នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលយើងរកឃើញករណីជំងឺកូវីដ១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ​ ឆ្លងក្នុង​សហគមន៍​ ២៨​ វិច្ឆិកា​ ចំនួន​ ១នាក់ និងនាំចូលថ្មី​ ១នាក់

រហូតដល់ម៉ោង​ ០៨:៣០​ព្រឹក​ ថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២០​ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលយើងរកឃើញករណីជំងឺកូវីដ១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ​ ឆ្លងក្នុង​សហគមន៍​ ២៨​ វិច្ឆិកា​ ចំនួន​ ១នាក់​ (សរុប​ ៣៩នាក់​ ក្នុងព្រឹត្តិការ​ ២៨​ វិច្ឆិកា)​ និង​រកឃើញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ១នាក់​ (ធ្វើដំណើរពីប្រទេសជប៉ុន​ រកឃើញវិជ្ជមាន​ក្រោយធ្វើតេស្តលើកទី២ នៃចត្តាឡីស័ក) និងជាសះស្បើយ​គ្មាន ។​ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន​ ៣៥៦នាក់​​​​ ​ចំនួនសំរាកពេទ្យ​កើន ៤៩នាក់​​ និង​ចំនួន​ជាសះស្បើយសរុបចំនួន ៣០៧នាក់​​​​​​​​ដដែល​ និងស្លាប់គ្មាន​ សូមបញ្ជាក់ថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយ​អនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេស​យើង​កំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយើងនិងពិភពលោក​កំពុងបន្តរាតត្បាត​ជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរ​ជជែកគ្នាគម្លាតពីគ្នា​ និងងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

គួរំលឹកថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ហើយបានធ្វើតេស្តចំនួន​ 246645 ស្មើនឹង​ 14681 ក្នុង១លាននាក់

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។ មាន​បងប្អូនមួយចំនួនបាន​ដាក់​ចម្ងល់​ថា ​ហេតុអ្វី​បាន​ជា​ក្រសួង​សុខាភិបាល ​មិន​បាន​បញ្ចេញ​មុខ​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩ ​ដូចសព្វមួយ​ដង សម្រាប់​លទ្ធផល​អ្នក​ឆ្លង ​២​នាក់​នៅ​ព្រឹកមិញ​នេះ​ ​ដើម្បី​បក​ស្រាយ​ចម្ងល់​មួយ​នេះ ​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ហេតុផល​ថា​៖ “យើង​ដាក់​រូបថត​តែ​ពេលដែលសកម្មក្នុងការរុករក។ តែ​ពេល​នេះ មិនមាន​តម្រូវការដាក់ទៀតទេ​ ដោយ​យើង​គោរពសិទ្ធិ​របស់បុគ្គល។ ដាក់​ត្រឹម​ឈ្មោះ​សិន នៅពេល​យើងគ្រប់គ្រងបានទាំងស្រុងហើយ យើង​ត្រូវ​ត្រឡប់​ទៅ​រកការ​មិន​បញ្ចេញឈ្មោះទៀត​ផងដែរ។ អរគុណនូវការយោគ​យល់លើ​បញ្ហានេះ ម្យ៉ាង​​យើង​ក៏​ត្រូវ​តែ​គិត​ពី​សេចក្តី​ថ្លៃថ្នូរ ​និង​សិទ្ធិ​របស់​បុគ្គល​ដែរ គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​មាន​ការ​ឆ្លង​នោះ​ឡើយ”។​

​សូមរំលឹក​ថា ​អ្នក​ឆ្លង​ ២​ករណី​នៅ​ព្រឹក​នេះ​ គឺ​ជា​អ្នក​មក​ពី​ក្រៅ​ប្រទេស​ម្នាក់ ​និង​ម្នាក់​ទៀត​ឈ្មោះ ខន ប្រសើរ ​អាយុ៣៧​ឆ្នាំ ​រស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទៅហាង Zando សាខា​បឹង​កេងកង ​នៅថ្ងៃទី២៧ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង