Detail Top Banner

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំភ្លឺព័ត៌មានស្ដីពី កសិករម្នាក់ថានឹងភ្ជួរចោលសាឡាត់ ៣០តោនជាពាក្យនិយាយលេង កសិករឈ្មោះ តៃ សុង គាត់ដាំតាមចិត្តចង់

ខេត្តកណ្តាល៖ សេចក្តីបំភ្លឺព័ត៌មានស្ដីពី កសិករនឹងភ្ជួរចោលសាឡាត់ ៣០តោន
– យោងតាមប្រពន្ធ័ផ្សព្វផ្សាយបណ្ដាញសង្គម គណនីហ្វេសបុកផេក របស់សារព័ត៌មាន VOD Khmer បង្ហោះនាថ្ងៃទី ១១ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ៣:៣៣ នាទីរសៀល ថា៖ ប្រជាកសិករមួយចំនួននៅស្រុកស្អាង ខេត្តកណ្តាល ត្អូញត្អែរថា បន្លែ របស់ពួក គាត់ប្រឈមនឹងការឈូសចោលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បើសិននៅតែពុំមាន ទីផ្សារសម្រាប់លក់ ស្របពេលដែលកម្ពុជាកំពុងជួបបញ្ហាជំងឺកូវីដ១៩ និងការនាំចូលបន្លែពីប្រទេសជិតខាងច្រើន ។
ផលិតផលកសិកម្ម បន្លែគ្មានទីផ្សារ ៖
– យោងតាមប្រពន្ធ័ផ្សព្វផ្សាយបណ្ដាញសង្គម គណនីហ្វេសបុកផេករបស់សារព័ត៌មាន i-111.com បង្ហោះនាថ្ងៃទី១១ធ្នូ ឆ្នាំ២០២០ សាឡាត់ ៣០តោន គ្រោងនឹងភ្ជួរចោល នៅ ៥ថ្ងៃទៀត ម្ចាស់ប្រកាស ឲ្យទៅកាត់យកហូប ឬយកទៅលក់ ដោយឥតគិតលុយ ព្រោះតែ …….
– យោងតាមម្ចាស់គណនីហ្វេសបុក របស់លោក Tay Song ថា៖ ដល់វគ្គភ្ជួរចោលទៀតហើយ ៣០តោនរត់មុខ បើអ្នកណា ត្រូវការចង់បានយកទៅលក់ រឺយកទៅហូប មកកាត់តាមចិត្ត ជូន៣០តោន បើមិនត្រូវការ ៥ថ្ងៃទៀតភ្ជួរចោលហើយ ។
ដោយទទួលបានព៌ត័មានខាងលើ ក្រុមការងារមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល សហការជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្អាង ប្រធានសហគមន៍កសិកម្មបន្លែបៃតងសុវត្ថិភាព ព្រែកអុងប៉ាង ឃុំទឹកវិល ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ និងអាជ្ញាធរពាក់ពន្ធ័ថ្នាក់ឃុំ បានចុះជួបពិភាក្សារកដំណោះស្រាយទីផ្សារ និងបានចុះជួបផ្ទាល់ ជាមួយកសិករ ឈ្មោះ តៃ សុង ជាម្ចាស់ចម្ការ ដែលបានបង្ហោះព័ត៌មានអំពីការលក់សាឡាត់មិនចេញ ដើម្បី សាកសួរព័ត៌មាន តែគាត់មិននៅផ្ទះ ដោយគាត់រវល់នាំម៉ូយផ្សារដើមគរ ដើរមើលបន្លែ នៅភូមិកូនជ្រៃ ឃុំព្រែកអំបិល បានជួបត្រឹម តែ ភរិយា របស់គាត់ប៉ុណ្ណោះ ។ តាមរយៈការពិភាក្សា និងអង្កេតជាក់ស្តែងតាម រយៈគណនីផេក បណ្ដាញសង្គម និងចុះផ្ទាល់ ដល់ ទីតាំង ទទួលបាននូវលទ្ធផលដូចខាងក្រោមនេះ៖
