Detail Top Banner

សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត១១ធ្នូ

ខេត្តសៀមរាប៖ សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ៖
១. ការងារក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ពិនិត្យលើស្ថានភាពទឹកភ្លៀង៖ កម្រិតកម្ពស់ទឹកបឹងទន្លេសាប នៅចំណុច កញ្ជមស សង្កាត់ចុងឃ្នៀស នាថ្ងៃទី១១ ខែធ្នូនេះ មានកម្ពស់ ៥,០៨ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញស្រកចុះ ០,០៨ម៉ែត្រ បើធៀបនឹងឆ្នំា២០១៩ ក្នុងរយៈពេលដូចគ្នាមានកម្ពស់ខ្ពស់ជាង ២,៥២ម៉ែត្រ។
២. តម្លៃកសិផល
– ស្រូវសែនក្រអូប(សើម) តម្លៃ ១ ១០០-១ ១៥០រៀល/១គីឡូក្រាម
– ស្រូវចំរុះ(សើម) តម្លៃ ៨៥០-៩៥០រៀល/១គីឡូក្រាម
– ដំឡូងមី (សើម) តម្លៃ ៣៥០រៀល/១គីឡូក្រាម
– ដំឡូងមី (ស្ងួត) តម្លៃ ៩០០រៀល/១គីឡូក្រាម
៣. ការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ២០២០ (បញ្ជប់) ធ្វើបានសរុបចំនួន ១៩០ ៧០៤ហិកតា ស្មើនឹង ១០២,២២% នៃផែនការ ១៨៦ ៥៦០ហិកតា
– ការងារប្រមូលផលសរុបចំនួន ១៥៦ ០៥៩ហិកតា ទិន្នផលប៉ាន់ស្មានជាមធ្យម ២,៧៥០តោន/១ហ.ត
ក្នុងនោះស្រូវស្រាល ៤១ ៦៣៤ហិកតា ស្មើនឹង ១០៣,៤៦% នៃផ្ទៃដីបានអនុវត្ត ទទួលបានទិន្នផលជាមធ្យម ២,៦៧៤ត/ហ.ត ស្រូវកណ្តាលចំនួន ១០៥ ៤៦០ហិកតា ស្មើនឹង ១០០% នៃផ្ទៃដីបានអនុវត្ត ទទួលបានទិន្នផលជាមធ្យម ២,៧៧៣ត/១ហ.ត ស្រូវចំការចំនួន ១ ៧០០ហិកតា ស្មើនឹង ១០០% នៃទិន្នផលជាមធ្យម ២,៦៩៥ត/១ហ.ត ស្រូវធ្ងន់ ៧ ២៦៥ហិកតា ស្មើនឹង ២០,៤៣% នៃទិន្នផលជាមធ្យម ២,៨៥៥ត/ហ.ត។
៤. ការងារបង្កបង្កើនផលដំណាំរដូវប្រាំងឆ្នាំ ២០២០-២០២១ ការភ្ជួររាស់ធ្វើបាន សរុបចំនួន ១៣ ៧៣០ហិកតា ក្នុងនោះដោយគ្រឿងយន្ត ១៣ ៧៣០ហិកតា ធ្វើបានសរុបចំនួន ១៣ ៣៩០ហិកតា ស្មើនឹង ៥៩,២៩% នៃផែនការ ២២ ៥៨៥ហិកតា ក្នុងនោះមានស្រូវប្រដេញទឹក ៧ ៦១០ហិកតា ប្រាំងរនាម ៥ ៧៨០ហិកតា ។
ចំពោះដំណាំសាវប្បកម្ម ធ្វើបានសរុប ៨៧១ហិកតា ក្នុងនោះពោត ២៤១ហិកតា ដំឡូងជ្វា ១៥ហិកតា បន្លែគ្រប់មុខ ៦២០ហិកតា ដំណាំឧស្សាហកម្មរយៈពេលខ្លី ធ្វើបានសរុប៥ ១២២ហិកតា ក្នុងនោះដំឡូងមី ៤ ១៤២ហិកតា សណ្តែកបាយ ៥០ហិកតា អំពៅ ៤៧ហិកតា ។
ការងារផលិកម្ម និងបសុព្យាបាល មន្ត្រីជំនាញ បានសហការណ៍ជាមួយ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកប្រាសាទបាគង បានចុះណែនាំផ្សព្វផ្សាយលិខិតលេខ២៩៣ មកខ ចុះថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២០ ស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ ពិឃាតសត្វសុនខ(ឆ្កែ) និងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើអាជីវកម្មពិឃាត ទិញ លក់ សាច់សុនខ (ឆ្កែ) នៅស្រុកប្រាសាទបាគង បានចំនួន ៤ទីតាំង ។
លោក សន សុផល មន្ត្រីផ្នែកផលិតកម្ម និងបសុព្យាបាល នៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសូទ្រនិគម សហការណ៍ជាមួយភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់ថ្នាំការពារជំងឺសារទឹក នៅចាក់វ៉ាក់សាំងគោក្របី នៅឃុំចាន់ស ភូមិបែកកាំភ្លើង បានចំនួន ១៥០ក្បាល ភូមិគោកចិន បានចំនួន ១២០ក្បាល ភូមិកន្សែងលើ បានចំនួន ៥៥ក្បាល ភូមិកន្សែងក្រោម បានចំនួន ៥០ក្បាល សរុបបានចំនួន ៣៧៥ក្បាល។
