ។
អ្នកខ្លះបាននិយាយថា ការបង្ហោះរូបភាពនេះ គឺមិនអីទេ ដោយសារតែអ្នកជំងឺខ្លះជាមនុស្សសាធារណៈ។ កន្លងមកមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល រួមទាំងតំណាងរាស្ត្រ គឺឯកឧត្តម សួស យ៉ារ៉ា ត្រូវបានបណ្តាញសង្គមបង្ហោះរូបភាពព្រោងព្រាត។
ការលាក់អត្តសញ្ញាណអ្នកជំងឺ គឺជាសីលធម៌គប្បីមិនត្រូវបែងចែកឋានៈតួនាទីនោះទេ ដើម្បីរក្សាតម្លៃនិងការគោរពសិទ្ធិមនុស្ស ហើយជុំវិញការចែកចាយរូបភាពនិងបង្ហោះ«រូបភាពអ្នកជំងឺ»នេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ដាក់ជាសំណួរថា៖ «យើងថា រក្សាអនាមិកភាពនៃអ្នកកើតកូវីដ១៩ ដើម្បីចៀសវាងការរើសអើង តែពេលនេះនាំគ្នាបង្ហោះរូបអ្នកមានជំងឺព្រោងព្រាត។ ឯណាទៅសីលធម៌សង្គមរបស់យើង?»៕ អរគុណសន្តិភាព