– ចម្ការសាឡាត់នេះមិនស្ថិតក្នុង ភូមិព្រែកអ៊ុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ដូចសារព័ត៌មានបានផ្សាយទេ គឺមានទីតាំងស្ថិត ក្នុងភូមិព្រែកជ្រូក ឃុំព្រែកគយ ស្រុកស្អាងវិញទេ ដោយលោក តៃ សុង ជាកសិករក្នុងភូមិព្រែកអ៊ុងប៉ាង ឃុំទឹកវិល ជា អ្នកជួល ដើម្បីដាំសាឡាត់ ។
– កសិកររូបនេះ មិនមែនជាកសិករសុទ្ធសាធនោះទេ គាត់គឺ កសិ-ពាណិជ្ជករ គាត់ជាអ្នកដាំបន្លែផង ជាអ្នកលក់ធាតុចូល កសិកម្មផង និងជាអ្នកទំនាក់ទំនងរកទីផ្សារសម្រាប់ការប្រមូលបោះដុំពីឃុំផ្សេងៗក្នុងស្រុកស្អាងផងដែរ ។ បច្ចុប្បន្នគាត់ មានដាំ ខ្ទឹមស្លឹក សាឡាត់ និងបន្លែ ផ្សេងៗ ទៀតដូចកសិករដទៃផងដែរ និងមានដៃគូ ទីផ្សារ បោះដុំ នៅផ្សារដើមគរ ចាំទទួល ផលិតផលរបស់គាត់ ដោយសារទំនាស់ផលប្រយោជន៍ ឬការមិនទុកចិត្តគ្នា ធ្វើឲ្យម៉ូយដុំ របស់គាត់ មិនបញ្ជា ទិញទេ គាត់លក់ឲ្យទៅម៉ូយផ្សេង (ស្ដង់បោះដុំកន្លែងផ្សេង)បានថោក ជាងម៉ូយរបស់គាត់ធ្វើឲ្យគាត់មិនសប្បាយចិត្ត ។ តែបន្លែ សាឡាត់ របស់គាត់ ក៏បាននឹងកំពុងកាត់លក់បណ្ដើរៗផងដែរ បានប្រមាណ៥០% នៃផលដំណាំ នឹងរងចាំតម្លៃបន្លែ ប្រចាំថ្ងៃ ពីម៉ូយដុំនៅផ្សារដើមគរថែមទៀត ដោយថ្ងៃទី១១ ខែធ្នូ គាត់យកបន្លែលក់នៅផ្សារដើមគរ បានតម្លៃ ៧០០៛ក្នុង១គីឡូក្រាម ដោយបង់ថ្លៃស្តង់អស់ ១០០៛ នៅសល់ ៦០០៛ ។
– ដំណាំសាឡាត់របស់កសិករ តៃ សុង គឺ ដាំក្រៅផ្ទះសំណាញ់ទេ មិនមែនដាំក្នុងផ្ទះសំណាញ់ឡើយ (វីដេអូក្នុង ផេកហ្វេស បុក VOD Khmer គ្រាន់ជារូបតំណាងដែលកាត់យករូបផ្ទះសំណាញ់របស់កសិករក្នុងឃុំស្វាយប្រទាលទេ) ។ ចំពោះការ អះអាងថា ជាបន្លែសុវត្ថិភាពនោះ ក៏មិនមានការបញ្ជាក់ច្បាស់លាស់ដែរ ព្រោះគាត់មិនដែលបានយកសំណាកទៅពិនិត្យបញ្ជាក់ នៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែសុវត្ថិភាព នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល ម្តងណាឡើយ ។ ម៉្យាងវិញទៀត កសិ-ពាណិជ្ជករ រូបនេះ ត្រូវបានការិយាល័យនីតិកម្មកសិកម្ម របស់មន្ទីរកសិកម្មខេត្ត កណ្ដាល ធ្វើការផាកពិន័យចំនួន ២លើក រួចមកហើយ ក្នុងបទល្មើសលក់ថ្នាំគីមីកសិកម្មខុសបច្ចេកទេស ។
– ចំពោះសម្ដីដែលជាការលើកឡើង តាមរយៈការសន្ទនាក្នុងទូរសព្ទ័ជាមួយផេកហ្វេស បុក VOD Khmer ថា “ប្រកាសរកបង ប្អូនណាចង់កាត់យកទៅលក់នៅខេត្តណាឲ្យមកកាត់យកទៅលក់បើទោះជាទុក ក៏ត្រូវភ្ជួរចោល ដើម្បីហាលដី និងផ្អាក ការដាំដុះមួយរយៈសិន” នោះគ្រាន់ជាពាក្យនិយាយទេ តាមពិត លោក អ៊ុក សុគន្ធ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្អាង បានចុះដល់ចម្ការពិនិត្យឃើញមានកម្មករកំពុងកាត់ប្រមូលផលឲ្យគាត់ជាម្ចាស់វិញទេ ។