ការងារខណ្ឌរដ្ឋបាលព្រៃឈើ ក្រុមការងារបង្រ្កាបបទល្មើសព្រៃឈើនិងសត្វព្រៃ បានសហការណ៍ជា មួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប និងអធិការដ្ធាននគរបាលស្រុកប្រាសាទបាគង បានឃាត់ចាប់រថយន្តមួយគ្រឿងស្ថិតនៅត្រង់ចំនុចភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រថយន្តម៉ាករីវ៉ូ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2 AD-1205 មួយគ្រឿង ដឹកជញ្ជូនឈើអារ ប្រភេទលេខ១ (ផ្ចឹក) ចំនួន ៧៣ដុំ ស្មើ ២,៩២០ម៉ែត្រត្រីគុណ ដោយគ្មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ។ វត្ថុតាងនៃបទល្មើសត្រូវបានយកមកថែរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីរៀបចំចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីព្រៃឈើ ។ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ បានចូលរួមប្រជុំស្តីពីការត្រួតពិនិត្យផែនទីពង្រាងដីប៉ះពាល់ដែនគម្របព្រៃឈើឆ្នាំ២០០២ និងតំបន់ការពារធម្មជាតិនានាក្នុងស្រុកស្វាយលើ ក្រោមអធិបតីភាពលោកអភិបាលនៃគណៈអភិបាលស្រុកដែលមានអ្នកចូលរួមសរុបចំនួន ១៧នាក់ ស្រី្ត១នាក់។ សង្កាត់រដ្ឋបាលព្រៃឈើក្រឡាញ់ រួមសហការជាមួយរដ្ឋបាលស្រុកស្រីស្នំ និងគណៈកម្មការសហគមន៍ព្រៃឈើល្បើកព្រៃ បានចុះល្បាតជុំវិញព្រៃសហគមន៍ ឃើញមានប្រជាពលរដ្ឋលួចចូលកាប់ព្រៃជាប់ព្រំ​សហគមន៍ប្រហែលជាកន្លះហិកតា បច្ចុប្បន្នក្រុមការងារកំពុងស្រាវជ្រាវរកមុខជនប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ស្ថីពីព្រៃឈើ។
ការងារខណ្ឌរដ្ឋបាលជលផល ផ្នែក និងសង្កាត់ នៃខណ្ឌរដ្ឋបាលជលផលសៀមរាប ផ្លាស់ប្តូរវេនចូលយាមល្បាត ដែនអភិរក្សត្រីមេពូជ និងបានចេញល្បាតដែនអភិរក្ស ប៉ុន្តែពុំមានជួបប្រទះបទល្មើសអ្វីនោះទេ ។
៥.ការងារផ្សេងៗ លោក រ៉ឹត បូរ៉ា ជាភ្នាក់ងារផ្សព្វផ្សាយឃុំបល្ល័ង្គ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទ្រាំទៅនឹងបម្រែបម្រួលអាកាសធាតុ ASPIRE បានចុះពិនិត្យម៉ាស៊ីនសូឡា និងការដាំដុះបន្លែរបស់កសិករឈ្មោះ មុំ មុត ដែលទទួលបានផ្ទះសំណាញ់ចំនួន ១ខ្នង ពីកម្មវិធី ASPIRE នៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង។ លោក ម៉ៅ សិទ្ធិ ជាភ្នាក់ងារផ្សព្វផ្សាយឃុំតាសោម នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទ្រាំទៅនឹងបម្រែបម្រួលអាកាសធាតុ ASPIRE បានចុះពិនិត្យតាមដានការដាំដំណាំរបស់កសិករឈ្មោះ អ៊ិត លឿ នៅក្នុងភូមិតាសោម ដោយគាត់ទើបតែចាប់ផ្ដើមដាំមានស្ពៃក្រញាញ់ ត្រកួន ស្ពៃចង្កឹះ និងស្លឹកគ្រៃ និងកញ្ញា សុទ្ធ គិមហួយ ជាភ្នាក់ងារផ្សព្វផ្សាយឃុំលាងដៃ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទ្រាំទៅនឹងបម្រែបម្រួលអាកាសធាតុ ASPIRE បានចុះទៅពិនិត្យមើលសកម្មភាពរបស់កសិករដំាបន្លែកសិករឈ្មោះ ជឿន ចោម នៅភូមិភ្លង់ ឃុំលាងដៃ ដែលមានដាំបន្លែសណ្តែកគួរ នឹងល្ពៅ មានការលូតលាស់ទទួលបានផលល្អ។ លោក ឈឿម សុចន្តារ ជាភ្នាក់ងារផ្សព្វផ្សាយឃុំខ្នារសណ្តាយ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទ្រាំទៅនឹងបម្រែបម្រួលអាកាសធាតុ ASPIRE រួមជាមួយ និងលោកគ្រូពេទ្យសត្វប្រចាំស្រុកបន្ទាយស្រី បានចុះពិនិត្យគោ ដែលបានកើតនៅជំងឺអុតក្តាម ស្ថិតនៅភូមិអូរម្នាស់ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី បានប្រាប់ដល់ប្រជាកសិករ ឲ្យចេះការការពារ និងទប់ស្កាត់ពីជំងឺអុតក្តាម និងបានផ្តល់ថ្នាំដល់កសិករ ១លីត្រ និងថ្នាំសម្លាប់មេរោគមួយដប ដើម្បីទុកលាបសត្វ និងបាញ់ជុំវិញទ្រង់គោរបស់គាត់៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង