គណៈបញ្ជាការឯកភាពសង្កាត់ឫស្សីកែវ បានរៀបចំពិធីសំណេះសំណាល ជាមួយមន្ត្រីសាលាសង្កាត់ មន្ត្រីនគរបាលប៉ុស្តិ៍ និងបងប្អូនប្រជាការពារសង្កាត់
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅបរិវេណខាងមុខសាលាសង្កាត់ឫស្សីកែវ គណៈបញ្ជាការឯកភាពសង្កាត់ឫស្សីកែវ បានរៀបចំពិធីសំណេះសំណាល ជាមួយមន្ត្រីសាលាសង្កាត់ មន្ត្រីនគរបាលប៉ុស្តិ៍ និងបងប្អូនប្រជាការពារសង្កាត់ សរុបចំនួន ៦១នាក់ ក្រោមអធិបតីភាព លោក មូល វីរៈ ប្រធានគណៈបញ្ជាការឯកភាព និងជាចៅសង្កាត់ឫស្សីកែវ និងលោកវរៈសេនីយត្រី តូច គឹមសុង នាយប៉ុស្តិ៍រដ្ឋបាលឫស្សីកែវ ។
មានមតិសំណេះសំណាលក្នុងឱកាសនេះដែរ លោកទាំងពីរ បានណែនាំឲ្យកងកម្លាំងទាំងអស់ ត្រូវចេះធ្វើការសហការគ្នា និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ជាពិសេសធ្វើការងារបម្រើប្រជាពលរដ្ឋឲ្យបានល្អលឿន រហ័ស និងមានតម្លាភាព ពង្រឹងការអនុវត្តន៍គោលនយោបាយ “ភូមិ-សង្កាត់ មានសុវត្ថិភាព” ។ នៅក្នុងបរិកាលនៃសម័យកូវីដ១៩នេះផងដែរ លោកទាំងពីរក៏បានណែនាំឲ្យមន្ត្រីសង្កាត់-ប៉ុស្តិ៍ និងកម្លាំងប្រជាការពារ បន្តចុះធ្វើការផ្សព្វផ្សាយណែនាំអំពីវិធានការនានា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់ការរីករាលដាល ដោយជំងឺកូវីដ១៩ ក្នុងមូលដ្ឋានសង្កាត់ ជាពិសេសដើម្បីបញ្ចប់ព្រឹត្តិការណ៏សហគម ២៨ វិច្ឆិកា ។
ជាចុងបញ្ចប់ លោកទាំងពីរ ក៏បានឧបត្ថម្ភលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន មីម៉ាម៉ា ចំនួន ២កេសតូច និងថវិកាចំនួន ៣ម៉ឺនរៀលផងដែរ (សរុបរួម: មីម៉ាម៉ាចំនួន ១២២កេសតូច, ថវិកាចំនួន ១ ៨៣០ ០០០រៀល)។
សូមបញ្ជាក់ថា: ការរៀបចំពិធីព្រឹកនេះធ្វើឡើងចែកចេញជា ៣វគ្គគឺ ១.ប្រជាការពារ ២.មន្ត្រីសង្កាត់ ៣.មន្ត្រីនគរបាលប៉ុស្តិ៍ ដោយអនុវត្តន៍តាមវិធានការ បាញ់កំដៅ ពាក់ម៉ាស បាញ់អាល់កុល និងរក្សាគម្លាតសង្គម៕ ប្រភពរដ្ឋបាលសង្កាត់