– កសិករឈ្មោះ តៃ សុង មិនមែនជាកសិករស្ថិតក្នុងបណ្ដុំអាជីវកម្ម ឬក្នុងគម្រោងAIMS និងមិនមែនជា​សមាជិក សហគមន៍ កសិកម្មណាមួយឡើយ គាត់ដាំតាមចិត្តចង់របស់គាត់ដោយមិនមានផែនការ និងទីផ្សារច្បាស់លាស់ទេ ។ គាត់មើលតាមរយៈកសិករ ដែលមកទិញពូជបន្លែរបស់គាត់ ពូជសាឡាត់ មិនមានកសិកររូបណាទិញយកទៅដាំដុះទេ ហេតុដូចនេះ គាត់សន្និដ្ឋានថា មិនមានអ្នកដាំបន្លែសាឡាត់នេះទេ ទើបគាត់សម្រេចដាំឲ្យបានច្រើន ដោយមិនបានគិតគូរស្វែងរកទីផ្សារ ឲ្យបានច្បាស់លាស់។
– ចំពោះកសិករ ស្ថិតក្នុងបណ្ដុំអាជីវកម្ម សហគមន៍កសិកម្ម ឬចង្កោមផលិតកម្មដែលរៀបចំដោយ កម្មវិធី APIRE និង គម្រោងAIMS មានការលក់ដាច់ជាធម្មតា មិនមានបញ្ហាអ្វីទេ ។ រីឯទិន្នផលសាឡាត់របស់គាត់វិញគឺមិនមែន ៣០តោន ដូចដែលគាត់បានលើកឡើងនោះទេ តាមក្រុមការងារវាយតម្លៃ ប្រហែលប្រមាណ ២០តោនប៉ុណ្ណោះ ។ បច្ចុប្បន្នគាត់មានដីផ្ទាល់ខ្លួន និងដីជួលគេចំនួន ៣កន្លែង ដើម្បីដាំបន្លែសាឡាត់ ប៉ុន្តែជាក់ស្តែងចម្ការរបស់គាត់ចំនួន ២កន្លែង បានកាត់លក់អស់ហើយ និងកំពុងកាត់លក់បន្តក្នុងចម្ការទី៣ នៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ។
– ដោយឡែក កសិករឈ្មោះ ហ៊ា ទូច ដែលមានឈ្មោះក្នុងក្លីបវីដេអូ VOD Khmer នោះ ក្រុមការងារបានធ្វើការស្រាវជ្រាវ សាកសួរអាជ្ញាធរមូលដ្ឋាន តាមរយៈឈ្មោះ និងរូបថត តែមិនមានអ្នកណាស្គាល់ទេ ។
– ចំពោះមតិមួយចំនួនដែលបានបញ្ចេញក្នុងគណនីហ្វេសបុកផេក របស់សារព័ត៌មាន VOD Khmer ថា បន្លែនាំចូលពី ប្រទេសជិតខាង(វៀតណាម)ច្រើន ជាហេតុធ្វើឲ្យបន្លែក្នុងស្រុកធ្លាក់ថ្លៃនោះ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានសាកសួរព័ត៌មានអំពីការនាំបន្លែចូលពីប្រទេសវៀតណាមតាមច្រកជ្រៃធំ ពីប្រធានច្រកទ្វារប្រចាំការ បានបញ្ជាក់ឲ្យដឹងថា៖ បន្លែដែលនាំចូលក្នុងរដូវនេះមិនមានបន្លែប្រភេទស្លឹកច្រើនទេ ពិសេសគឺបន្លែសាឡាត់ មិនមានសោះតែម្តង ព្រោះនៅក្នុងប្រទេសយើងដាំបានច្រើនហើយ បន្លែដែលនាំចូលមានជាប្រភេទ បន្លែមើម និងផ្លែ មានដូចជា ការ៉ុត ខ្ទឹមបារាំង ស្ពៃក្តោប ត្រាវ ល្ពៅជាដើម និងមានការត្រួតពិនិត្យអំពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ផងដែរលើគុណភាព និងសុវត្ថិភាពចំណីអាហារ-បន្លែ ។
បញ្ហា និងដំណោះស្រាយ ៖
