Detail Top Banner

ពុលស្រាស អ្នកស្លាប់ កើនដល់ ៧នាក់ អ្នករងគ្រោះសរុបចំនួន ១៣១នាក់ សមត្ថកិច្ចឃាត់ខ្លួនអ្នក​បិតស្រា និង​អ្នកលក់​ចំនួន ៤នាក់

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ច​ចម្រុះ បាន​បិទ​កន្លែង​បិត​ស្រាស​អត់​ច្បាប់​ចំនួន​ ៣កន្លែង នៅក្នុង​ឃុំ​ខ្លុង​ពពក និង​ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ដោយ​ឃាត់ខ្លួន​អ្នក​បិតស្រា និង​លក់​ចំនួន ៤នាក់ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ ដើម្បីធ្វើការសាកសួរអំពីរបៀបបិតស្រានិង​ការ​លាយ​ស្រា​លក់ និង​ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ការពុល​ស្រា​នេះ​។
អ្នកសង្ស័យទាំងនោះ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងមន្ទីរពេទ្យកាល់ម៉ែត ដោយបច្ចុប្បន្នអ្នកជំងឺ មានការវិវត្តន៍មកស្ថានភាពល្អប្រសើរវិញហើយ។

​គិតត្រឹមម៉ោង៦.០០នាទីល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកសង្ស័យក្នុងករណីពុលស្រាស នៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានកើនឡើងរហូតដល់ ១៣១​នាក់​ (​ស្រី​ ៦នាក់) អ្នកស្លាប់ចំនួន​ ៧នាក់​ (នៅមនី្ទរពេទ្យ​ខេត្ត ២នាក់​ ស្លាប់ពេលបញ្ជូន​ទៅភ្នំពេញ ២នាក់​ ស្លាប់នៅផ្ទះ​ ២នាក់​ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត​ ១នាក់។ អ្នកចេញជាសះស្បើយ​ ចំនួន​ ៩០នាក់ កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំងបុរសចំនួន ៣១នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់ ។
មូលហេតុនៃការពុលនេះ ដោយអ្នកទាំងអស់នោះ បានមកចូលរួមកំដរបុណ្យសពក្នុងភូមិ ហើយជួបជុំគ្នាពិសាស្រា.ស រីឯការសន្និដ្ឋានរបស់ក្រុមការងារចុះស្រាវជ្រាវពិនិត្យ គឺជាករណីសង្ស័យពុលស្រាស។ ពេលទទួលបានព័ត៌មានករណីពុលស្រានេះ នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ៣រូប និងមានក្រុមឆ្លើយតបបន្ទាន់ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ចុះធ្វើដំណើទាំងយប់ទៅខេត្តកំពង់ឆ្នាំង ដើម្បីជួយការងារបច្ចេកទេស ដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រហូតដល់ស្ថានភាពគ្រប់គ្រងបានទាំងស្រុង។
ក្រសួងបានចាត់វិធានការណ៍ហាមការផឹកស្រាស និងបញ្ឈប់ការធ្វើចរាចរលក់ដូរស្រាសជាបន្ទាន់ និងបានសង្រ្គោះជនរងគ្រោះ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្កំពង់ឆ្នាំង បានទាន់ពេល លើកលែងអ្នកដែលមានសភាពធ្ងន់ធ្ងរពេក ដែលបានបាត់បង់ជីវិត គួរឲ្យសោកស្តាយជាទីបំផុត។
ជាមួយគ្នានេះ ក្រុមការងារក្រសួងសុខាភិបាល បានបន្តអប់រំសុខភាពប្រជាពលរដ្ឋជាបន្តទៀត ជាពិសេសមិនត្រូវពិសាស្រាស ដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ៕ ប្រភពមន្ទីរសុខាភិបាលខេត្ត

អត្ថបទដែលជាប់ទាក់ទង