➢ វិបត្តិ COVID-19 ធ្វើឲ្យការបញ្ជារទិញថយចុះ
➢ បន្ទាប់ពីទឹកជំនន់បានស្រកចុះ កសិករភាគច្រើនបានឆក់យកឱកាសនេះក្នុងការផលិត ព្រោះគិតថាបន្លែកំពុងខ្វះ នឹងមានតម្លៃខ្ពស់លើទីផ្សារ (គ្រប់គ្នាគិតបែបនេះ) ដាំដូចគ្នាច្រើន ស្របពេលអាកាសធាតុអំណោយផល មិនមានកត្តាសត្វចង្រៃបំផ្លាញ អាកាសធាតុចុះត្រជាក់ ដីទើបលិចទឹកមានជីជាតិល្អ ធ្វើឲ្យទិន្នផលបានខ្ពស់គ្រប់គ្នាៗ (ផលិតផលលើស តម្រូវការទីផ្សារតម្លៃធ្លាក់ចុះ) ។
➢ កសិករមួយចំនួន នៅមិនទាន់មានការផ្លាស់ប្តូរទម្លាប់ពីការដាំបន្លែតាមប្រពៃណីមកជាការដាំតាមតម្រូវការទីផ្សារនៅឡើយ (ដាំគ្មានផែនការ)។
➢ ណែនាំ កសិករដែលជាអ្នកដាំបន្លែ ឲ្យចូលរួមក្នុងបណ្ដុំអាជីវកម្ម ឬចង្កោមអ្នកផលិត ឬសហគមន៍កសិកម្ម ឬគម្រោងAIMS ដើម្បីបានភ្ជាប់ផលិត ផលរបស់ពួកគាត់ទៅនឹងទីផ្សារ ទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេស ក្នុងការដាំដុះ ស្របតាម បច្ចេកទេសថ្មី ធនទៅនឹងការប្រែប្រួលអាកាសធាតុ ដែលអាចឲ្យពួកគាត់ផលិតបានពេញមួយឆ្នាំ និងបន្លែមានគុណភាព លក់បានថ្លៃ និងងាយស្រួលស្វែងរកទីផ្សារ
➢ បានណែនាំក្រុមការងារថ្នាក់មូលដ្ឋាន មានឃុំ សហគមន៍កសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ជួយតាមដាន និងសម្របសម្រួលគាត់(កសិករ តៃ សុង)ឲ្យបានចូលជាសមាជិក ក្នុងបណ្ដុំអាជីវកម្ម ឬចង្កោមអ្នកផលិត ឬសហគមន៍កសិកម្ម ឬគម្រោង AIMS ផងដែរ ។
ដំណោះស្រាយ និងការសន្និដ្ឋាន៖ ក្រុមការងារថ្នាក់ខេត្ត នឹងបន្តចុះតាមដាន ជាមួយសហគមន៍កសិកម្ម និងអាជ្ញាធរមូលដ្ឋានបន្ថែមទៀត លើករណីមិនប្រក្រតី ចំពោះ កសិករដែលអនុវត្តកសិកម្ម តួយ៉ាងដូចករណីកសិករ ឈ្មោះ តៃ សុង ជាឧទាហរណ៍ស្រាប់ ដោយជួយដោះស្រាយបញ្ហា តាមរយៈការណែនាំបច្ចេកទេសដាំដុះ និងផលិតឲ្យស្របតាមបច្ចេកទសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលអាចឲ្យពួក គាត់ផលិតបានពេញ១ឆ្នាំ រួមនឹងរបៀបរៀបចំផែនការដាំដុះ(Crop calendar) ឲ្យស្របតាមតម្រូវការ​ទីផ្សារ ទើបបានតម្លៃខ្ពស់ ។
មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ មន្ទីរពាណិជ្ជកម្ម សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងបន្ត ក្នុងការជួយដោះស្រាយបញ្ហា និងរកទីផ្សារ កសិកផលជូនកសិករ ទាំងក្នុងនិងក្រៅ(គម្រោង និងកម្មវិធី) របស់មន្ទីរទាំងពីរមាន ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង